សេដ្ឋកិច្ច
ការបញ្ជាទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ មាននិន្នាការកើនឡើងនៅឆ្នាំ ២០២៥
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជានៅក្នុងឆ្នាំ ២០២៤ មានកំណើន ដោយសារតែប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន កំពុងប្រឈមបញ្ហាអសន្តិសុខ ដូចជាមីយ៉ាន់ម៉ា ស្រីលង្កា បង់ក្លាដេស ដែលកំពុងតែប្រឈម ក្នុងវិបត្តិសេដ្ឋកិច្ច។

លោក ហ្វា សាលី អះអាងថា វិស័យកាត់ដេរ វាយនភណ្ឌនៅកម្ពុជា កាន់តែល្អប្រសើរដោយសារតែមានការបញ្ជាទិញកាន់តែច្រើន នៅក្នុងឆ្នាំ ២០២៥ ខណៈស្ថានភាពការងារក្នុងវិស័យនេះកាន់តែមានភាពល្អប្រសើរនៅកម្ពុជា។
លោក ហ្វា សាលីយល់ឃើញថា៖ «មិនថាឆ្នាំនេះ ឬឆ្នាំខាងមុខ គឺយើងមានភាពល្អប្រសើរ មកដល់ពេលនេះ គឺមានការបញ្ជាទិញកាន់តែច្រើនពីក្រៅប្រទេស ហើយការបញ្ជាទិញនេះ គឺគោលដៅក្នុងឆ្នាំ ២០២៥ តែម្ដង ហើយបងប្អូនកម្មករមានការងារធ្វើច្រើន ទាំងរោងចក្រសិប្បកម្ម ឬរោងចក្រខ្នាតធំ មានការជ្រើសរើសកម្មកម្មចូលបម្រើការងារច្រើន»។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់កម្ពុជាថ្មីថា ទំនាក់ទំនងល្អរវាងកម្ពុជា និងអន្តរជាតិ, ទំនាក់ទំនងល្អរវាងនិយោជក និងអ្នកទទួលទិញ នៅអន្តរជាតិ និងគុណភាពទំនិញរបស់កម្ពុជា ធ្វើឱ្យការនាំចេញមានកំណើន។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា អាចបំពេញតាមលក្ខខណ្ឌរបស់រដ្ឋាភិបាលដែលមានតម្រូវការ ហើយការបញ្ជាទិញពីកម្ពុជា ផ្ដោតលើទំនិញកាត់ដេរ សម្លៀកបំពាក់ និងសម្ភារធ្វើដំណើរ ដែលមានស្បែកជើងជាដើម សុទ្ធតែជាទំនិញអាទិភាព ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា ដែលនាំទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ការទទួលទិញទំនិញវាយនភណ្ឌ សម្លៀកបំពាក់ដ៏ច្រើន គឺដោយសារ រដ្ឋាភិបាលកម្ពុជាបានសហការជិតស្និទ្ធជាមួយសហគ្រាសផលិតដែលបានអនុវត្តទៅតាមគោលការណ៍របស់អ្នកបញ្ជាទិញដែរ ដូចជាលក្ខខណ្ឌសុខមាលភាព ប្រាក់ខែគោលជាដើម ដែលធ្វើឱ្យការបញ្ជាទិញកើនដែរ»។
យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅទីផ្សារអន្តរជាតិដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេចបាននូវទំហំទឹកប្រាក់ជាង ១២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ បានកើនឡើងពី ២១-២៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៨,៩៤ ពាន់លានដុល្លារ កើនឡើង ២៥,៨៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៧៨ ពាន់លានដុល្លារ កើន ២១,៥ ភាគរយ និងស្បែកជើង ១,៥០ ពាន់លានដុល្លារ កើន ២៤,៣០ ភាគរយ។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗរួមមាន សម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ ស្បែកជើង គ្រឿងអេឡិកត្រូនិក បន្ទះសូឡា សំបកកង់រថយន្ត និងផលិតផលកសិកម្មមួយចំនួនទៀត។
នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៤ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ៥០,៤៥ ពាន់លានដុល្លារ កើនឡើង ១៥,៩៥ ភាគរយ ក្នុងនោះការនាំចេញសម្រេចបានទឹកប្រាក់ចំនួន ២៤,៣៤ ពាន់លានដុល្លារ កើន ១៤,៣៦ ភាគរយ និងការនាំចូលមានទំហំទឹកប្រាក់ ២៦,១០ ពាន់លានដុល្លារ កើន ១៧,៤៨ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


