ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី និងឥណ្ឌា សម្លឹងការប្រើប្រាស់រូបិយប័ណ្ណជាតិ សម្រាប់ពាណិជ្ជកម្មទ្វេភាគី
ប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌា កំពុងសម្លឹងមើលការប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ខ្លួនរួមមានប្រាក់រូពៀ និងរូពី សម្រាប់ពាណិជ្ជកម្មឆ្លងដែនទ្វេភាគី ដោយមិនចាំបាច់ពឹងផ្អែកលើប្រាក់ដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃចន្ទ។

កាលពីឆ្នាំមុន ធនាគារឥណ្ឌូណេស៊ី និងធនាគារបម្រុងនៃប្រទេសឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការទូទាត់ដោយប្រើរូបិយប័ណ្ណក្នុងស្រុក។ កិច្ចព្រមព្រៀងនេះ អាចឱ្យអ្នកនាំចេញ និងអ្នកនាំចូល បង់ប្រាក់ជាប្រាក់រូពៀឥណ្ឌូណេស៊ី ឬប្រាក់រូពីឥណ្ឌា។ ប៉ុន្តែមិនទាន់បានអនុវត្តនៅឡើយទេ។
ការពិភាក្សាជុំវិញបញ្ហាចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងញូវដេលីកាលពីចុងសប្ដាហ៍ ដោយជួបជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។
សេចក្ដីថ្លែងការណ៍ក្រោយជំនួបរវាងមេដឹកនាំទាំង២ បានបង្ហាញពី ការប្រើប្រាស់រូបិយប័ណ្ណជាតិសម្រាប់ពាណិជ្ជកម្មទ្វេភាគីយ៉ាងដូច្នេះថា៖ «[មេដឹកនាំទាំង២] បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនការអនុវត្ត។ ពួកគេបានបង្ហាញទំនុកចិត្តថា ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ប្រតិបត្តិការទ្វេភាគី នឹងជំរុញពាណិជ្ជកម្មរវាងឥណ្ឌូណេស៊ី និងឥណ្ឌាបន្ថែមទៀត និងធ្វើឱ្យសមាហរណកម្មហិរញ្ញវត្ថុកាន់តែស៊ីជម្រៅរវាងសេដ្ឋកិច្ចទាំង២»។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ជំនួបរវាងលោក ប្រាបូវូ និងលោក ម៉ូឌី ធ្វើឡើងក្រោយឥណ្ឌូណេស៊ីក្លាយជាសមាជិកនៃប្លុកសេដ្ឋកិច្ច BRICS ដែលព្យាយាមធ្វើបដិដុល្លារូបនីយកម្ម។ ប្លុកនេះរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ខណៈសមាជិកផ្សេងទៀតមានដូចជាអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមជាដើម។
លើបញ្ហានៃការធ្វើបដិដុល្លារូបនីយកម្មជាមួយប្លុក BRICS គេឃើញមានការព្រួយបារម្ភមួយចំនួនសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មអាមេរិក និងឥណ្ឌូណេស៊ី ខណៈប្រធានាធិបតី លោក ដូណាល់ ត្រាំ នាពេលកន្លងមក បានសន្យាដាក់ពន្ធ ១០០ ភាគរយ លើទំនិញនាំចូលពីប្រទេសដែលព្យាយាមងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារ។
យ៉ាងណាមិញ បច្ចុប្បន្ននេះ ឥណ្ឌូណេស៊ីមានប្រតិបត្តិការទ្វេភាគីសម្រាប់ការទូទាត់រូបិយប័ណ្ណជាតិ ជាមួយប្រទេសចិន ជប៉ុន ម៉ាឡេស៊ី និងថៃ រួចហើយ។ កាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី លោក Sergei Tolchenov បានបង្ហើបថា សមាជិកស្ថាបនិក BRICS នៅទីក្រុងមូស្គូ បាន និងកំពុងពិភាក្សាគ្នា ដើម្បីធ្វើកិច្ចព្រមព្រៀងប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជាមួយទីក្រុងហ្សាកាតាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


