Connect with us

ព័ត៌មានជាតិ

វិស័យឯកជនកម្ពុជា-ហ្វីលីពីនប្តេជ្ញាជំរុញពាណិជ្ជ​កម្ម​ទ្វេរភាគីឱ្យ​កើនដល់៨០០លានដុល្លារ

បានផុស

នៅ

សភាពាណិជ្ជកម្ម​កម្ពុជា​(CCC) និងសភាពាណិជ្ជកម្ម​និងឧស្សាហកម្មហ្វីលីពីន បានចុះអនុស្សរណៈយោគយល់គ្នា(MoU) ដើម្បីពង្រឹងទំនាក់ទំនងនៃវិស័យឯកជ ជាពិសេសដើម្បីជំរុញការដោះដូរទំនិញ និងវិនិយោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

MoU ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែកម្ភៈ​ នៅក្នុង វេទិកាធុរកិច្ច​ហ្វីលីពីន-កម្ពុជា ដែល​ប្រព្រឹត្តទៅនៅសណ្ឋាគារ Makati Shangri-La ទីក្រុងម៉ានីល ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ទៅ​កាន់​សាធារណរដ្ឋ​ហ្វីលីពីន ដែលបានដឹកនាំ​គណៈប្រតិភូធុរកិច្ច​ រួមទាំងថ្នាក់ដឹកនាំធុរកិច្ច​ និងឧស្សាហកម្ម ប្រទេសទាំងពី​រ សរុប​ ២៤០ នាក់​។

​អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន និងលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែខ្លាំងក្លារវាងប្រទេសទាំងពីរ។   

លោកស្រី Enunina V. Mangio ប្រធានសភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ហ្វីលីពីន បានថ្លែងថា ការផ្លាស់ប្តូរសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងគន្លងកំណើនដ៏រឹងមាំរបស់ហ្វីលីពីន បង្កើតនូវភាពស៊ីសង្វាក់គ្នា និងបង្កើត​សក្តានុពលដ៏ធំសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។   

លោកស្រីបានថ្លែងថា៖«តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ តំណាងវិស័យឯកជនទាំងពីរនឹងអាចធ្វើការផ្លាស់ប្តូរនូវព័ត៌មានអំពីសក្តានុពលនៃការធ្វើធុរកិច្ច និងវិនិយោគ សំដៅធ្វើយ៉ាងណាផ្តល់ជាផលប្រយោជន៍ដល់ធុរជននិងវិនិយោគិនរវាងប្រទេសទាំងពីរ»។

នៅ​ក្នុង​សុន្ទរកថា​គន្លឹះ​បើក​វេទិកាធុរកិច្ច​នេះ សម្តេច​ធិបតី​នាយក​រដ្ឋ​មន្ត្រី​ បានសង្កត់ធ្ងន់លើទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងកម្ពុជា និងហ្វីលីពីន និង​បង្ហាញ​ពីសុទិដ្ឋនិយម​ថា​វេទិកានេះ​ ពិត​ជា​រួម​ចំណែក​ដល់​ការ​ជំរុញ​សក្តានុពល​ពេញ​នៃ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ។  សម្តេច​ធិបតីនាយក​រដ្ឋមន្ត្រី​  បាន​គូស​បញ្ជាក់ថា​កម្ពុជា​មាន​កិច្ច​ព្រមព្រៀង​សេរីទូលំទូលាយ​ ដែល​ជួយ​បង្កើនភាព​ប្រកួត​ប្រជែងសាកល​និង​កំណើន​សេដ្ឋកិច្ច​។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមាន​ប្រសាសន៍​គូស​បញ្ជាក់អំពីដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេច​ធិបតី​​ មកកាន់ប្រទេសហ្វីលីពីន និង​ជួប​ពិភាក្សា​ជាមួយ​ លោក​ប្រធានាធិបតី Ferdinand Marcos ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ ជានិមិត្តរូបនៃការ ប្តេជ្ញាចិត្ត ក្នុងការពង្រឹងចំណងមិត្តភាពនិងលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិននៅក្នុងប្រទេសទាំងពីរ។   

​អ្នកឧកញ៉ាបានថ្លែងថា៖« ខ្ញុំបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់យើងជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង និងទាញយកនូវវិស័យសក្តានុពល​នានានៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង​។ ការប្តេជ្ញាចិត្តនេះត្រូវបានពង្រឹងបន្ថែមទៀតដោយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាថ្មីរវាងសភារបស់យើងនៅថ្ងៃនេះ ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នរបស់យើង និងលើកកម្ពស់ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រជាជាតិរបស់យើង»។

បើយោងតាមអ្នកឧកញ៉ា គិត ម៉េង បច្ចុប្បន្ន​ពាណិជ្ជកម្ម​ទ្វេភាគីរវាងប្រទេសទាំងពីរ​មាន​ប្រមាណ ១១០ លាន​ដុល្លារ​អាមេរិក។ «យើងទាំងអស់គ្នាដឹងថាកម្រិតនេះគឺទាបជាងសក្តានុពលដែលមាន។ ​ ខ្ញុំអាចនិយាយបានថា ប្រទេសរបស់យើងទាំងពីរអាចជំរុញពាណិជ្ជកម្មទ្វេភាគីរបស់យើងឱ្យ​បានលើសពី ៨០០ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំទៅមុខទៀត។ ហើយវេទិកាថ្ងៃនេះ គឺជាជំហានដំបូងនៃការចាប់ផ្តើមរបស់យើង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម