Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យ៖ កម្ពុជាមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៥ ម៉ឺនតោន

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន ក្នុងមួយឆ្នាំនោះទេ។ នៅឆ្នាំ២០២៤ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន និងបាននាំចេញគ្រាប់​ស្វាយចន្ទីកែច្នៃរួចជាង ៣ ម៉ឺនតោន។

លោក ឃឹម ហ្វីណង់ បានលើកឡើង ដើម្បីកែតម្រូវ ព័ត៌មានចេញផ្សាយ​ដោយសារព័ត៌មានក្នុងស្រុកមួយដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន ស៊ីឡុតកាលពីពេលថ្មីៗកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ ម៉ឺនតោនទៀត ដែលនៅ​មិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយ បារម្ភពីការមិន​អាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោនក្នុងមួយឆ្នាំ ដូចដែលលោក អួន ស៊ីឡុត ប្រធាន​សមាគមស្វាយចន្ទីបានលើកឡើងឡើយ។

លោក ឃឹម ហ្វីណង់៖ «បានបញ្ជាក់ថា សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាច​នឹងត្រូវបាន​ពង្រីកបានគ្រប់ពេល ប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០% ដូចដែលបានអះអាងពិតមែន។ ព័ត៌មានបែបនេះគួរតែត្រូវបានចែករំលែកដល់អ្នកកែច្នៃទូទៅឱ្យបានទូលំទូលាយ មិនមែន​លាក់បាំងមិនផ្សព្វផ្សាយ ហើយបែរជាលើកឡើងពីការខ្វះខាតការផ្គត់ផ្គង់ទៅវិញ»។

បើតាមលោក ឃឹម ហ្វីណង់ មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា ទិន្នផលគ្រាប់ស្វាយ​ចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។ ផ្ទុយទៅវិញ ការវាយតម្លៃបឋម​បង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥ អាចនឹងស្ថិតនៅកម្រិតដដែល ឬមាន​ការកើន​ឡើង​បើធៀបនឹងឆ្នាំ២០២៤។

បរិមាណនាំចេញជាក់ស្តែងទៅកាន់ទីផ្សារថ្មីនេះនៅមានកម្រិតតិចតួចបំផុត។ ទិន្នន័យផ្លូវការពីក្រសួងកសិកម្មបង្ហាញថា បរិមាណនាំចេញពិតប្រាកដរបស់ក្រុមហ៊ុននេះមានត្រឹមតែ ២២៦៨គីឡូក្រាម ឬជាង ២តោនប៉ុណ្ណោះ មិនមែន ២០០០តោន ដូចដែលបានផ្សព្វផ្សាយនោះទេ។

មន្ត្រីនាំពាក្យអះអាងថា ការប្រជែងគ្នាទិញគ្រាប់ស្វាយចន្ទីកម្ពុជាពីឈ្មួញ​អន្តរជាតិមិនបណ្តាល​ឱ្យទិន្នផលនៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះឡើយ។ ការលើកឡើងបែបនេះគឺជាកំហុសទាំងស្រុង និងស្តែង​ឱ្យឃើញពីការខ្វះខាតការយល់ដឹងឱ្យ​បានស៊ីជម្រៅពីកត្តាបច្ចេក​ទេស និង​ទីផ្សារនៃ​ដំណាំស្វាយចន្ទី។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ ថា កម្ពុជាមានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន ៥២ សហគ្រាស ដែលមានតូចៗច្រើន។

សហគ្រាសមធ្យមមានចំនួន ៦ ខណៈសមត្ថភាពទិញ ដែលអាច​ផលិត​បានគ្រាប់ឆៅ ៥ ម៉ឺនតោន ប៉ុន្តែសមត្ថភាពថវិកាដែលមានពោលគឺកាលពីឆ្នាំ ២០២៤ កែច្នៃ​បានតែ ២ ម៉ឺនតោន ស្មើរនឹង ៥ ពាន់តោនគ្រាប់កែច្នៃរួច។

លោក អួន ស៊ីឡុត បញ្ជាក់ថា៖ «ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុន Mirath ភាគច្រើនគាត់អត់ទទួល​ទីផ្សារបញ្ជាទិញទេ ព្រោះគាត់មានទីផ្សារស្រាប់ អញ្ចឹងមានតែក្រុមហ៊ុនតូចៗទេ ដែលគាត់​អាចលក់​រ៉ាយបាន អញ្ចឹងពេលដែលបរទេសមកបញ្ជាទិញ យើងពិបាក មកដល់ពេល​ឥឡូវ​នេះដោយសារស្វាយចន្ទីឡើងថ្លៃផង ហើយថ្លៃដើមផលិតរបស់យើងខ្ពស់ អញ្ចឹង​សហគ្រាសកែច្នៃក្នុងស្រុក គាត់អត់ហានទិញលើសពី ៥ ៣០០ ទេ​ហើយចន្ទីយើងឡើងដល់ ៥ ៧០០ រៀល ដល់ពេលអញ្ចឹងគាត់អត់ហានទិញ អញ្ចឹងក្រុមហ៊ុនគាត់មកគាត់​ចង់បានដល់​ពេល​ចឹងយើងអត់មានលទ្ធភាព»។

លោក អួន ស៊ីឡុតបន្ថែមថា៖ «គាត់ឱ្យ ៥០% មែន ប៉ុន្តែយើងទិញទៅវាថ្លៃ ហើយថ្លៃដើម​ខ្ពស់​ទៀត គាត់អត់ចំណេញ ដល់ចឹងទៅគាត់អត់ហ៊ានទទួលការបញ្ជាទិញ»។

លោក អួន ស៊ីឡុត បានឱ្យដឹងថា៖ «សហគ្រាសកែច្នៃនៅកម្ពុជាមាន ៣ ប្រភេទ សហគ្រាសតូចៗ គាត់ផលិតតែបានទាប ហើយរោងក្រមួយចំនួន គាត់មានតែរោងចក្រ ប៉ុន្តែគាត់អត់ផលិតទេ គាត់ទិញគ្រាប់សម្រាប់ស្តុកទុកលក់គ្រាប់ឆៅចំណេញជាង ហើយរោងចក្រខ្លះ គាត់អត់ផលិតទេ ប៉ុន្តែគាត់មានកែច្នៃលក់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម