Connect with us

សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចេញ-នាំចូលជាង ៤,៧៨ ពាន់លានដុល្លារ

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញ-នាំចូល គិតជា​ទំហំទឹកប្រាក់ប្រមាណ ៤,៧៨ ពាន់លានដុល្លារ កើនឡើង ២១,៣% ធៀបនឹងឆ្នាំ ២០​២៣​​។ នេះបើតាមរបាយការណ៍លោក ស៊ី ឃុន​លីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី ឃុនលីន បានលើកឡើងនៅក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។

លោក ស៊ី ឃុនលីន បានលើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលសហការដោយចិន និងកម្ពុជា បានទាក់ទាញក្រុម​ហ៊ុនវិនិយោគអន្តរជាតិ ២០០ ក្រុមហ៊ុន ដែលបានមកបង្កើតរោងចក្រនៅទីនេះ និងបានរួម​ចំណែក​ក្នុងការធ្វើទំនើបកម្ម ឧស្សាហកម្មកម្ពុជា។

លោកថា៖ «បច្ចុប្បន្នតំបន់សេដ្ឋកិច្ច​មានសហគ្រាស ២០២ និងបង្កើតឱកាសការងារ ៣ ម៉ឺន ២ ពាន់កន្លែង។ ក្នុងឆ្នាំ ២០២៤ សម្រេចបានទំហំទឹកប្រាក់នៃការនាំចេញ-នាំចូល ៤ ពាន់ ៧៨ លានដុល្លារ អាមេរិក កើនឡើង ២១,៣%»។

លោក ស៊ី ឃុនលីន បានបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដើរតួនាទីជាគំរូក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ដូចជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងការអភិវឌ្ឍច្រករបៀងឧស្សាហកម្ម និង​បច្ចេកវិទ្យាកម្ពុជា ត្រូវបានប្រសិទ្ធិនាមថា គំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងកម្ពុជា-ចិន ក្បាលម៉ាស៊ីនៃការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តព្រះ​សីហនុ និងជាចានបាយមាសរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សម្ដេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និងមានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម រវាងរាជរដ្ឋាភិបាលកម្ពុជា-ចិន ដែលបាន​បើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ ២០០៨ ជាពិសេសការរួមគ្នា អនុវត្តគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១របស់ប្រធានាធិបតីចិន។

សម្ដេចធិបតីបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ រោងចក្របានកើនឡើងពី ៦៩ សហគ្រាស ជា​មួយកម្មករនិយោជិតជាង ១ ម៉ឺននាក់ នៅឆ្នាំ ២០០៨ រហូតដល់ ៣៨៣០ សហគ្រាស ជាមួយកម្មករនិយោជិត ១១ ម៉ឺន ៥៨០០ នាក់  គិតត្រឹមខែមេសា ឆ្នាំ ២០២៥ ដោយទទួលបានប្រាក់ឈ្នួល ៣៥៩ លានដុល្លារក្នុងមួយឆ្នាំ។

ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសទាំង ៥ នៅខេត្តព្រះសីហនុ មានរោងចក្រសហគ្រាសចំនួន ៣២៧ សហគ្រាស មានកម្មករនិយោជិតចំនួន ៤ ៦៧៥០ នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមប្រមាណ ១៥០ លានដុល្លារ ក្នុងមួយឆ្នាំ។

សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងថា៖ «យើងធ្វើការទាក់ទាញវិនិយោគ មិនថា ពីអាមេរិក ចិន ជប៉ុន ពីអឺរ៉ុប យកទាំងអស់អាហារផ្លែឈើដាក់ក្នុងខ្លួនយើង ដើម្បីយើងជំរុញសេដ្ឋកិច្ចជាតិយើង បង្កើតការងារជួយជំរុញប្រាក់បៀវត្សជូនបងប្អូនរបស់យើងឱ្យបានច្រើន នេះគឺជាកិច្ចការសំខាន់»។

សម្ដេចបន្ថែមថា៖ «សក្ខីភាពជាក់ស្ដែងបងប្អូនកម្មករនិយោជិតជាង ៣ ម៉ឺនាក់ នៅទីនេះ កំពុងធ្វើការនៅទីនេះ ដែលបាន​ផលពីការប្រកាន់នយោយបាយថា យកទាំងសាច់គោ ស្ពៃ និងបន្លែគ្រប់មុខ យកទាំងផ្លែឈើ ដើម្បីឱ្យយកជីវជាតិកាន់តែរីក កម្លាំងកាន់តែរឹងមាំ ការងារបងប្អូនកាន់តែកើន បៀវត្សរ៍កាន់តែកើន»។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលបានចាក់បន្ថែមនូវគ្រឿងទេស ដើម្បីឱ្យអា​ហារកាន់តែឆ្ងាញ់ កាន់តែមានជីវជាតិ កាន់តែល្អ ពោលគឺរដ្ឋាភិបាលរៀបចំនូវគោលនយោបាយ សុខភាព គោលនយោបាយគាំពារសង្គម មាតា និងទារក គោលនយោបាយបណ្ដុះបណ្ដាលឱ្យបងប្អូនកាន់តែល្អ បានន័យថា មិនត្រឹមតែរកការងារឱ្យបានទេ រៀបចំច្បាប់ការពារសិទ្ធិ អនុញ្ញាត​ឱ្យមានសហជីព ប្រតិភូបុគ្គលិក ធ្វើការការពារ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងការងារ ដើម្បីដោះស្រាយបញ្ហាដែលមានប្រឈម។

សូមបញ្ជាក់ថា ក្រុមហ៊ុនវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុមានដូចជា ចិន តៃវ៉ាន់ បារាំង សេណេ​ហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃ។

រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានដូចជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម