ព័ត៌មានជាតិ
រដ្ឋាភិបាលនឹងជ្រើសរើសដៃគូឯកជនអនុវត្ត គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ ក្នុងត្រីមាសទី ៣ ខាងមុខនេះ
ចតាមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន (ភ.រ.ជ.) លើការរៀបចំគម្រោងមួយនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងភាពទាក់ទាញសម្រាប់ការវិនិយោគនៃខេត្តព្រះសីហនុ។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានលើកឡើងអំពីផែនការនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ជាមួយវិនិយោគិនលើ គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជនកាលពីរសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះត្រូវបានសហការរៀបចំរវាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តល់ជាវេទិកាពិភាក្សា និង ផ្តល់មតិយោបល់ លើការរៀបចំគម្រោងមួយនេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុង-ជ្រោយ និងភាពទាក់ទាញសម្រាប់ការវិនិយោគ ដែលមានអ្នកចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមហ៊ុនឯកជនក្នុងវិស័យសាងសង់, ប្រតិបត្តិការចំណត និង ការអភិវឌ្ឍអចលនទ្រព្យ, ស្ថាប័នហិរញ្ញវត្ថុ, ការិយាល័យមេធាវី, ក្រុមហ៊ុនធានារ៉ាប់រង និង តំណាងដៃគូអភិវឌ្ឍន៍ សរុបចំនួនប្រមាណជាង ១៤០ នាក់។

លោក មាស សុខសេនសាន បានមានប្រសាសន៍ថា “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” គឺជាគម្រោងចំណតសាធារណៈដំបូងគេមួយ ដែលត្រូវបានសម្រេចរៀបចំអភិវឌ្ឍ តាមយន្តការ ភ.រ.ជ.។
លោកថា៖«ស្របតាមផែនការអភិវឌ្ឍទីក្រុងឆ្លាតវៃរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួនទៅជា “ទីក្រុងទំនើប និង ឆ្លាតវៃ ប្រកបដោយបរិយាប័ន្ន”, រដ្ឋបាលខេត្តព្រះសីហនុ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រជុំពិភាក្សា និង ពិនិត្យឃើញពីសក្តានុពលនៃការរៀបចំអភិវឌ្ឍ និង អនុវត្ត “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” ដើម្បីផ្តល់ឱកាសជូនវិស័យឯកជន ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជំនាញ, បច្ចេកទេស, បច្ចេកវិទ្យា និង ទុនវិនិយោគ ដែលនឹងក្លាយជាម៉ូដែលមួយសម្រាប់ការអភិវឌ្ឍគម្រោងចំណតសាធារណៈ និង ទីក្រុងឆ្លាតវៃដទៃទៀត ផងដែរ»។
លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់វិនិយោគិនទាំងអស់ ពិចារណា និង សិក្សាលើគម្រោងវិនិយោគនេះ ដោយចាប់ផ្តើមគិតពីឱកាស, ទីតាំងគម្រោង, បរិយាកាសវិនិយោគអំណោយផល, ការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរមូលដ្ឋាន និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងមួយនេះអាចឈានទៅអនុវត្តបាន និងចេញជារូបរាង នាពេលខាងមុខ។

លោកអភិបាលរង ដែលជាប្រធានអង្គភាពគ្រប់គ្រងគម្រោងនេះ ក៏បានគូសបញ្ជាក់ផងដែរថា ជាវឌ្ឍនភាព “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពពេញលេញរួចហើយ និង គ្រោងធ្វើកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនអនុវត្តគម្រោង ចាប់ពីត្រីមាសទី ៣ ឆ្នាំ ២០២៥ ខាងមុខនេះ។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចុះថ្ងៃទី២៣ខែមេសា បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធី ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥ក្តី។
គិតត្រឹមខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ចំនួន ៦,៨៧៥ លានដុល្លារអាមេរិក ។

បើយោងតាមលោក មាស សុខសេនសាន បានថ្លែងបញ្ជាក់ទៀតថា “គម្រោងចំណតឆ្លាតវៃ ក្រុងព្រះសីហនុ” នឹងចូលរួមដោះស្រាយបញ្ហាកង្វះចំណតសាធារណៈ, ពង្រឹងសណ្ដាប់ធ្នាប់នៃការចតយានជំនិះក្នុងក្រុងព្រះសីហនុ និង បង្កើតជាអគារចំណតឆ្លាតវៃ ប្រកបដោយសុវត្ថិភាព, សុខុមាលភាព និង តម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកន្លងមក នៃការរៀបចំអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តាមយន្តការ ភ.រ.ជ. រួមមាន គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិកំពត, គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និង គម្រោងព្រែកជីកហ្វូណនតេជោ ជាដើម។
លោកសង្ឃឹមថាវិស័យឯកជននឹងចូលរួមវិនិយោគជាមួយរាជរដ្ឋា-ភិបាល ក្នុងបង្កើតសមិទ្ធផលផ្សេងៗទៀត មិនត្រឹមតែគម្រោងចំណតឆ្លាតវៃមួយនេះ នោះទេ៕
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


