សេដ្ឋកិច្ច
ទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជាមានកំណើនខ្ពស់
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក នី ផល្លី មានប្រសាសន៍ថា ក្រោយការពង្រឹងនូវការដាក់ចេញយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល មានគម្រោងវិនិយោគជាច្រើនកើតឡើង មានទាំងខ្នាតតូច ធំ និងខ្នាតមធ្យម។

«ក្នុងនោះបងប្អូនរបស់យើងមួយចំនួន មានការប្រើប្រាស់ទុនក្នុងស្រុក ហើយមួយចំនួនទៀតក៏ចាប់ផ្ដើមចាប់យកដៃគូបរទេស»។ លោកថា វិស័យទេសចរណ៍កម្ពុជាមានកំណើនវិជ្ជមានទាំងបរិមាណ និងគុណភាព ដែលមានការវិនិយោគលើទេសចរណ៍បែបគុណភាព កម្រិតបង្គួរ ឬកម្រិតខ្ពស់។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោក នី ផល្លីនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤កន្លងទៅនេះ។
លោកបានថ្លែងបញ្ជាក់បន្ថែមថា៖ «ជាក់ស្ដែងនៅខេត្តសៀមរាប យើងសង្កេតឃើញថា ការវិនិយោគទៅលើសេវាកម្មស្នាក់នៅ ម្ហូបអាហារកម្រិតបង្គួរ ទោះបីក្នុងរដូវកាលបៃតង ក៏មានភ្ញៀវពេញៗ អ្នកដែលធ្វើការផ្លាស់ប្ដូរទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរគាត់អាចរស់បាន នេះគឺជាឱកាសមួយដែលគាត់ត្រូវតែធ្វើការផ្លាស់ប្ដូរ»។

លោក នី ផល្លី បន្តថា ការវិនិយោគនៅក្នុងវិស័យទេសចណ៍នៅដើមឆ្នាំ ២០២៥ មានកំណើនខ្ពស់ ដោយលោកបានលើកឧទារហណ៍ពីកម្មវិធីពិសេសនៅខេត្តព្រះសីហនុ មានទុនសរុបជាង ១ ពាន់លានដុល្លារ ចាក់បញ្ចូលទៅក្នុងវិស័យទេសចរណ៍ ដែលកំពុងដំណើរការ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឆ្នាំ ២០២៤ រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ មានទំហំទឹកប្រាក់ប្រមាណជិត ៧៣៩ លានដុល្លារ កើនឡើង ១១% ធៀបនឹងឆ្នាំ ២០២៣។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេចរអន្តរជាតិជាង ១,៨៣ លាននាក់ កើនឡើង១៦,១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កម្ពុជារំពឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិប្រមាណ ៧,៥ លាននាក់នៅឆ្នាំ២០២៥ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ចជាង៥ពាន់លានដុល្លារ។
នៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ ដោយទទួលបានប្រាក់ចំណូលសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕
អត្ថបទ៖ ឡេង ដេត


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


