Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​បញ្ចប់​ការ​ចរចា​ពន្ធ​ជុំទី៣ ជាមួយអាមេរិក ដោយមិនទាន់សម្រេចអ្វីទេ

បានផុស

នៅ

ប្រទេសវៀតណាម​បាន​បញ្ចប់ការចរចាពន្ធជុំទី ៣ ជាមួយ​សហរដ្ឋអាមេរិក​កាលពីចុងសប្ដាហ៍កន្លងទៅ ប្រកបដោយវឌ្ឍនភាព ប៉ុន្តែមិនទាន់សម្រេចគ្នាលើចំណុចសំខាន់ៗអ្វីនៅឡើយទេ ខណៈទ្វេភាគីព្រមព្រៀងគ្នាលើកិច្ចសន្ទនាថ្នាក់រដ្ឋមន្រ្តីតាមអនឡាញ​។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នៅថ្ងៃចន្ទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្តីប្រកាសរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មស្តីពីលទ្ធផលចរចា ដែលចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ បាន​និយាយថា ​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក​ Nguyễn Hồng Diên បានពិភាក្សាអំពីពន្ធគយ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកាន់តែទូលំទូលាយទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក​ Howard Lutnick និងឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។

ការចរចាធ្វើឡើងចន្លោះពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែមិថុនា ​នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ ក្នុងរយៈពេល ៤ ថ្ងៃ ភាគីទាំង ២ បាន​មើលឃើញពីវឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ដោយបាន​កាត់បន្ថយភាពខុសគ្នានៅទូទាំងគ្រប់វិស័យដែលកំពុងពិភាក្សា។

ខណៈមិនទាន់មានការព្រមព្រៀងសំខាន់ៗណាមួយ​ជាផ្លូវការ កិច្ចពិភាក្សា​ធ្វើឡើងដោយមាន​ការផ្លាស់ប្តូរប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា។ គណៈប្រតិភូប្រទេសទាំង​២ ក៏បានឆ្លៀតពេលដើម្បីស្តាប់ការវិភាគ និងហេតុផលគ្នាទៅវិញទៅមកផងដែរ ដើម្បីឆ្ពោះទៅរកដំណោះស្រាយដែលអាចទទួលយកបាន​ទាំងសងខាង។

ភាគីទាំង២ ក៏បានឯកភាពលើការរៀបចំកិច្ចប្រជុំថ្នាក់ការងារតាម​អនឡាញនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីបន្តដោះស្រាយបញ្ហាលេចធ្លោ និងរៀបចំសម្រាប់កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រី​តាមអនឡាញ​លោក Lutnick និង​លោក Diên។

គួរគូសបញ្ជាក់ថា វៀតណាម ដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចរចា កំពុងប្រឈមមុខនឹងការដាក់ពន្ធបដិការ ៤៦ ភាគរយ ពីសហរដ្ឋអាមេរិក ដែលអាច​បង្កផលប៉ះពាល់សម្រាប់ការនាំចេញរបស់ប្រទេស ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់មួយ​។ កន្លងមក វៀតណាម​បាន​ស្នើលើចំណុចមួយចំនួនដើម្បីចរចា រួមទាំងការបង្កើនការនាំចូលទំនិញអាមេរិក បង្កើនការត្រួតពិនិត្យលើដើមកំណើតទំនិញនាំចេញទៅសហរដ្ឋអាមេរិក និងបើកផ្លូវដល់អាជីវកម្មអាមេរិកជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម