Connect with us

ព័ត៌មានអន្ដរជាតិ

​CEO អាជីវកម្មនៅថៃ ជំរុញឱ្យ ផែថងថាន ចុះចេញពីតំណែង​ ជុំវិញកង្វល់អស្ថិរភាពសេដ្ឋកិច្ច

បានផុស

នៅ

បណ្ដានាយកប្រតិបត្តិអាជីវកម្ម (CEO) នៅថៃភាគច្រើន ដែលផ្ដល់ចម្លើយសម្រាប់ការស្ទង់មតិមួយ​ក្នុងស្រុក បាន​ជំរុញឱ្យ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ចុះចេញពីតំណែងនាយករដ្ឋមន្រ្តីថៃ ចំពេលដែលអស្ថិរភាពនយោបាយ​ថៃ កំពុងបង្កឱ្យមានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងឡើងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃសុក្រនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ថ្នាក់ដឹកនាំអាជីវកម្មជាច្រើនភ័យខ្លាចថា ​អស្ថិរភាព​នឹង​បន្ថែមសម្ពាធលើកំណើនសេដ្ឋកិច្ចថៃ ដែលដើរអូសជើងរួចស្រាប់ហើយ ចំពេលមានហានិភ័យពីខាងក្រៅផ្សេងៗទៀត រួមទាំងពន្ធរបស់សហរដ្ឋអាមេរិក​។ ការស្ទង់មតិនាពេល​ ដែលធ្វើឡើងដោយកាសែត​ Krungthep Turakij បានសាកសួរ CEO ចំនួន ១០០ នាក់អំពីវិបត្តិនយោបាយក្នុងស្រុកថៃ ដែលកំពុងបន្ត ដោយ​ CEO ទាំងនោះ មកពីវិស័យឈានមុខគេផ្សេងៗ​ដូចជា​ ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ការនាំចេញ ហិរញ្ញវត្ថុ ការលក់រាយ ទេសចរណ៍ សេវាកម្ម អាយធី និង​អាជីវកម្មបើកថ្មីឌីជីថល​ជាដើម​។

លទ្ធផល​នៃការស្ទង់មតិ បាន​បង្ហាញថា CEO ភាគច្រើនកំពុងអំពាវនាវឱ្យ​លោកស្រី ផែថងថាន ​លាលែងពីតំណែង ដោយជឿថា ការដឹកនាំរបស់​លោកស្រីកំពុងរួមចំណែកធ្វើឱ្យស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។

ជាលម្អិត ​CEO ៤២,៦ ភាគរយ ក្នុងការស្ទង់មតិ យល់ថាលោកស្រី ផែថងថាន គួរលាចេញពីតំណែង ​២៧,៧ ភាគរយ ចង់ឱ្យមាន​ការរំលាយសភា និង ២៦,៧ ភាគរយ គាំទ្រការរុះរើគណៈរដ្ឋមន្រ្តី ខណៈខ្លះទៀត ជំរុញឱ្យ​មាន​ការផ្សះផ្សាជាតិ។ ​

ក្នុងសំណួរដាច់ដោយឡែង ​៧០ ភាគរយ នៃ CEO បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថិរភាពរបស់រដ្ឋាភិបាល ដោយបារម្ភថាវានឹងរារាំងដល់ការបង្កើតគោលនយោបាយសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានោះ ៥៥ ភាគរយ នៃ CEO ​ជឿថាភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងប្រទេសថៃ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើផែនការយុទ្ធសាស្រ្តអាជីវកម្ម ដោយបង្ខំឱ្យក្រុមហ៊ុនកាន់តែប្រុងប្រយ័ត្នក្នុងការពិចារណាពីហានិភ័យនយោបាយ​សម្រាប់ផែនការយុទ្ធសាស្រ្តរយៈពេលវែង​។

ក្នុងព្យុះនយោបាយថៃកាន់តែអាក្រក់ទៅៗ ក្រោយ​បែកធ្លាយសារសន្ទនាទូរស័ព្ទរវាងលោកស្រី ផែថងថាន និងសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលធ្វើឱ្យ​ប៉ះពាល់ដល់ទំនុកចិត្តសាធារណៈយ៉ាងខ្លាំងលើរដ្ឋាភិបាល​ចម្រុះថៃ ដឹកនាំដោយគណបក្សភឿថៃរបស់លោកស្រី។ វិបត្តិកាន់តែតាន​តឹង​ ដោយមាន​ការអំពាវនាវឱ្យលោកស្រី ផែថងថាន រំលាយសភា ចុះចេញពីដំណែង ខណៈ​​គណបក្ស Bhumjaithai ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ។

​ក្នុងការស្ទង់មតិដដែល​ CEO ភាគច្រើនបានយល់ស្របថា អស្ថិរភាពនយោបាយថៃ គឺជាកត្តាចម្បងក្នុងការធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះ។ មនុស្សជាច្រើនមានការព្រួយបារម្ភថា ភាពតានតឹងផ្នែកនយោបាយបច្ចុប្បន្ន កំពុងប៉ះពាល់ដោយផ្ទាល់ទៅលើគោលនយោបាយសេដ្ឋកិច្ច ការវិនិយោគ និងការជឿទុកចិត្តរបស់សាធារណៈជនចំពោះរដ្ឋាភិបាល។

បណ្ដា CEO ដដែល អំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ដើម្បីស្តារទំនុកចិត្តលើសេដ្ឋកិច្ច។ ពួកគេបានស្នើថា រដ្ឋាភិបាលគួរតែផ្តោតលើការដោះស្រាយបញ្ហាបំណុលដែលប្រជាពលរដ្ឋជួបប្រទះ គាំទ្រវិស័យទេសចរណ៍ និងបង្កើតបរិយាកាសសេដ្ឋកិច្ចស្ថិរភាព ដើម្បីជំរុញកំណើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម