សេដ្ឋកិច្ច
វិស័យធនាគារនឹងរងផលប៉ះពាល់នូវឥណទានប្រមាណ ២០ លានដុល្លារជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
លោក តូច ចៅចេក ជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា (ABC) និងជាប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើការវាយតម្លៃ នូវផលប៉ះពាល់នៃការខាតបង់ប្រាក់កម្ចីពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវិស័យធនាគារប្រមាណជា២០លានដុល្លារនៃសមតុល្យឥណទានសរុប ផ្អែកទៅលើការលុបចោលការប្រាក់ និងការអនុគ្រោះនានាដែលវិស័យនេះបានផ្តល់ជូនដល់យយោធិនជួរមុខ និងក្រុមគ្រួសារជនភាសឹក។ ប៉ុន្តែលោកថា ចំនួនទឹកប្រាក់នេះពុំបង្អាក់ដំណើរនៃការរីកលូតលាស់នៃវិស័យនេះឡើយ។

ថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក តូច ចៅចេក បានឱ្យដឹងថា ពាក់ព័ន្ធនិងការលុបចោលការប្រាក់ទាហានជួរមុខ កន្លងមកធនាគារសម្រេចលុបការប្រាក់រយៈពេល ៣ ខែ ប៉ុន្តែបច្ចុប្បន្នធនាគារបានសម្រេចលុបការប្រាក់របស់យោធិនជួរមុខរយៈពេលដល់ ៦ ខែ វិញ។ ក្នុងនោះពីមុនមក ធនាគារយល់ឃើញថា ទាហានជួរមុខមានចំនួនតិចតួច ប៉ុន្តែជាលទ្ធផលដែលទទួលបាននាពេលថ្មីៗនេះ ទាហានជួរមុខ គឺមានចំនួនច្រើនដែលស្ទើរតែជិតពាក់កណ្ដាលនៃចំនួនទាំងអស់ជាទាហានជួរមុខ ជាពិសេសនៅសាខាខេត្តព្រះវិហារ ឧត្តរមានជ័យ ភាគច្រើន គឺជាទាហានជួរមុខ។
ជុំវិញការលុបការប្រាក់ទាហានជួរមុខនេះដែរ លោក តូច ចៅចេក ក៏បានបង្ហើបឱ្យដឹងថា៖«ការសម្រេចលុបនូវការប្រាក់របស់ទាហានជួរមុខរយៈពេលពី ៣ ទៅ ៦ ខែ បានបង្កឱ្យមានផលប៉ះពាល់ដល់សមតុលឥណទានរបស់ធនាគារប្រៃសណីយ៍ ប្រហាក់ប្រហែលជា ២០ លានដុល្លារ នៃសមតុល្យឥណទានសរុប»។

«ដូច្នេះ ដូចដែលខ្ញុំបានលើកឡើងពីខាងដើមថា ការលុបចោលនេះ គឺធ្វើឱ្យប៉ះពាល់ទៅដល់ចំណូលរបស់ធនាគារពីការប្រាក់ដែលបានលុបចោល ស្ថិតនៅក្នុងចំនួនមួយច្រើនជិតខ្ទង់លានដុល្លារ។ ប៉ុន្តែ តួលេខនៃផលប៉ះពាល់នេះ និងមិនបង្កផលប៉ះពាល់ខ្លាំងដល់ធនាគារនោះទេ ព្រោះមិនមែនប៉ះពាល់តែក្នុងរយៈពេល ១ខែ គឺប៉ះពាល់ក្នុងរយៈពេល ៦ ខែ ហេតុដូចនេះ ប្រសិនបើចែកទៅតាមខែនីមួយៗ គឺជាចំនួនមួយដែលអាចលៃលក និងអាចចាត់ចែងបាន»។ លោក តូច ចៅចេក បន្ថែមបែបនេះ។
លោកថា ជារួមនៅក្នុងឆ្នាំនេះនឹងធ្វើឱ្យប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ច គុណភាពឥណទាន ក៏ដូចជាកំណើនឥណទាន ។ ព្រោះ ធនាគារប្រៃសណីយ៍មានច្រើនសាខា ដែលស្ថិតតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺមានប្រមាណជាង ១០ សាខា ដូច្នេះហើយធ្វើឱ្យមានផលប៉ះពាល់ច្រើន។
លោកបានពន្យល់ដែរថា ចំពោះផលប៉ះពាល់នេះ គឺសម្រាប់ធនាគារប្រៃសណីយ៍មួយតែប៉ុណ្ណោះ ហើយធនាគារដទៃទៀតក៏ប៉ះពាល់ដូចគ្នាដែរ ហេតុដូចនេះហើយគុណភាពឥណទាននៅតាមព្រំដែន គឺច្បាស់ណាស់ថាមិនមានភាពល្អប្រសើរនោះទេ ហើយតមកទៀត គឺប៉ះពាល់ទៅដល់ចំណាយ ព្រោះធនាគារទាំងអស់ គឺបានលុបការប្រាក់របស់ទាហានជួរមុខរយៈពេលពី ៣ ខែ ទៅ ៦ ខែ។
បន្ថែមជាមួយគ្នានេះ ធនាគារ ក៏មិនអាចបញ្ចេញឥណទានតទៅមុខទៀតបានដូចគ្នាដែរ ដោយសារតែប្រជាពលរដ្ឋដែលរស់នៅតាមខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ នៅមិនទាន់មានឱកាសអាចរក ឬប្រកបរបរអាជីវកម្មបាននៅឡើយ ដូច្នេះ សម្រាប់ឆ្នាំនេះ បញ្ហាច្បាស់ណាស់ថានឹងប៉ះពាល់ បើទោះបីជាបញ្ហាអាចបញ្ចប់លឿន ឬក៏យូរជាងនេះក៏ដោយ។
ជាក់ស្តែង ប្រសិនបើបញ្ហាបញ្ចប់លឿន ផលប៉ះពាល់អាចនិងមានតិចតួច ប៉ុន្តែប្រសិនបើបញ្ហាបញ្ចប់យូរ នោះប៉ះពាល់នឹងមានកាន់តែខ្លាំង។

គួររំលឹកថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាក្នុងការជួយសម្រួលបន្ទុកដល់យោធិនពលី យោធិនជួរមុខ និងក្រុមគ្រួសារ ជនភាសសឹក និងពលករចំណាកស្រុកពីប្រទេសថៃ សំដៅធ្វើយ៉ាងណាកុំឱ្យពួកគាត់មានក្តីបារម្ភនៃបញ្ហាសំណងកម្ចី កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ធនគារជាតិនៃកម្ពុជាបានចេញវិធានការណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលុបចោលឥណទានរហូតដល់ចំនួន ១០ លានរៀល របស់អតិថិជនជាកងទ័ពពិការនៅសមរភូមិបច្ចុប្បន្ន និងលុបចោលឥណទានរហូតដល់ចំនួន ៨០ លានរៀល របស់អតិថិជន ឬអ្នករួមខ្ចី ជាយោធិនពលី។
ក្នុងនោះធនាគារជាតិសម្រេចឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុលើកលែងរាល់កម្រៃ និងការផាកពិន័យ ពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
លើកលែងការទូទាត់សងប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ ខែ គិតចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ ចំពោះការអនុគ្រោះនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


