Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផ្តល់អនុសាសន៍ ៩ ចំណុច សំដៅអភិវឌ្ឍន៍ឱ្យបានល្អប្រសើរក្នុងវិស័យស្រូវ-អង្ករកម្ពុជា

បានផុស

នៅ

លោក អូន ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​​ផ្តល់​អនុសាសន៍​ចំនួន ៩ ចំណុច ​​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់សំដៅបន្ត​ពង្រឹង និង​អភិវឌ្ឍន៍​ឱ្យ​បាន​ល្អ​ប្រសើរ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​មហាសន្និបាត​បូក​សរុប​ការងារ និង​បិទ​បញ្ចប់ អាណត្តិ​ទី៤ របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ លោក​ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ស្ថានភាពនៃវិស័យស្រូវ-អង្ករ មានការវិវត្តជាប្រចាំ ហើយ​មាន​លក្ខណៈខុសៗគ្នា ពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលទាមទារ​ឱ្យ​ភាគីពាក់ព័ន្ធទាំងឡាយ​តាម​ដានជានិច្ច និង រួមគ្នា​ចាត់វិធាន​​ការ​ឱ្យចំទិសដៅ ដើម្បីឆ្លើយតបទៅតាមសភាពការណ៍​ជាក់ស្តែង​ក្នុងឆ្នាំនីមួយៗផង និងដោះ​ស្រាយ​កម្មវិបាក​ក្នុងឆ្នាំបន្តបន្ទាប់​ផង​។

ជាក់ស្តែង ខុសពីឆ្នាំ ២០២៤ ដែល​ថ្លៃស្រូវ-អង្ករ បានឡើងខ្ពស់ ក្នុងឆ្នាំ ២០២៥ នេះ ថ្លៃស្រូវ-អង្ករ បានថមថយ ដោយ​សារកត្តាសត្យានុម័ត​មួយចំនួន រួមមាន៖ការកើនឡើងនៃផលិតកម្ម​ស្រូវជារួម ដោយសារក្តីរំពឹងនូវថ្លៃខ្ពស់, ការដកបម្រាមនៃការនាំចេញអង្កររបស់ឥណ្ឌា, ការចាប់ផ្តើមនាំអង្ករចេញឡើងវិញរបស់ប៉ាគីស្ថាន, ការបិទ​ការ​នាំ​ចូលអង្ករ សម្រាប់​រយៈ​ពេល ២ ខែ ពី​សំណាក់ហ្វីលីពីន, និង ការបិទច្រកព្រំដែនគោក រវាងកម្ពុជា-ថៃ ជា​ដើម​។

លោក អូន ព័ទ្ធមុនីរ័ត្ន បាន​បន្ត​ថា ជាវិធានការចំពោះមុខ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានគូសបញ្ជាក់​ហើយថា រាជរដ្ឋាភិ​បាល ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បាន​និង​កំពុង​ចាត់វិធានការ​ប្រកប​ដោយភាពបុរេសកម្ម​ដើម្បីគ្រប់គ្រង​ស្ថានការណ៍នេះ​។

ជាការរួមចំណែកបន្ថែម លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​យក​ឱកាស​នោះ​ ផ្តល់នូវអនុសាសន៍​ចំនួន ៩ ដែល​គ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យស្រូវ-អង្ករ, ពិសេស ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និង សហព័ន្ធស្រូវ-អង្កកម្ពុជា​ ត្រូវបន្តរួមគ្នាយកចិត្តទុកដាក់​តាមសមត្ថកិច្ចរៀងៗខ្លួន រួម​មាន៖

ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដោយមានកិច្ចសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ​ត្រូវបន្តតាមដាន​នូវការវិវត្ត​នៃ​សភាពការណ៍ទីផ្សារស្រូវ-អង្ករ និង​ចាត់វិធានការអន្តរាគមន៍ តាមរយៈ​យន្តការ​ទាំងឡាយ​ដែលរាជរដ្ឋាភិបាល​បានដាក់ចេញរួចហើយ ឱ្យ​អស់លទ្ធភាព និង​សក្តានុពល​ដើម្បី​គ្រប់គ្រងស្ថានភាព​ចំពោះមុខ​​ឱ្យបានប្រសើរ។

ទី២. ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវជំរុញ និងតាមដានការអនុវត្ត «យុទ្ធសាស្រ្តពង្រីក និង ពិពិធកម្មទីផ្សារនាំចេញ អង្ករកម្ពុជា ២០២៥-២០៣០» ដែលត្រូវបានប្រកាសដាក់​ឱ្យប្រើប្រាស់​នាថ្ងៃនេះ​ឱ្យមាន​ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធភាពខ្ពស់​។ ទន្ទឹមនេះ សហព័ន្ធ​ស្រូវ-អង្ករកម្ពុជា ក៏ត្រូវរៀបចំ​ផែនការសកម្មភាពជាក់លាក់​ដើម្បីចូលរួមអនុវត្ត​ឱ្យបានពេញលេញ​ផងដែរ​។

ទី៣. សហព័ន្ធស្រូវ-អង្ករកម្ពុជា ដោយមានការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង ក្រសួងពាណិជ្ជកម្ម ត្រូវខិតខំវិនិយោគបន្ថែម​ដើម្បីបន្តផ្សព្វផ្សាយ «កិត្តិនាម» របស់អង្ករកម្ពុជា ដែលជាកត្តា​ដ៏សំខាន់មួយ​ក្នុងការនាំមកនូវភាពជោគ​ជ័យ​នៃការនាំចេញអង្ករ ទន្ទឹមនឹងការខិតខំកសាង នូវខ្សែច្រវាក់​ផលិតកម្មស្រូវ-អង្ករ ដែលធានា​បាននូវបរិមាណផ្គត់ផ្គង់​ដែលមានស្ថិរភាព គុណភាព និង​សុវត្ថិភាព​។

ទី៤. ក្រសួងកសិកម្ម ត្រូវពង្រឹងការគ្រប់គ្រងផលិតកម្ម និង​ធាតុចូលកសិកម្ម​ដែលជាកត្តាដ៏សំខាន់​ដូចគ្នានឹងការគ្រប់គ្រងបរិមាណផល​ ជាពិសេស ខណៈដែលកម្ពុជាឈានទៅសម្រេចបាន​នូវផលិតកម្ម​ក្នុង​កម្រិតខ្ពស់សមល្មម និង​ដោយហេតុថា ទីផ្សារស្រូវ-អង្ករ តែងមានអន្តរាគមន៍ពីរដ្ឋ ដូច្នេះ​ការគ្រប់គ្រង បរិមាណផលតែម្ខាង គឺមិនទាន់គ្រប់គ្រាន់នោះទេ។

ទី៥. សហព័ន្ធស្រូវ-អង្ករកម្ពុជា ដោយមានការគាំទ្រពីក្រសួងកសិកម្ម​ត្រូវគ្រប់គ្រង និងជំរុញការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​នៅតាម​សហគមន៍ដាំដុះ​សម្រាប់ការប្រមូលទិញស្រូវ​ក្នុងរដូវប្រមូលផល​ឱ្យ​បានគ្រប់គ្រាន់ និង​មានលក្ខណៈបត់បែន​ស្របតាមកាលៈទេសៈតម្រូវ​។ ការណ៍នេះ មិនគ្រាន់តែចូលរួម​ចំណែកដល់ការរក្សាស្ថិរភាពថ្លៃស្រូវប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបង្កើនមូលដ្ឋានគ្រឹះ​ដើម្បីធានាសន្តិសុខស្បៀង និង​ជំរុញការនាំចេញ​ទៀតផង​។

ទី៦. ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេស​បច្ចេកវិទ្យាឌីជីថល​ឱ្យបានជាអតិបរមា​នៅគ្រប់ដំណាក់កាល ដើម្បីបន្តបង្កើន​ប្រសិទ្ធភាព ក្នុងគ្រប់ខ្សែច្រវាក់ទាំងអស់ ទាំងក្នុងដំណាក់កាលផលិតកម្ម ដំណាក់កាល ប្រមូលទិញ ដំណាក់កាលកែច្នៃ ដំណាក់កាលផ្គត់ផ្គង់ ទាំងក្នុងស្រុក និងសម្រាប់ការនាំ​ចេញ។ ទន្ទឹមនេះ ក្រសួងកសិកម្ម ក៏ត្រូវបន្តជំរុញនវានុវត្ត និង​ធ្វើសុភបរមានីយកម្ម​លើ​មូលដ្ឋានបច្ចេកវិទ្យាឌីជីថល​ដែលមានស្រាប់បច្ចុប្បន្ន​ឱ្យកាន់តែមានភាពសមស្រប​ក្នុង​បរិការណ៍កម្ពុជា ទាំងពូជថ្នាំកសិកម្ម គ្រឿងយន្តកសិកម្ម បិរក្ខារសម្អាត ឃ្លាំងស្តុក និង​ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងទៀត ទន្ទឹមនឹងការ​ខិតខំ​ប្រើប្រាស់​ឱ្យអស់លទ្ធភាព​នូវ​អនុផលនៅគ្រប់ដំណាក់កាលនីមួយៗ​។

ទី៧. ក្រសួងកសិកម្ម ត្រូវលើកកម្ពស់ និង​អភិវឌ្ឍសមត្ថភាពកសិករ ដើម្បី​ឱ្យ​ក្លាយជាកសិករសហគ្រិន​ក្នុង​វិស័យ​ស្រូវ-អង្ករទាំងមូល តាមរយៈការធ្វើស្ថាប័នីយកម្ម​លើ​ការលើកកម្ពស់ការអភិវឌ្ឍពូជស្រូវ ការ​ពង្រឹង​ខ្សែ​ច្រវាក់​ជី​កសិកម្ម និង​ថ្នាំ​កសិកម្ម ការ-អភិវឌ្ឍ និង​ការជំរុញការធ្វើពិពិធកម្មទីផ្សារ,​ការពង្រីក​សហគមន៍​កសិកម្ម និង​ការ​លើក-កម្ពស់​កិច្ចសន្យា​កសិកម្ម និង​ការលើកកម្ពស់ស្តង់ដាផលិតកម្មកែច្នៃ។

ទី៨. សហព័ន្ធស្រូវអង្ករកម្ពុជា ដោយមានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ​ត្រូវបន្ត​កសាងនូវប្រព័ន្ធខ្សែច្រវាក់ផលិតកម្មស្រូវ-អង្ករកម្ពុជា​ឱ្យក្លាយទៅជា «ប្រព័ន្ធតួអង្គក្នុង ខ្សែច្រវាក់តែមួយ» ដែលគោរព​ផលប្រយោជន៍​គ្នាទៅវិញទៅមក និង​ការប្រកួតប្រជែង​ដោយសហការគ្នា​ដើម្បីពង្រឹង «ទីតាំង ឬ​ចំណែកទីផ្សារកម្ពុជា» ជាយុទ្ធសាស្ត្រ​នៅក្នុង​ទីផ្សារស្រូវ-អង្ករសកល ក៏ដូចជា​លើកកម្ពស់​ការ​គោរព​ផលប្រយោជន៍​កសិករជាចម្បង ជាពិសេស​កសិករខ្នាតតូច​។

ទី៩. ក្រុមការងារអន្តរក្រសួងជំរុញការនាំចេញផលិតផលកសិកម្ម និង​កសិ-ឧស្សា-ហកម្មអាទិភាពនៅកម្ពុជា ស្ថិតក្រោម​ឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបត្រូវបានបង្កើតឡើង​ត្រូវចាប់ផ្តើមបំពេញតួនាទី និង​ភារកិច្ចរបស់​ខ្លួន​ឱ្យ​បានសកម្ម ដើម្បីពិនិត្យ សិក្សា និង​វាយតម្លៃ អំពីបញ្ហាប្រឈម​ក្នុងវិស័យកសិកម្ម​សំដៅត្រៀមចាត់វិធានការជាកញ្ចប់​ឱ្យ​បានទាន់ពេល ក្នុងស្មារតីបុរេសកម្ម​ប្រកបដោយ ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធភាពខ្ពស់៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម