សេដ្ឋកិច្ច
កម្ពុជាទទួលបានចំណូលជិត $៨០០ លាន ពីការនាំចេញគ្រាប់ស្វាយចន្ទី
គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានប្រមាណជិត ៨០០ លានដុល្លារ (៧៩០) ពីការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើង ៦០,៥៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ទីផ្សារតម្លៃ និងទិន្នផលគ្រាប់ស្វាយចន្ទីនៅតែបន្តមានភាពល្អប្រសើរនៅឆ្នាំ ២០២៥ ថ្វីបើមានការធ្លាក់ភ្លៀងច្រើន ដែលធ្វើឱ្យគុណភាពចន្ទីធ្លាក់ចុះបន្តិច។
លោក អួន ស៊ីឡុត បន្ថែមថា តម្លៃគ្រាប់ស្វាយចន្ទីនៅតែមានភាពល្អប្រសើរចាប់តាំងពីខែមេសា ដែលគ្រាប់សើមមានតម្លៃ ៥០០០ រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែមេសា ហើយគ្រាប់ស្ងួតលក់បាន ៦៥០០ រៀល នៅខែឧសភា នៅខែមិថុនា គ្រាប់ស្វាយចន្ទីស្ងួត លក់បានតម្លៃ ៧២០០ រៀលក្នុងមួយគីឡូក្រាម និងខែសីហា លក់បាន ៦៨០០ រៀលក្នុងមួយគីឡូក្រាម។
លោក អួន ស៊ីឡុត យល់ឃើញថា៖ «កម្ពុជាត្រូវមានយន្តការច្បាស់លាស់ទើបរក្សាតម្លៃគ្រាប់ស្វាយចន្ទីឆៅឱ្យមានស្ថេរភាពជូនដល់កសិករ ដោយយន្តការចម្បងគឺគាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុកឲ្យបានច្រើន តាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដែលបានកំណត់ ២៥% រវាងឆ្នាំ ២០២២-២០២៧»។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «បច្ចុប្បន្នអ្វីៗ នៅល្អប្រសើរទាំងអស់ រាល់ទនិន្ន័យដែលយើងមាន មិនថាទិន្នផល តម្លៃ មិនថាគោលនយោបាយ និងការគាំទ្រពីរដ្ឋាភិបាល ទាំងសហគមន៍កសិកម្មទំនើប ក៏ដូចជាការរៀបចំសួនឧស្សាហកម្មកែច្នៃ ដើម្បីតម្លៃបន្ថែម សុទ្ធតែជារឿងល្អ ខ្ញុំអត់មានឃើញសញ្ញាបារម្ភពាក់ព័ន្ធបញ្ហាតម្លៃចន្ទីទេ»។

នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


