សេដ្ឋកិច្ច
សហគ្រាសកែច្នៃស្វាយចន្ទីស្ទឹងត្រែង គ្រោងពង្រីកផលិតកម្មកែច្នៃ នាំចេញទៅទីផ្សារជប៉ុន
ក្រុមហ៊ុន Inoue Calcium Corporation បានដាក់ផែនការក្នុងការពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ជាផលិតផលសម្រេច សម្រាប់នាំចេញទៅទីផ្សារជប៉ុន ដោយមានការចូលរួមពីអគ្គនាយករង និងមន្រ្តីនៃនាយកដ្ឋានទាំងបី ចំណុះអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។
ការលើកឡើងរបស់ក្រុមហ៊ុនត្រូវធ្វើឡើងក្នុងជំនួបរវាង លោក ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ បានជួបពិភាក្សាការងារជាមួយ លោក Takashi INOUE អគ្គនាយកក្រុមហ៊ុន Inoue Calcium Corporation និងកញ្ញា សឿន សុទ្ធនីតា សហស្ថាបនិក និងជានាយិកាអភិវឌ្ឍន៍ទីផ្សារ នៃក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង។

លោកអនុរដ្ឋលេខាធិការ បានបង្ហាញអំពីការគាំទ្រ លើកទឹកចិត្តដល់គណៈប្រតិភូពាណិជ្ជករជប៉ុន ក្នុងសិក្សាស្វែងយល់អំពីផលិតផលសក្តានុពលកសិកម្មកម្ពុជានៅខេត្តស្ទឹងត្រែង តាមគោលការណ៍រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ ជាពិសេសក្នុងភូមិភាគឦសាន ព្រមទាំងចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីសហការជំរុញការបណ្តាក់ទុន និងវិនិយោគ ក៏ដូចជានាំចេញ-នាំចូលផលិតផលរវាងប្រទេសទាំងពីរ។
លោកអនុរដ្ឋលេខាធិការ បានបង្ហាញការសាទរចំពោះសិប្បកម្ម ហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង ដែលបាននាំចេញគ្រាប់ស្វាយចន្ទីជាផលិតផលសម្រេចចំនួន ១តោន ទៅទីផ្សារជប៉ុន បានជោគជ័យ និងគ្រោងនាំចេញបន្ថែមចំនួនពីរកុងតឺន័រទៀតនៅឆ្នាំបន្ទាប់។

យោងតាមក្រសួងពាណិជ្ជកម្ម គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានប្រមាណជិត ៨០០ លានដុល្លារ (៧៩០) ពីការនាំចេញគ្រាប់ស្វាយចន្ទី កើនឡើង ៦០,៥៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីថា ទីផ្សារតម្លៃ និងទិន្នផលគ្រាប់ស្វាយចន្ទីនៅតែបន្តមានភាពល្អប្រសើរនៅឆ្នាំ ២០២៥ ថ្វីបើមានការធ្លាក់ភ្លៀងច្រើន ដែលធ្វើឱ្យគុណភាពចន្ទីធ្លាក់ចុះបន្តិច។
លោក អួន ស៊ីឡុត បន្ថែមថា តម្លៃគ្រាប់ស្វាយចន្ទីនៅតែមានភាពល្អប្រសើរចាប់តាំងពីខែមេសា ដែលគ្រាប់សើមមានតម្លៃ ៥០០០ រៀល ក្នុងមួយគីឡូក្រាម នៅក្នុងខែមេសា ហើយគ្រាប់ស្ងួតលក់បាន ៦៥០០ រៀល នៅខែឧសភា នៅខែមិថុនា គ្រាប់ស្វាយចន្ទីស្ងួត លក់បានតម្លៃ ៧២០០ រៀលក្នុងមួយគីឡូក្រាម និងខែសីហា លក់បាន ៦៨០០ រៀលក្នុងមួយគីឡូក្រាម។

លោក អួន ស៊ីឡុត យល់ឃើញថា៖ «កម្ពុជាត្រូវមានយន្តការច្បាស់លាស់ទើបរក្សាតម្លៃគ្រាប់ស្វាយចន្ទីឆៅឱ្យមានស្ថេរភាពជូនដល់កសិករ ដោយយន្តការចម្បងគឺគាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុកឲ្យបានច្រើន តាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដែលបានកំណត់ ២៥% រវាងឆ្នាំ ២០២២-២០២៧»៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


