ព័ត៌មានអន្ដរជាតិ
រឿងដែលត្រូវតាមដានបន្ទាប់៖ តាលីបង់ ២.០ និងអាហ្វហ្គានីស្ថាន ២.០ ជាអ្វី?
តើពិតជាមានតាលីបង់ ២.០ មែនទេ? នៅក្នុងសន្និសីទសារព័ត៌មានលើកទីមួយរបស់ក្រុមបះបោរនេះក្នុងទីក្រុងកាប៊ុល អ្នកនាំពាក្យម្នាក់បានសន្យាធ្វើរឿងរ៉ាវដែលសមហេតុផល ធ្វើឲ្យគេមានសុទិដ្ឋិនិយមថា ផ្នត់គំនិតរបស់កងជីវពលនេះ បានផ្លាស់ប្តូរហើយក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ ស្តាប់ទៅ! ពួកគេកំពុងនិយាយអំពីការអនុញ្ញាតឲ្យស្ត្រីធ្វើការ!

ប៉ុន្តែការធានារបស់លោក Zabiullah Mujahid អំពីចក្រភពឥស្លាមអាហ្វហ្គានីស្ថានដែលត្រូវបានកែលម្អថ្មី គួរតែមានការប្រុងប្រយ័ត្ន។ មើលទៅ អ្នកនាំពាក្យរបស់តាលីបង់រូបនេះ គ្រាន់តែលលេងជាមួយអន្តរជាតិប៉ុណ្ណោះ។ ហើយទោះបីជាលោក Mujahid មានភាពស្មោះត្រង់ក៏ពិតមែន ក៏គាត់គ្រាន់តែតំណាងឲ្យបក្សពួកមួយ ក្នុងក្រុមនេះប៉ុណ្ណោះ។
ថ្វីបើដឹកនាំដោយមេបញ្ជាការកំពូលឈ្មោះ Hibatullah Akhundzada ក៏ដោយ ប៉ុន្តែតាលីបង់ មិនមែនជាក្រុមតែមួយនោះទេ។ រចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ខ្លួន រួមបញ្ចូលទាំងឥស្សរជននយោបាយដូចជាលោក Mullah Abdul Ghani Baradar ដែលបានចរចាជាមួយអាមេរិក និងមេបញ្ជាការយោធាដូចជា Sirajuddin Haqqani និង Mohammad Yacoub ផងដែរ ហើយអ្នកទាំងនោះ មិនមានការស្រុះស្រួលគ្នាឡើយ។

ទោះមិនមែនច្រើនសប្តាហ៍ក៏ច្រើនខែដែរ មុនពេលដែលយើងដឹងថា ក្រុមណាមួយនឹងក្តោបក្តាប់អំណាចក្នុងទីក្រុងកាប៊ុល។ ប៉ុន្តែមុនពេលដែលយើងដឹងថាតើតាលីបង់ផ្លាស់ប្តូរដែរឬអត់នោះ មេដឹកនាំរបស់ពួកគេបានដឹងហើយថា រដ្ឋធានីនិងផ្នែកភាគច្រើននៃប្រទេសនេះ បានផ្លាស់ប្តូរ។ ពួកគេកំពុងដោះស្រាយជាមួយ អាហ្វហ្គានីស្ថាន ២.០។
នៅឆ្នាំ១៩៩៦ដែលជាពេលវេលាចុងក្រោយពួកតាលីបង់កាន់កាប់នៅទីក្រុងកាប៊ុល សង្គមអាហ្វហ្គានីស្ថានមានភាពក្រីក្រ នៅដាច់ពីគេ គ្មានចំណេះដឹងនិងជាតំបន់ជនបទ។ ប្រទេសនេះនៅតែក្រីក្រយ៉ាងខ្លាំង ប៉ុន្តែសន្ទស្សន៍សេដ្ឋកិច្ចសង្គមផ្សេងទៀត បានបង្ហាញការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

អត្រាអក្ខរកម្មមនុស្សពេញវ័យមានចំនួន ៤១ ភាគរយ ហើយប្រជាជនអាហ្វហ្គានីស្ថានស្ទើរតែទាំងអស់ មានការងារធ្វើក្នុងវិស័យនានាដូចជាក្នុងវិស័យកសិកម្មជាដើម។ ពួកគេលែងនៅឯកោទៀតហើយ៖ ទូរទស្សន៍មានមើលនៅគ្រប់ទីកន្លែង ហើយទូរស័ព្ទដៃមានប្រើជាទូទៅ ដែលនាំឲ្យប្រជាជនមើលឃើញពិភពលោកកាន់តែទូលំទូលាយ។
ទន្ទឹមនឹងនេះ ចំនួនប្រជាជនបានកើនឡើងទ្វេដងដល់ ៤០ លាននាក់ ដែលភាគច្រើនគឺកើនឡើងនៅក្នុងតំបន់ទីក្រុង។ ឥឡូវនេះ កាប៊ុលគឺជាទីក្រុងដែលមានប្រជាជនជិត ៤.៥ លាននាក់ ពោលគឺកើនឡើងពីប្រមាណ ២.៥ លាននាក់កាលពីឆ្នាំ ២០០១។ អត្រានៃកំណើននេះ គឺហក់ឡើងកាន់តែលឿនក្នុងទីក្រុងធំៗផ្សេងទៀតដែលពួកតាលីបង់ វាយយកបាននាពេលថ្មីនេះដូចជា Herat និង Mazar-e-Sharif ជាដើម។

សំណួរសម្រាប់មេដឹកនាំតាលីបង់នៅពេលនេះគឺថា តើវិធីសាស្រ្តប្រពៃណី កម្លាំងកាចសាហាវនិងការឃោសនាទាំងកាឡៃរបស់ពួកគេ អាចមានប្រសិទ្ធភាពលើប្រជាជននៅទីក្រុងធំៗនិងអ្នកដែលតាមដានព័ត៌មាន ដែរឬក៏អត់។ ប្រហែលជាមិនគួរតម្រូវឲ្យមានការបង្ខិតបង្ខំ ដើម្បីដាក់ការរឹតត្បិតចាស់ៗដូចជាការមិនឲ្យស្តាប់តន្ត្រី ដាក់កំហិតការអប់រំលើក្មេងស្រី ស្លៀកពាក់បិទជិតសម្រាប់នារី និងត្រូវទុកពុកមាត់សម្រាប់បុរសនោះទេ។
ប៉ុន្តែអាចថា មានបក្សពួកប្រកាន់តឹងមួយក្តាប់តូច នៅក្នុងក្រុមតាលីបង់ នៅតែចង់ធ្វើដូច្នេះ។ សកម្មប្រយុទ្ធមួយចំនួន នៅតែប្តេជ្ញាចិត្តប្រើវិធីដាក់ទណ្ឌកម្មចាស់ៗ ជាឧទាហរណ៍ដូចជាការវាយនឹងរំពាត់និងការប្រហារជីវិតជាសាធារណៈ ដើម្បីកម្ចាត់ប្រជាជន។ ហើយវាជារឿងសំខាន់ណាស់ដែលត្រូវចងចាំថា ពួកតាលីបង់មានឧបករណ៍ថ្មីៗមួយចំនួន រួមទាំងឧបករណ៍យោធាថ្មីដែលផលិតដោយអាមេរិក ព្រមទាំងការយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលឃោសនានៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

ប៉ុន្តែគេក៏អាចសន្មត់បានដែរថា មេដឹកនាំតាលីបង់ខ្លះ ដឹងពីតថភាពថ្មីដែលតម្រូវឲ្យប្រើវិធីសាស្ត្រថ្មីៗ។
និយាយម្យ៉ាងទៀត ចក្រភពឥស្លាមអាហ្វហ្គានីស្ថាន នឹងមើលទៅដូចជាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អ៊ីចឹង។
បើនិយាយពីប្រវត្តិរវាងទីក្រុងតេហេរ៉ង់និងពួកតាលីបង់វិញ ភាគីទាំងពីរស្ទើរតែបានធ្លាក់ចូលទៅក្នុងសង្គ្រាមនៅឆ្នាំ ១៩៩៨ ទៅហើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា មិនដូចរបបផ្តាច់ការយោធា Mullah នៅអ៊ីរ៉ង់ទេ ក្រុមតាលីបង់គ្មានអ្នកបច្ចេកទេសជ្រៅជ្រះ ដែលអាចបង្កើតរដ្ឋទំនើបបានឡើយ។ ពួកគេក៏មិនមានបទពិសោធន៍ក្នុងការក្តាប់សេដ្ឋកិច្ចទំនើបដែរ ហើយប្រជាជន ប្រហែលជាងាកទៅរកជំនាញរដ្ឋបាល។
ដូច្នេះ ទំនងជារដ្ឋាភិបាលថ្មីដែលដឹកនាំដោយតាលីបង់ នឹងមានបញ្ហារញ៉េរញ៉ៃ មិនស្ថិតស្ថេរ មានបក្សពួកប្រកួតប្រជែង និងគោលនយោបាយដែលមិនអាចទាយទុកជាមុនបាន។ នៅក្រោមកាលៈទេសៈនេះ មានការរំពឹងថា នឹងមាន អាហ្វហ្គានីស្ថាន ៣.០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Washington Post
ចុចអាន៖ ងាកមកមើលស្ថានភាពកូវីដនៅ អាហ្វហ្គានីស្ថាន បន្តិចមើល ដល់ណាហើយ?
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


