អត្ថាធិប្បាយ
តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចបញ្ចប់ដោយរបៀបណា? (មានវីដេអូ)
ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែពុះកញ្ជ្រោល អ្នកនយោបាយ និងអ្នករៀបចំផែនការយោធា កំពុងពិនិត្យមើលសេណារីយ៉ូមួយចំនួន។ មានមនុស្សតិចណាស់ដែលអាចទស្សន៍ទាយអំពីអនាគតប្រកបដោយទំនុកចិត្ត។
ខាងក្រោមនេះ គឺជាសេណារីយ៉ូចំនួន៥ ដែលអាចបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖
សង្គ្រាមរយៈពេលខ្លី
នៅក្រោមសេណារីយ៉ូនេះ គឺរុស្ស៊ីបង្កើនប្រតិបត្តិការយោធារបស់ខ្លួន។ មានការវាយប្រហារដោយកាំភ្លើងធំ និងគ្រាប់រ៉ុកកែតដោយមិនរើសមុខនៅទូទាំងប្រទេសអ៊ុយក្រែន។ ជនស៊ីវិលរាប់ម៉ឺននាក់ត្រូវស្លាប់។ ទោះបីជាមានការតស៊ូយ៉ាងក្លាហានក៏ដោយ ទីក្រុង កៀវ នឹងដួលរលំក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
រដ្ឋាភិបាល ត្រូវបានជំនួសដោយរបបដែលគាំទ្រទីក្រុងមូស្គូ។ លោកប្រធានាធិបតី Zelensky ត្រូវគេធ្វើឃាត ឬភៀសខ្លួនទៅភាគខាងលិចប្រទេសអ៊ុយក្រែន ឬក៏ទៅនៅបរទេស ដើម្បីបង្កើតរដ្ឋាភិបាលនិរទេសមួយ។
លោកប្រធានាធិបតី Putin ប្រកាសជ័យជម្នះ និងដកកងកម្លាំងមួយចំនួនចេញ ប៉ុន្តែបន្សល់ទុកក្នុងចំនួនដ៏សមល្មមដើម្បីរក្សាការគ្រប់គ្រងខ្លះ។ ជនភៀសខ្លួនរាប់ពាន់នាក់ បន្តភៀសខ្លួនទៅភាគខាងលិច។
លោក Putin អាចសម្រេចបាននូវការផ្លាស់ប្តូររបបក្នុងទីក្រុងកៀវ និងបញ្ចប់សមាហរណកម្មលោកខាងលិចរបស់អ៊ុយក្រែន។ ប៉ុន្តែរដ្ឋាភិបាលដែលគាំទ្ររុស្ស៊ី នឹងមិនស្របច្បាប់ទេ ហើយងាយរងគ្រោះនឹងការបះបោរជាទីបំផុត។
សង្គ្រាមរយៈពេលវែង
ប្រហែលជាកងកម្លាំងរុស្ស៊ីត្រូវបានរំខានដោយកម្រិតសីលធម៌ទាប ផ្នែកភស្តុភារមិនល្អ និងភាពជាអ្នកដឹកនាំមិនសមប្រកប។
ប្រហែលជាត្រូវការពេលយូរជាងនេះសម្រាប់កងកម្លាំងរុស្ស៊ី ក្នុងការកាន់កាប់ទីក្រុងនានាដូចជា កៀវ ជាដើម ដែលមានក្រុមអ្នកការពារ ប្រយុទ្ធតាមដងផ្លូវ។
ហើយសូម្បីតែនៅពេលដែលកងកម្លាំងរុស្ស៊ីសម្រេចបាន ការឈរជើងនៅក្នុងទីក្រុងនានារបស់អ៊ុយក្រែនក៏ដោយ ប៉ុន្តែពួកគេប្រហែលជាត្រូវតស៊ូដើម្បីរក្សាការគ្រប់គ្រង។ ប្រហែលជា រុស្ស៊ីមិនអាចផ្តល់ទ័ពគ្រប់គ្រាន់ ដើម្បីគ្របដណ្តប់លើប្រទេសដ៏ធំបែបនេះបានទេ។
កងកម្លាំងការពាររបស់អ៊ុយក្រែន បានប្រែក្លាយទៅជាការបះបោរដ៏មានប្រសិទ្ធភាព មានការលើកទឹកចិត្ត និងគាំទ្រពីសំណាក់ប្រជាជនក្នុងតំបន់។ ប្រទេសលោកខាងលិចបន្តផ្តល់អាវុធ និងគ្រាប់រំសេវ។
សង្គ្រាមអឺរ៉ុប
តើវាអាចទៅរួចទេ សង្គ្រាមនេះអាចហៀរចេញក្រៅព្រំដែនអ៊ុយក្រែន? លោកប្រធានាធិបតី Putin អាចព្យាយាមដណ្តើមយកមកវិញនូវទឹកដីជាច្រើនទៀតនៃអតីតចក្រភពរុស្ស៊ី ដោយបញ្ជូនទាហានចូលទៅក្នុងអតីតសាធារណរដ្ឋសូវៀត ដូចជាម៉ុលដាវី និងហ្សកហ្ស៊ី ដែលមិនមែនជាផ្នែកនៃអង្គការណាតូ។
លោក Putin អាចប្រកាសថា ការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់កងកម្លាំងអ៊ុយក្រែន គឺជាទង្វើគឃ្លើនដែលជំរុញឲ្យមានការសងសឹក។ គាត់ក៏អាចគំរាមបញ្ជូនទាហានចូលទៅក្នុងបណ្តារដ្ឋបាល់ទិកទៀតផង។
រឿងបែបនេះនឹងមានគ្រោះថ្នាក់ និងប្រថុយប្រថានផ្ទុះសង្គ្រាមជាមួយអង្គការណាតូ។ នៅក្រោមមាត្រា៥នៃធម្មនុញ្ញរបស់សម្ព័ន្ធភាពយោធាមួយនេះបានចែងថា ការវាយប្រហារលើសមាជិកមួយ គឺជាការវាយប្រហារលើសមាជិកទាំងអស់។ ប៉ុន្តែលោក Putin អាចនឹងប្រថុយ ប្រសិនបើគាត់មានអារម្មណ៍ថា វាជាមធ្យោបាយតែមួយគត់ក្នុងការសង្គ្រោះភាពជាដឹកនាំរបស់គាត់។
ដំណោះស្រាយការទូត
ពិតណាស់ ការសន្ទនានៅតែបន្ត។ ប្រធានាធិបតីបារាំងលោក Macron បាននិយាយជាមួយលោកប្រធានាធិបតី Putin តាមទូរសព្ទ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ មន្ត្រីរុស្ស៊ី និងអ៊ុយក្រែនបានជួបចរចាគ្នានៅព្រំដែនប្រទេសបេឡារុស។ យ៉ាងណាក្តី កិច្ចពិភាក្សានោះ ប្រហែលជាគ្មានផ្លែផ្កាអ្វីច្រើនទេ។ ប៉ុន្តែដោយយល់ព្រមលើការចរចានេះ យ៉ាងហោចណាស់ លោក Putin ហាក់ដូចជាទទួលយកលទ្ធភាពនៃបទឈប់បាញ់ដែរ។
ពិចារណាលើសេណារីយ៉ូនេះ។ សង្គ្រាមនឹងមានផលអាក្រក់សម្រាប់រុស្ស៊ី។ ការដាក់ទណ្ឌកម្មចាប់ផ្តើមធ្វើឲ្យក្រុងមូស្គូមិនស្ងប់ចិត្ត។ ការប្រឆាំងកើនឡើងហើយលោក Putin វិនិច្ឆ័យថា ការបន្តសង្រ្គាមអាចជាការគម្រាមកំហែងកាន់តែខ្លាំងដល់ភាពជាអ្នកដឹកនាំរបស់គាត់។
ចិនធ្វើអន្តរាគមន៍ ដោយដាក់សម្ពាធលើក្រុងមូស្គូឲ្យសម្រុះសម្រួល ដោយព្រមានថា ខ្លួននឹងមិនទិញប្រេង និងឧស្ម័នរបស់រុស្ស៊ីទេ លុះត្រាតែរុស្ស៊ីបន្ធូរបន្ថយភាពតានតឹង។ ដូច្នេះលោក Putin ចាប់ផ្តើមរកផ្លូវចេញ។
លោក Putin ធ្លាក់ចេញពីតំណែង
នៅពេលលោក Putin ចាប់ផ្តើមការលុកលុយរបស់គាត់ គាត់បានប្រកាសថា “យើងត្រៀមខ្លួនរួចហើយ ទោះជាទទួលលទ្ធផលបែបណាក៏ដោយ”។
ប៉ុន្តែ ចុះវាទៅជាយ៉ាងណាវិញ បើលទ្ធផល គាត់ត្រូវបាត់បង់អំណាច? មើលទៅ វាប្រហែលជាមិននឹកស្មានដល់ទេ។ ប៉ុន្តែពិភពលោកបានផ្លាស់ប្តូរក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយគេបានគិតដល់រឿងបែបនេះ។
សាស្រ្តាចារ្យ Sir Lawrence Freedman ផ្នែកសិក្សាសង្គ្រាម នៅសាកលវិទ្យាល័យ Kings College ទីក្រុងឡុងដ៍ បានសរសេរនៅសប្តាហ៍នេះថា “ឥឡូវនេះ វាទំនងជានឹងមានការផ្លាស់ប្តូររបបនៅទីក្រុងមូស្គូ ដូចនៅទីក្រុង កៀវ ដែរ”។
ហេតុអ្វីបានជាគាត់និយាយបែបនេះ? ប្រហែលលោក Putin បន្តសង្រ្គាមដ៏មហន្តរាយ។ ទាហានរុស្ស៊ីរាប់ម៉ឺននាក់ត្រូវស្លាប់។ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចញាំញី។ លោក Putin បាត់បង់ការគាំទ្រពីប្រជាជន ហើយប្រហែលជាមានការគំរាមកំហែងធ្វើបដិវត្តន៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រោងចក្រ នុយក្លេអ៊ែរ ធំជាងគេនៅ អឺរ៉ុប រងការវាយប្រហារហើយ ពេលនេះកំពុងឆាបឆេះ
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


