កូវីដ-១៩
តើចាំបាច់ទេក្នុងការពិនិត្យរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩?
បច្ចុប្បន្ននៅតែមានប្រជាពលរដ្ឋមួយចំនួនហាក់មិនអស់ចិត្ត រហូតទៅប្រើសេវាឯកជន ឬទិញឧបករណ៍តេស្តដោយខ្លួនឯង ដើម្បីធ្វើតេស្តរកមើលអង់ទីគ័រការពារមេរោគកូវីដ-១៩ក្នុងសរីរាង្គរបស់ខ្លួន បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ។ ជុំវិញការមន្ទិលសង្ស័យ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានពន្យល់ និងលើកករណីមួយចំនួនមកបង្ហាញ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា កាលណាយើងចាក់វ៉ាក់សាំងទៅ វាចូលសរីរាង្គយើងរួចទៅហើយ ចង់បូមចេញវិញ ក៏ចេញមិនរួចដែរ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “អ៊ីចឹងនៅពេលវ៉ាក់សាំងចូលទៅក្នុងសរីរាង្គយើងហើយនោះ មានន័យថាវ៉ាក់សាំងនេះ បានទៅបង្រៀនសរីរាង្គយើង [ពីការប្រឆាំងមេរោគកូវីដ-១៩] ហើយសរីរាង្គយើងក៏បានរៀនពីវ៉ាក់សាំងនោះដែរ។ អ៊ីចឹងការណ៍ដែលយើងគិតថា ចង់រកមើលអង់ទីគ័រអង្គការពារឡើង ឬមិនឡើង ឬវាធ្លាក់យ៉ាងណានោះ ខ្ញុំសូមជម្រាបជូនថា ទោះបីនៅសហរដ្ឋអាមេរិកក៏មិនអនុញ្ញាត ឬជំរុញឱ្យទៅវាស់វែងរកអង់ទីគ័រដែរ”។
លោកស្រីវេជ្ជបណ្ឌិត មានប្រសាសន៍បន្ថែមថា៖ “អង្គការសុខភាពពិភពលោក ក៏មិនជំរុញ មិនផ្ដល់អនុសាសន៍ ក្រោយពីចាក់វ៉ាក់សាំងហើយ ត្រូវធ្វើការវាស់វែងរកអង់ទីគ័រនោះដែរ។ អ៊ីចឹងកន្លែងនេះត្រូវឱ្យច្បាស់ទាំងអស់គ្នាថា នៅពេលយើងចាក់វ៉ាក់សាំងហើយ គឺយើងមានកងការពារនៅក្នុងខ្លួនយើងហើយ ព្រោះវាមានកត្តាច្រើនណាស់”។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ លើកឡើងថា មានអ្នកខ្លះថា វ៉ាក់សាំងនោះល្អ វ៉ាក់សាំងនោះមិនល្អ និយាយឱ្យចំទៅគេច្រើននិយាយថា វ៉ាក់សាំងផលិតនៅប្រទេសចិនមិនល្អ តែធាតុពិតនៅប្រទេសចិនមកដល់ពេលនេះគេចាក់បាន១ពាន់លានដូសទៅហើយសម្រាប់ប្រជាជនគេជាង១ពាន់លាននាក់នោះ ហើយចិនគេប្រើតែវ៉ាក់សាំងផលិតនៅប្រទេសគេ គឺស៊ីណូហ្វាម ស៊ីណូវ៉ាក់ ហើយឥឡូវប្រទេសចិនបានប្រើវ៉ាក់សាំងហ្នឹងសម្រាប់ចាក់ឱ្យកូនក្មេងទៀត។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “វ៉ាក់សាំងនេះផលិតតាមបច្ចេកទេសបែបអភិវឌ្ឍបុរាណដែលគេផលិតវ៉ាក់សាំងជាច្រើនកន្លងមក។ អ៊ីចឹងការប្រើប្រាស់វ៉ាក់សាំងនេះ គេមិនឱ្យវាស់វែងអង់ទីគ័រទេ ព្រោះមានកត្តាច្រើនណាស់ ដែលពេលខ្លះក៏យើងអាចដឹង ពេលខ្លះក៏យើងមិនដឹង។ ឧទាហរណ៍ បើបុគ្គលនោះមានជំងឺធ្វើឱ្យមានភាពខ្សោយនៃប្រព័ន្ធការពារ ដែលប្រព័ន្ធការពារមានលទ្ធភាពបង្កើតអង់ទីគ័រយឺត ឬតិច ករណីនេះគេអាចដឹងបាន”។
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រូបនេះ លើកឡើងថា ដូចនេះហើយបច្ចុប្បន្ន នៅប្រទេសមួយចំនួនកំពុងសិក្សា ផ្ដោតលើការផ្ដល់វ៉ាក់សាំងដូសទី៣ជាជំហានទៅលើក្រុមហានិភ័យខ្ពស់។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ក្នុងនោះក៏មានក្រុមដែលមានភាពខ្សោយនៃប្រព័ន្ធការពារ។ អ៊ីចឹងការផ្ដល់វ៉ាក់សាំងថែមដល់ពួកគាត់ដើម្បីជួយជំរុញឱ្យសរីរាង្គរបស់គាត់មានកងការពារឡើងវិញ”។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា អ្វីដែលសំខាន់គឺការការពាររ ពោលគឺដើម្បីកុំឱ្យមានការឆ្លងវីរុសកូវីដ-១៩ យើងត្រូវការពារខ្លួនយើងជាប់ជានិច្ច ៣កុំ៣ការពារ រួមជាមួយការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យយើងមានភាពរឹងមាំសម្រាប់ទប់ការឆ្លងនៃវីរុសកូវីដ-១៩។

គួរបញ្ជាក់ថា យោងតាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០២ ខែកញ្ញានេះ មានប្រជាពលរដ្ឋប្រមាណជិត១១លាននាក់ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស្មើនឹង ៦៨.៦១ភាគរយ ធៀបនឹងគោលដៅ១៦លាននាក់ ក្នុងនោះមានក្រុមមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដែលបានចាក់នៅថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១ មានចំនួន ៩,៣៧៧,២៥៨នាក់ ស្មើនឹង ៩៣.៧៧ភាគរយ ធៀបនឹងគោលដៅ ១០លាននាក់ និងក្រុមមនុស្សចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំដែលបានចាក់ចាប់ពីថ្ងៃទី០១ ខែសីហាកន្លងទៅនេះមានចំនួន ១,៦៨០,៧៩៨នាក់ ស្មើនឹង ៨១.៣៩ភាគរយ ធៀបនឹងគោលដៅជិត២លាននាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


