សុខភាព
មកដឹងពីតេស្ដរកអង់ទីគ័រការពារកូវីដ-១៩ ក្រោយចាក់វ៉ាក់សាំងរួច
អង់ទីគ័រការពារជាភ្នាក់ងារមួយក្នុងរាងកាយចាំប្រឆាំងរាល់មេរោគ និងវីរុសបណ្ដាលឲ្យយើងឈឺបាន។ បច្ចុប្បន្ននេះ គ្នាយើងមួយចំនួនធំច្បាស់ជាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានគ្រប់ដូស និងប្រហែលជាឆ្ងល់ថា ខ្លួនយើងដុះអង់ទីករការពារជំងឺកូវីដ-១៩ ហើយឬនៅ។ ខាងក្រោមនេះ ជាការបកស្រាយរបស់គ្រូពេទ្យជំនាញអំពីតេស្ដអង់ទីករការពារកូវីដ-១៩ និងប្រភេទវ៉ាក់សាំង។
១. អ្វីទៅជាអង់ទីគ័រ?

តាមការពន្យល់របស់លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ពេលយើងឆ្លងមេរោគ ឬពេលចាក់វ៉ាក់សាំង ខ្លួនយើងនឹងផលិតអង់ទីគ័រ និងកោសិកាជើងចាស់ (Lymphocytes B និងT)។ ពេលមេរោគឆ្លងលើកទី២ ឬចាក់វ៉ាក់សាំងលើកទី២ នោះអង់ទីគ័រនឹងដុះច្រើន ហើយក៏មានដុះកោសិកាជើងយ៉ាងច្រើនដែលលាក់ខ្លួននៅក្នុងកូនកណ្ដុរ និងខួរឆ្អឹងត្រៀមប្រយុទ្ធនឹងការឆ្លងមេរោគសារជាថ្មី។ លោកបន្តថា មែនទែនទៅ វីរុសកូវីដ-១៩ អាចឲ្យដុះអង់ទីគ័រច្រើនប្រភេទ។
ដើម្បីឲ្យគ្នាយើងងាយស្រួលយល់ វេជ្ជបណ្ឌិតរូបនេះបានលើកឧទាហរណ៍ថា យើងប្រដូចមេរោគទៅនឹងផ្លែសាវម៉ាវ វាមានព្រុយ សំបក សាច់ និងគ្រាប់។ ពេលឆ្លងមេរោគចូល ឬពេលចាក់វ៉ាក់សាំង Sinopharm ឬ Sinovac (ផលិតឡើងពីមេរោគងាប់) នឹងមានដុះអង់ទីគ័រប្រឆាំងព្រុយ សំបក និងសាច់ តែមិនមានអង់ទីគ័រប្រឆាំងនឹងគ្រាប់ទេ ព្រោះគ្រាប់ផ្ទុកគ្រឿងសម្គាល់ខ្លួន (RNA) មិនអាចឲ្យមានដុះអង់ទីគ័រប្រឆាំងនឹងគ្រាប់ទេ គឺអង់ទីគ័រប្រឆាំងនឹងព្រុយដែលមាននាទីរារាំងកុំឲ្យតោងជាប់ និងចូលទៅក្នុងកោសិកាផ្លូវដង្ហើមហើយនាំឲ្យយើងឈឺ។
ដូចនេះហើយទើប ប្រទេសជឿនលឿនគេផលិតវ៉ាក់សាំងឲ្យបង្កើតតែអង់ទីគ័រប្រឆាំងនឹងព្រុយ ដោយមិនខ្វល់នឹងអង់ទីគ័រផ្សេងទៀតទេ។ វ៉ាក់សាំងកូវីដ-១៩ ទាំងនោះមាន Pfizer (អាមេរិក/អាល្លីម៉ង់) Moderna (អាមេរិក) AstraZeneca (អង់គ្លេស) ជាដើម។ វ៉ាក់សាំងទាំងនេះនឹងបង្កើតអង់ទីគ័រប្រឆាំងនឹងព្រុយ និងបង្កើតកោសិកា B និង T បានខ្លាំងល្អ (Very immunogenic)។ ចំណែកឯ វ៉ាក់សាំង Sinopharm ឬ Sinovac ដោយហេតុជាមេរោគទាំងមូល (វាងាប់ទេ) ដូច្នេះឲ្យដុះអង់ទីគ័រប្រឆាំងនឹងព្រុយផង និងសំបកផង និងសាច់ផង។ ដូច្នេះ ដើម្បីដឹងថាឆ្លងមេរោគហើយមានដុះអង់ទីគ័រការពារ ឬអត់ គេត្រូវវាស់អង់ទីគ័រប្រឆាំងនឹងព្រុយ (neutralizing antibodies) តែមកដល់ពេលនេះគេមិនទាន់អាចចែកឲ្យដាច់ថា កម្រិតណាការពារបាន ១០០ ឬ ១០០០ ឬ ១លាននោះទេ។
២. តើតេស្ដរកអង់ទីគ័រចង់ដឹងពីអ្វី?

វេជ្ជបណ្ឌិតបន្តថា បើតេស្ដរកអង់ទីគ័រប្រឆាំងនឹងសំបក (Envelope ដែលមានប្រូតេអ៊ីន E និង M) ឬប្រឆាំងនឹងសាច់ (Nucleocapsid) គឺមិនអាចរកឃើញអង់ទីគ័រប្រឆាំងនឹងព្រុយទេ (Spike Protein ឬហៅថា neutralizing antibodies) ដូច្នេះគ្រាន់តែអាចប្រាប់ថា ធ្លាប់មានឆ្លងមេរោគ។ អ្នកចាក់វ៉ាក់សាំង AstraZeneca, Pfizer, Moderna, Sputnik V ដុះតែអង់ទីគ័រប្រឆាំងនឹងព្រុយតែប៉ុណ្ណោះ បើយកតេស្ដខាងលើមកប្រើនឹងឃើញអវិជ្ជមាន ទាល់តែយកតេស្ដរកអង់ទីគ័រប្រឆាំងនឹងព្រុយបានអាចវិជ្ជមាន តែដូចបានរៀបរាប់ខាងលើ តែអត់ដឹងការពារបាន ឬអត់ផង? ចំណែកអ្នកដែលបានយកតេស្ដ អង់ទីគ័រប្រឆាំងនឹងនឹងព្រុយ (Spike Protein ឬហៅថា neutralizing antibodies) មកធ្វើតេស្ដ ដើម្បីរកអង់ទីគ័រក្រោយចាក់វ៉ាក់សាំង Sinopharm ឬ Sinovac មិនខុសពីយកឧបករណ៍ស្វែងរកមីន ទៅរករ៉ែពេជ្រនោះទេ។ និយាយឲ្យស្រួលយល់ គឺថាជួនកាលយើងអាចមិនដុះអង់ទីគ័រប្រឆាំងនឹងព្រុយ ឬអង់ទីគ័រដុះតិច ប៉ុន្តែយើងអាចដុះអង់ទីគ័រប្រឆាំងនឹងសំបក ឬដុះអង់ទីគ័រប្រឆាំងនឹងសាច់មេរោគ។
លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី បានបញ្ជាក់បន្ថែមថា ឆ្លងមេរោគក៏ដោយ ចាក់វ៉ាក់សាំងក៏ដោយ អាទិត្យទី១ ដុះអង់ទីគ័រប្រភេទ lgM អាទិត្យទី២ ដុះអង់ទីគ័រប្រភេទ lgG និងអាទិត្យទី៦ បាត់អង់ទីគ័រ lgM សល់តែ lgG ដែលនៅបានរាប់ខែ។

ពាក់ព័ន្ធនឹងការធ្វើតេស្តរហ័សរកអង់ទីគ័រក្រោយចាក់វ៉ាក់សាំងកូវីដ ១៩ នេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បញ្ជាក់ថា គ្មានការចាំបាច់ទេចំពោះការធ្វើតេស្តរហ័សរកអង់ទីគ័រលើបុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចនោះ ដោយហេតុផលថា វ៉ាក់សាំងដែលពលរដ្ឋចាក់នោះត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដាក់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។ លោកស្រីបន្តថា វ៉ាក់សាំងទាំងអស់នោះ សុទ្ធតែបានធ្វើតេស្តតាមលក្ខណៈវិទ្យាសាស្ត្រ ឆ្លងកាត់ការសិក្សាជាច្រើនទាក់ទងទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង។
លោកស្រីសង្កត់ធ្ងន់ថា អង្គការសុខភាពពិភពលោកមិនបានផ្តល់អនុសាសន៍ឲ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនោះទេ ព្រោះថាឧបករណ៍នេះមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។ ក្នុងកាលៈទេសៈនេះ លោកស្រីថា ពលរដ្ឋគួរណាកុំចំណាយថវិកាដើម្បីទិញឧបករណ៍នេះ អ្វីដែលចាំបាច់គឺត្រូវទៅចាក់វ៉ាក់សាំង និងបន្តអនុវត្តតាមវិធានការសុខាភិបាលត្រឹមត្រូវឲ្យបានគ្រប់គ្នា ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៍យើងពីជំងឺកូវីដ-១៩៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចាំបាច់អត់ក្នុងការធ្វើតេស្តរហ័សរកអង់ទីគ័រ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩?
ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ