ជីវិតកម្សាន្ដ
ទោះមិនល្បីដូច សាន់ឆាយ តែទ្រព្យធនស្វាមីទី២ មានមិនចាញ់គ្នាប៉ុន្មានទេ
បន្ទាប់ពីរៀបការជាមួយ Barbie Hsu តារាកូរ៉េ DJ Koo ត្រូវបាន Wang Xiaofei និងអ្នកលេងអ៊ីនធឺណិតមួយចំនួនចោទប្រកាន់ថាជាមនុស្សដែលចង់បានលុយ និងរស់ពឹងផ្អែកលើប្រពន្ធ។ ប៉ុន្តែ តាមពិតទៅ ផលិតករចម្រៀងកូរ៉េរូបនេះ មិនត្រឹមតែសម្បូរទេ ថែមទាំងទទួលបានការគោរពពីសិល្បករក្នុងបញ្ជី A ក្នុងទឹកដីកំណើតខ្លួនទៀតផង។
នៅលើ Instagram DJ រូបនេះ បានបង្ហោះវីដេអូខ្លីមួយជាអក្សរកូរ៉េថា «ខ្ញុំនឹងស្រឡាញ់អ្នកជារៀងរហូត» អមដោយបទភ្លេងនៃបទចម្រៀងស្នេហាលេងនៅលើព្យាណូ។ នៅក្នុងផ្នែក comment អ្នកលេងអ៊ីនធឺណិតជាច្រើនបានបន្សល់ទុកនូវពាក្យថ្លែងអំណរគុណចំពោះផលិតករតន្ត្រីដែលបានស្រលាញ់ និងផ្តល់ឲ្យសាន់ឆាយ នូវឆ្នាំចុងក្រោយនៃជីវិតរបស់នាង។ ប៉ុន្តែភាគច្រើននៃអាពាហ៍ពិពាហ៍រយៈពេលខ្លីរវាងអ្នកទាំងពីរ មិនទទួលបានការគាំទ្រពីទស្សនិកជនចិន ភាគច្រើននោះទេ។
បន្ទាប់ពីភរិយាទទួលមរណភាពភ្លាមៗ អ្នកខ្លះគិតថា DJ ចង់បានមរតកប្រពន្ធ។ មានសូម្បីតែពាក្យចចាមអារ៉ាមនៅលើបណ្តាញសង្គមថា គាត់បានទិញធានារ៉ាប់រងមរណភាពសម្រាប់ Barbie ហើយថាគាត់ជាអ្នកទទួលផល។ ក្រោយមកនៅថ្ងៃទី ០៦ ខែកុម្ភៈ នៅពេលដែល DJ បានប្រកាសពីការលះបង់សិទ្ធិមរតក និងផ្ទេរទៅឲ្យម្តាយក្មេកគឺលោកស្រី Hoang Xuan Mai ពាក្យចចាមអារ៉ាមអាក្រក់បានស្ងប់ស្ងាត់ទៅវិញ។
យោងតាមកាសែត HK01 បាននិយាយថា DJ Koo មិនមែនជាមនុស្សចូលចិត្តបង្ហាញមុខមាត់ប៉ុន្មានទេ ដ្បិតតែគាត់មិនពូកែដូចភរិយា ប៉ុន្តែការពិតគាត់ក៏ខ្លាំងទាំងផ្នែកហិរញ្ញវត្ថុ និងឋានៈសង្គមផងដែរ។

តាមពិតទៅ DJ Koo បានចូលប្រឡូកក្នុងវិស័យសិល្បៈ និងល្បីល្បាញជាងប្រពន្ធរបស់គាត់តាំងពីយូរយារណាស់មកហើយ។ គាត់ និង Kang Won Rae បានបង្កើតក្រុម Clon ដែលបានបង្ហាញខ្លួនជាផ្លូវការក្នុងឆ្នាំ ១៩៩៦ ។ ពួកគេត្រូវគេទទួលស្គាល់យ៉ាងឆាប់រហ័សថា ជាក្រុមដែលមានក្បាច់រាំខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េ ហើយក៏ជាក្រុមតារាប្រុសតំណាងនៃក្រុម Hallyu ជំនាន់ដំបូងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ផងដែរ។ ជាច្រើនឆ្នាំមុន នៅពេលដែលគាត់ចាប់ផ្តើមស្នេហាជាមួយ Barbie ក្នុងឆ្នាំ ១៩៩៨ អ្នកគ្រប់គ្រងរបស់គាត់បានហាមឃាត់ ព្រោះខ្លាចប៉ះពាល់ដល់អាជីពរបស់គាត់។ ទីបំផុតពួកគេបានបែកគ្នានៅឆ្នាំ ២០០០។
ពិធីករជាតិ Yoo Jae Suk ហៅគាត់ថាបងធំ។ គាត់ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយតារាសម្តែង Squid Game លោក Lee Byung Hun, Rain ប្តីរបស់ Kim Tae Hee ថែមទាំងធ្លាប់រាំបម្រុងឲ្យ DJ Koo ទៀតផង។ សូម្បីតែ G-Dragon ក្រុម Big Bang ក៏គោរពគាត់ដែរ។
យ៉ាងណា ក្រោយ Clon ត្រូវបានរំសាយនៅឆ្នាំ ២០០៥ DJ Koo បានងាកទៅផលិតតន្ត្រី។ គាត់គឺជាបុរសដែលនៅពីក្រោយកម្មវិធីល្បីទូទាំងប្រទេស Pick Me ដែលជាបទចម្រៀងរបស់កម្មវិធីល្បី Produce 101 ក្នុងឆ្នាំ ២០១៥។ បទចម្រៀងនេះក្រោយមកត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងអំឡុងពេលយុទ្ធនាការរបស់ពួកគេ។ ជារឿយៗគាត់ត្រូវបានគេអញ្ជើញឲ្យធ្វើជាឌីជេនៅក្លឹបរាត្រីល្បីៗក្នុងប្រទេសកូរ៉េ តៃវ៉ាន់ និងសហរដ្ឋអាមេរិក។ លោកក៏បានបង្ហាញខ្លួនក្នុងកម្មវិធីតន្ត្រីធំៗតាមកញ្ចក់ទូរទស្សន៍ ក្នុងប្រទេសកំណើតរបស់លោកផងដែរ។
ប្រាក់ចំណូលរបស់ DJ Koo មិនមែនបានមកពីអាជីពជាឌីជេមួយមុខទេ។ គាត់បានបើកការតាំងពិពណ៌សិល្បៈក្នុងនាមជាវិចិត្រករ។ រូបគំនូរមួយរបស់គាត់លក់បានប្រហែល ៣ ៣០០ ដុល្លារអាមេរិក)។ នៅខែមេសាឆ្នាំ២០២២ DJ Koo បានបង្ហាញនៅលើ Instagram ថាការងារ NFTដែលជាដែលជាបច្ចេកវិទ្យាប្រើហត្ថលេខាឌីជីថលដើម្បីបញ្ជាក់ពីការងារដើម របស់គាត់ត្រូវបានលក់អស់ក្នុងរយៈពេល ៧វិនាទី។
មិនឈប់នៅទីនោះ DJ Koo ក៏ជាសហម្ចាស់ហាងលក់សម្លៀកបំពាក់របស់ខ្លួនឈ្មោះថា ALLEN A។ ទោះបីជាគេមិនច្បាស់ថា តារាចម្រៀងប្រុសមានទំហំទឹកប្រាក់ប៉ុន្មាននោះទេ ប៉ុន្តែគេហដ្ឋានរបស់គាត់ មានទីតាំងនៅអគារថ្លៃបំផុតក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នោះគឺភូមិ UN នៅ Hannam-dong។ គាត់បានណែនាំវានៅក្នុងកម្មវិធីទូរទស្សន៍កាលពីពេលកន្លងមក។ ជាពិសេស ផ្ទះល្វែងមានតម្លៃ ២.៩ ពាន់លានវ៉ុន (ជិត ២លានដុល្លារអាមេរិក ) ដែលមានអ្នកជិតខាងរួមគ្នាសុទ្ធតែស្ថិតក្នុងបញ្ជី A ដូចជា Lee Byung Hun, GD, Taeyang (Big Bang), So Ji Sub, Jennie (BlackPink) និង Psy ជាដើម។
មិនតែប៉ុណ្ណោះ សារព័ត៌មានចិនបានដកស្រង់ប្រភពជិតស្និទ្ធដែលនិយាយថា DJ Koo បានចាកចេញពីស្រុកកំណើតទៅរស់នៅជាមួយ Barbie មិនមែនធ្វើជាស្វាមីចុងទេ គឺដើម្បីបំពេញបំណងចង់រស់នៅក្បែរសាច់ញាតិរបស់នាង។ គាត់ក៏បានយល់ព្រមជាមួយនាង ដោយមិនយកកូន ដោយសារតែស្ថានភាពសុខភាពសាន់ឆាយមិនអំណោយផល។
យ៉ាងណាមិញ បន្ទាប់ពីទស្សនិកជនជាច្រើនបានដឹងអំពីធាតុពិតរបស់ឌីជេកូរ៉េ តាមរយៈសារព៌ត៌មាន អ្នកលេងអ៊ីនធឺណែតក៏បានចង្អុលបង្ហាញថា មិនដូច Wang Xiaofei ដែលបានលេចមុខជាបន្តបន្ទាប់ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយចាប់តាំងពីការស្លាប់របស់អតីតភរិយា ខណៈ DJ Koo មិនដែលបង្ហាញខ្លួនម្តងណាឡើយ។ អ្វីដែលកាន់តែចាប់ភ្នែកមហាជន ពេលយកផេះរបស់ប្រពន្ធត្រឡប់មកស្រុកវិញ លោកក៏បិទបាំងខ្លួនឯងយ៉ាងប្រយ័ត្នប្រយែង មិនប្រឈមមុខនឹងក្រុមអ្នកសារព័ត៌មានផ្ទាល់ឡើយ។ ទស្សនិកជនជឿថា អ្នកដែលរងទុក្ខពិតដោយសារការលាចាកលោករបស់តួសាន់ឆាយ នោះគឺស្វាមីទី២ ហើយក៏មិនចាំបាច់បង្ហាញឲ្យសង្គមឃើញថាខ្លួនជាមនុស្សលះបង់ប៉ុណ្ណាដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រួសៗពី Wang Hongyi តារាចិនលេចមុខថតកុនលើទឹកដី សៀមរាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


