ព័ត៌មានជាតិ
តើដំណើរឆ្ពោះទៅរក «កិច្ចព្រមព្រៀងសន្តិភាពផ្លូវការ» រវាងកម្ពុជានិងថៃ រឹងមាំឬនៅ?
ប្រទេសកម្ពុជានិងថៃកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការអនុវត្តបទឈប់បាញ់ដែលមានភាពផុយស្រួយក្នុងពេលចាប់ផ្តើម ប៉ុន្តែបានក្លាយជាចំណុចដ៏រឹងមាំក្នុងដំណាក់កាលចុងក្រោយនេះ បន្ទាប់ពីការលូកដៃរបស់សហរដ្ឋអាមេរិកចូលកាន់តែជ្រៅ និងកត្តាអំណោយផលពីពេលវេលានៃកិច្ចប្រជុំកំពូលអាស៊ាន និងមានវត្តមានរបស់ប្រធាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

ដោយសារតែសុឆន្ទៈខ្ពស់របស់ភាគីសម្របសម្រួលទាំងសហរដ្ឋអាមេរិក និង ម៉ាឡេស៊ី បើទោះបីភាគីថៃម្តងហើយម្តងទៀត ហាក់សំដែងការមិនពេញចិត្តចំពោះដំណើរការចរចានេះ ប៉ុន្តែភាគីថៃគ្មានជម្រើសអ្វីផ្សេងក្រៅពីការទទួលយកដោយមិនអស់ចិត្ត និងទាំងអាម៉ាសនូវទង្វើដែលខ្លួនបានសាងនោះទេ។
ក្នុងជម្លោះព្រំដែនដែលនាំទៅដល់ការផ្ទុះអាវុធទ្រង់ទ្រាយធំមិនធ្លាប់មាន ដោយភាគីថៃបានប្រើប្រាស់អាវុធទំនើបៗ និងគ្រប់មធ្យោបាយប្រយុទ្ធ បូករួមទាំងប្រើប្រាស់យន្តហោះចម្បាំងពីលោកខាងលិច ដូចជា F-16 ផលិតនៅសហរដ្ឋអាមេរិក និង Gripen C/D ផលិតនៅប្រទេសស៊ុយអែត ភាគីជម្លោះថៃនិងកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់មួយកាលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ដោយការដាក់សម្ពាធយ៉ាងខ្លាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណល់ ត្រាំ លើភាគីជម្លោះទាំងពីរជាថ្នូរនឹងការបន្ធូរបន្ថយពន្ធនាំចូលទីផ្សារអាមេរិក។
ក្នុងដំណើរឆ្ពោះទៅរកការចុះហត្ថលេខាលើកតិកាសញ្ញាសន្តិភាព (Peace Accord/Agreement) ដែលជាការចងកាតព្វកិច្ចភាគីជម្លោះក្នុងច្បាប់អន្តរជាតិ ដើម្បីទទួលបាននូវសន្តិភាពពេញលេញនៅតាមបណ្តោយព្រំដែន ប្រទេសថៃនិងកម្ពុជាពេលនេះស្ថិតនៅក្នុងដំណាក់កាលនៃការត្រួតពិនិត្យបទឈប់បាញ់ (Ceasefire Monitoring) ដែលដឹកនាំការអនុវត្តដោយអាជ្ញាធរម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននាពេលនេះ រហូតដល់ចុងឆ្នាំ២០២៥។
តើអ្វីជាការត្រួតពិនិត្យបទឈប់បាញ់?
ការត្រួតពិនិត្យបទឈប់បាញ់ គឺជាដំណើរការមួយដែលធ្វើឡើងដោយស្ថាប័ន ឬក្រុមអធិការកិច្ចដែលមានការចាត់តាំងពីស្ថាប័នមានសមត្ថកិច្ចចំបងដើម្បី តាមដាន សង្កេត និងរាយការណ៍ អំពីការអនុវត្តន៍នៃកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីធានាថា ភាគីទាំងអស់គោរពតាម។
ក្នុងករណីជម្លោះរវាងកម្ពុជានិងថៃ ដែលស្ថិតនៅក្នុងតំបន់អាស៊ាន គឺអាស៊ានជាស្ថាប័នមានសមត្ថកិច្ចស្របតាមច្បាប់អន្តរជាតិក្នុងការដាក់ចេញដំណើរការសម្រាប់ការត្រួតពិនិត្យបទឈប់បាញ់ដែលភាគីទាំងពីរបានយល់ព្រមកាលពីថ្ងៃទី២៨ខែកក្កដា ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល៥ថ្ងៃនិង៥យប់ ដែលភាគីនិមួយៗ បានចោទដាក់គ្នាទៅវិញទៅមកថា ជាអ្នកបង្កហេតុផ្ទុះអាវុធមុននោះ។

ជាទូទៅការត្រួតពិនិត្យបទឈប់បាញ់មានគោលបំណងសំខាន់ ដូចខាងក្រោម៖
១៖ ធានាថា ភាគីទាំងអស់គោរពបទឈប់បាញ់ (មិនវាយប្រហារជាថ្មីទៀត)។ ក្នុងករណីបែបនេះក្នុងពេលកន្លងមក គេសង្កេតឃើញថា ក្រុមអង្កេតការណ៍បណ្តោះអាសន្ន (IOT) ដឹកនាំដោយយោធាម៉ាឡេស៊ី ជាប្រធានអាស៊ាន និងមានការចូលរួមពីបណ្តាប្រទេសមួយចំនួន ដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី ជាដើម តែងតែចល័តភ្នាមៗ ទោះក្នុងពេលយប់ឬថ្ងៃ នៅពេលណាដែលមានសេចក្តីរាយការណ៍ថា មានផ្ទុះអាវុធ។ ការត្រួតពិនិត្យរបស់ពួកគេ មានប្រសិទ្ធភាព និងធ្វើការមិនខ្លាចនឿយហត់ ដើម្បីកំណត់ថាភាគីណាជាអ្នកបង្កហេតុ។
២៖ កត់ត្រា និងរាយការណ៍ការរំលោភ (violations) ដូចជា ការបាញ់ ការផ្លាស់ទីកងទ័ព ឬការចាប់ខ្លួន។ រាល់ពេលនៃការប្រតិបត្តិការចុះត្រួតពិនិត្យ ច្បាស់ណាស់ថា ក្នុងនាមជាអ្នកអង្កេតការណ៍ឯករាជ្យ មិនលម្អៀងទៅភាគីខាងណា ការកត់ត្រា និងការសន្និដ្ឋានរបស់ក្រុមអង្កេតការណ៍នឹងក្លាយជាភស្តុតាងនៅពេលមានរឿងក្តីកើតឡើងនៅពេលអនាគត។
៣៖ បង្កើតទំនុកចិត្ត (confidence building) រវាងភាគីប្រយុទ្ធ។ ក្នុងដំណាក់កាលនេះ ក៏ជាពេលវេលាសំខាន់សម្រាប់ភាគីជម្លោះក្នុងការបង្ហាញឆន្ទៈបញ្ចប់ជម្លោះតាមរយៈក្រុមអង្កេតការណ៍ដើម្បីបង្ហាញបំណងផ្សះផ្សាឡើងវិញ។ ជាទូទៅ ការបង្កើតទំនុកចិត្តមិនអាចធ្វើឡើងរវាងភាគីជម្លោះផ្ទាល់នោះទេ ព្រោះពួកគេតែងតែមានពាក្យចោទប្រកាន់គ្នាទៅវិញទៅមក ប៉ុន្តែតាមរយៈភាគីទី៣ គឺមានប្រសិទ្ធភាពខ្ពស់ ដោយសារតែភាគីជម្លោះរៀងៗខ្លួនមិនអាចនិយាយអ្វីស្រេចតែចិត្តខ្លួនឯងបានទេ។ កន្លងមកភាគីថៃតែងតែចង់ចរចាជាមួយកម្ពុជាជាលក្ខណៈទ្វេភាគី ប៉ុន្តែដើម្បីកសាងទំនុកចិត្តជាអន្តរជាតិ កម្ពុជាត្រូវការភាគីទី៣ ទោះបីកម្រិតត្រីភាគី ចតុភាគី ឬក៏ពហុភាគី
៤៖ ជាជំហានដំបូងនៃសន្តិភាពអចិន្ត្រៃយ៍៖ ការត្រួតពិនិត្យបទឈប់បាញ់នេះជាដំណាក់កាលសំខាន់ណាស់ដើម្បីធានាឲ្យបាននូវស្ថិរភាពយូរអង្វែង ឬជាអចិន្ត្រៃយ៍ក្នុងពេលខាងមុខ។ សម្រាប់ជម្លោះកម្ពុជានិងថៃ អាចនិយាយបានថា ការត្រួតបទឈប់បាញ់មានប្រសិទ្ធភាពខ្ពស់ ដោយសារឆន្ទៈដ៏មោះមុតរបស់ភាគីម៉ាឡេស៊ីជាប្រធានអាស៊ាន។ រដ្ឋាភិបាលម៉ាឡេស៊ី ដឹកនាំដោយនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្លាប់តស៊ូក្នុងនយោបាយជាច្រើនទសវត្សរ៍ បានដាក់ចេញនូវវិធានការណ៍ដ៏មានប្រសិទ្ធភាពដើម្បីត្រួតពិនិត្យ។ កាន់តែសំខាន់ទៀតនោះ គឺ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដឹកនាំដោយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញរឿងនេះតាមរយៈប្រធានអាស៊ាន។
តើអ្នកណាឬស្ថាប័នណាមានសិទ្ធិត្រួតពិនិត្យបទឈប់បាញ់?
សម្រាប់ជម្លោះប្រទេសនិងប្រទេស ការត្រួតពិនិត្យការអនុវត្តបទឈប់បាញ់អាចធ្វើដោយ ស្ថាប័នអន្តរជាតិ ដូចជា អង្គការអន្តរជាតិ (UN), អាស៊ាន (ASEAN), ឬសហព័ន្ធអាហ្វ្រិក (AU), ជាដើម ប៉ុន្តែសម្រាប់ជម្លោះក្នុងប្រទេសវិញ ការត្រួតពនិត្យបទឈប់បាញ់ អាចមានស្ថាប័នអន្តរជាតិខាងលើ ឬក៏ភាគីទី៣ណាមួយដែលភាគីជម្លោះឯកភាពទទួលយក ដែលភាគីជម្លោះយល់ថាមានភាពយុត្តិធម៌មិនលម្អៀងសម្រាប់ពួកគេ។
សម្រាប់ករណីប្រទេសកម្ពុជានិងថៃដែលមានជម្លោះបង្ហូរឈាមចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ានបានសម្រេចបង្កើតក្រុមត្រួតពិនិត្យតាមធម្មនុញ្ញអាស៊ាន។ ការត្រួតពិនិត្យបទឈប់បាញ់ក្នុងពេលកន្លងមក បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានជាង២ខែនេះ រាប់ថា ជាដំណើរឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពប្រកបដោយប្រសិទ្ធភាព៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


