ព័ត៌មានអន្ដរជាតិ
[វិចារណកថា] ក្រោមហេតុផលអ្វីក៏ដោយ អានុទីន មិនអាចគេចវេសពីការចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា នោះទេ
មន្ត្រីរដ្ឋាភិបាលថៃ និងសារព័ត៌មានថៃជាច្រើនហាក់ព្យាយាមលេងល្បែងចិត្តសាស្ត្រចុងក្រោយ ដោយការបញ្ចេញ និងផ្សព្វផ្សាយព័ត៌មានជាច្រើនជុំវិញភាពមិនច្បាស់លាស់នៃដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ដែលមើលទៅទំនងគេចផុតពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសកម្ពុជា។

ព័ត៌មាននៃការលេងចិត្តសាស្រ្តចុងក្រោយនេះ ដោយយកលេសនៃការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី សិរិគិត (Sirikit) ដែលជាព្រះមាតារបស់មហាក្សត្រថៃបច្ចុប្បន្ននៅថ្ងៃទី២៤ខែតុលានេះ ក្រោយការបញ្ជាក់និងការផ្សព្វផ្សាយជាសាធារណៈ ខណៈដែលដំណឹងសោយទិវង្គតនេះត្រូវបានអ្នកសារព័ត៌មានជនជាតិអៀកឡង់ដែលស្និទ្ធនឹងរាជវាំងថៃធ្លាប់បានបង្ហាញជាច្រើនខែកន្លងមកហើយ។
ក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការផ្សព្វផ្សាយជាសាធារណៈនៃការសោទិវង្គតនេះ សារព័ត៌មានថៃជាច្រើនបានផ្សព្វផ្សាយដោយសំអាងលើការអះអាងពីការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលថៃ ប៉ុន្តែគ្មានសម្រង់សម្តីផ្ទាល់នោះទេ អំពីលទ្ធភាពដែលនាយករដ្ឋមន្ត្រី អានុទីន លុបចោលដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពូ និងជាពិសេសបំផុតនោះ គឺការមិនចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី និង មានការរៀបចំសម្របសម្រួលដោយរដ្ឋាភិបាលម៉ាឡេស៊ី។
ដំណើរការចរចារកដំណោះស្រាយក្នុងជម្លោះព្រំដែនរវាងថៃនិងកម្ពុជា បានប្រព្រឹត្តទៅក្រោមការតាមដានដ៏យកចិត្តទុក្ខបំផុតពីរដ្ឋបាលរបស់រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រាថ្នាចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពផ្លូវការដំបូងនៅតំបន់អាស៊ីអាគ្នេយ៍(ASEAN) ប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក។
ការចរចាសន្តិភាពរវាងប្រទេសកម្ពុជានិងថៃ បានប្រព្រឹត្តទៅក្នុងពេលវេលាដ៏តានតឹងបំផុតនិងរយៈពេលខ្លី មុនឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ខែតុលា។ ការចរចារកដំណោះស្រាយដែលថៃមិនចង់ធ្វើ គ្មានឆន្ទៈធ្វើ ប៉ុន្តែថៃមិនអាចគេចវេសរួចនេះ គឺដោយសារតែការដាក់សម្ពាធរបស់រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលតែងតែពោលថា «បញ្ឈប់ការសម្លាប់ជីវិតមនុស្ស»។
វាជាសំណាងល្អមួយសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដែលកម្ពុជាចង់បានបំផុត ក្នុងនាមជាប្រទេសតូចជាងថៃ មានសេដ្ឋកិច្ចខ្សោយជាងថៃ និងធ្លាប់ជួបសង្គ្រាមរ៉ាំរៃច្រើនទសវត្សរ៍ ដោយសារតែចាប់តាំងពីសម្រាប់បានកិច្ចព្រមព្រៀងបទឈប់បាញ់កាលថ្ងៃទី២៨ខែកក្កដា គឺសហរដ្ឋអាមេរិកជំរុញឲ្យម៉ាឡេស៊ីរៀបចំកិច្ចប្រជុំចរចាជាបន្តបន្ទាប់ ដើម្បីឈានទៅរកដំណោះស្រាយសន្តិភាពយូរអង្វែង។

ក្រោយការផ្សព្វផ្សាយរបស់បណ្តាញសារព័ត៌មានថៃអំពីការលុបចោលដំណើររបស់អានុទីនមិនបានប៉ុន្មានផង លោក អានុទីនខ្លួនឯង ក៏បានអះអាងតាមសារព័ត៌មានថៃដដែលនៅថ្ងៃទី២៥ តុលា ថា លោកនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។
យោងតាមការផ្សព្វផ្សាយរបស់ The Straits Times លោក អានុទីន បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងនៅទីក្រុងកូឡាឡាំពួ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅថ្ងៃទី ២៦ខែតុលា ហើយនឹងត្រឡប់ទៅប្រទេសថៃវិញបន្ទាប់ពីនោះ សម្រាប់រៀបចំពិធីបុណ្យកាន់ទុក្ខដោយការសោយទីវង្គត់របស់ព្រះមហាក្សត្រិយានី សិរីគិត។
តាមការចេញផ្សាយដដែល នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ដែលឡើងកាន់អំណាចក្រោមការដាក់លក្ខខណ្ឌរបស់គណបក្សប្រឆាំងឲ្យរំលាយសភាក្នុងរយៈពេល៤ខែនោះ ក៏បាននិយាយដែរថា លោកនឹងមិនចូលរួមកិច្ចប្រជុំកំពូល Apec នៅសប្តាហ៍ក្រោយដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូងនោះទេ។
ជាការពិតកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ គឺគ្មានភាគីណាមួយអាចលុបចោលដោយចិត្តឯងចង់បាននោះទេ ពីព្រោះថា ក្នុងរយៈពេលដ៏ខ្លីកិច្ចប្រជុំគ្រប់លំដាប់ថ្នាក់ ចាប់តាំងកម្រិតយោធភូមិភាគ (RBC) គណៈកម្មការព្រំដែនចម្រុះ ((JBC) គណៈកម្មការព្រំដែនទូទៅ (GBC) និងកិច្ចប្រជុំកម្រិតអន្តរជាតិចតុភាគី ដោយមានសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងភាគីជម្លោះទាំងពីរ គឺសុទ្ធតែបានធ្វើរួចរាល់ និង បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងរៀងរាល់លើក។ ដូចនេះ ភាគីថៃ ឬនាយករដ្ឋមន្ត្រីថៃ គ្មានហេតុផលណាគេចវេសពីការចុះហត្ថលេខាលើឯកសារផ្លូវការនេះទេ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


