ព័ត៌មានអន្ដរជាតិ
ស្លាប់៦៤នាក់នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មាននៅប្រេស៊ីល
ប្រតិបត្តិការប៉ូលិសដ៏ធំប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦៤នាក់បានស្លាប់ ក្នុងនោះមានមន្រ្តីប៉ូលិស៤នាក់ ដែលអាជ្ញាធរបានពណ៌នាថាជាប្រតិបត្តិការសន្តិសុខដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ។

អភិបាលរដ្ឋ Claudio Castro បាននិយាយថា ការវាយលុកដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារទី២៨តុលា មានការចូលរួមពីមន្ត្រីប៉ូលិសចំនួន ២ ៥០០នាក់ កំណត់គោលដៅលើក្រុម Comando Vermelho (Red Command) ដែលជាអង្គការឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសប្រេស៊ីល។ ប្រតិបត្តិការនេះបានព្យាយាមទប់ស្កាត់«ការពង្រីកទឹកដី»របស់ក្រុមគ្រឿងញឿននៅក្នុងទីក្រុង។
កងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណ Alemao និង da Penha favela នៅភាគខាងជើងទីក្រុង Rio នៅព្រឹកព្រលឹម រួចធ្វើការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ យោងតាមលោក Castro ការប៉ះទង្គិចគ្នាមានទាំងការបាញ់កាំភ្លើង និងការបោកគ្រាប់បែកដៃដែលទម្លាក់ចេញពីយន្តហោះគ្មានមនុស្សបើក។
អភិបាលក្រុងបានបន្តថា «វាមិនមែនជាឧក្រិដ្ឋកម្មធម្មតាទៀតទេ វាគឺជាភេរវកម្មគ្រឿងញៀន»។
គិតត្រឹមល្ងាចថ្ងៃអង្គារ រដ្ឋាភិបាលរដ្ឋបានរាយការណ៍ពីការចាប់ខ្លួនចំនួន៨១នាក់ រឹបអូសបានកាំភ្លើងចំនួន៤២ដើម និង«គ្រឿងញៀនមួយចំនួនធំ»។ ប៉ូលិសបានដាក់ពង្រាយរថពាសដែកចំនួន៣២គ្រឿងនៅទូទាំងតំបន់ប្រតិបត្តិការ ដែលមានការប៉ះទង្គិច។
អាជ្ញាធរបានជំរុញឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះ ព្រោះអំពើហិង្សាបានរំខានដល់ជីវិតសាធារណៈ។ ស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋបាននិយាយថា មនុស្សជាង ២០ម៉ឺននាក់ត្រូវបានរងផលប៉ះពាល់ ដោយសាលារៀនបិទទ្វារ សេវាសុខភាពផ្អាក និងមានការបង្វែរផ្លូវដឹកជញ្ជូនសាធារណៈ។
លោក Castro ដែលជាសម្ព័ន្ធមិត្តនយោបាយរបស់អតីតប្រធានាធិបតីស្តាំនិយម Jair Bolsonaro បានពណ៌នាប្រតិបត្តិការនេះថាមានទំហំធំជាងយុទ្ធនាការសន្តិសុខឆ្នាំ២០១០ ដែលឃើញកងកម្លាំងប៉ូលិស និងយោធារួមគ្នាដណ្តើមបានមកវិញនូវតំបន់ដដែលបន្ទាប់ពីការប្រយុទ្ធគ្នាមួយសប្តាហ៍ដែលបានសម្លាប់មនុស្សប្រហែល៣០នាក់។

ការបង្រ្កាបនាពេលនេះ កើតឡើងចំពេលមានការជជែកដេញដោលគ្នារវាងអាជ្ញាធររដ្ឋ និងសហព័ន្ធអំពីរបៀបចាត់ថ្នាក់ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន។ កាលពីខែឧសភា រដ្ឋាភិបាលរបស់ប្រធានាធិបតី Luiz Inácio Lula da Silva បានច្រានចោលសំណើមួយ ដើម្បីចាត់តាំងក្រុមដូចជា Comando Vermelho ជាអង្គការភេរវករ ដោយលើកហេតុផលថា សកម្មភាពរបស់ពួកគេទោះមានអំពើហិង្សា តែមិនស្របតាមនិយមន័យផ្លូវច្បាប់នៃអំពើភេរវកម្មនៅក្រោមច្បាប់របស់ប្រទេសប្រេស៊ីលទេ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


