Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេដឹកនាំបង់ក្លាដែស Sheikh Hasina ត្រូវតុលាការកាត់ទោសប្រហារជីវិត

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីតុលាការរកឃើញថា លោកស្រីមានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចំពោះការបង្ក្រាបដ៏សាហាវលើបាតុកម្មនិស្សិតឆ្នាំ២០២៤ ដែលជាការបះបោរនាំឱ្យរដ្ឋាភិបាលរបស់លោកស្រីដួលរលំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN​នៅថ្ងៃទី១៧ខែវិច្ឆិកា។

តីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រេចថាលោកស្រី Hasina ជាអ្នកបញ្ជាឬជំរុញឱ្យកងកម្លាំងសន្តិសុខធ្វើការសម្លាប់រង្គាល។ ចៅក្រមថា លោកស្រីបានញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងនិស្សិតតវ៉ា ហើយមិនព្រមបញ្ឈប់កងកម្លាំងសន្តិសុខពីការប្រើប្រាស់កម្លាំងដ៏សាហាវ។ តុលាការបានភ្ជាប់បញ្ជារបស់លោកស្រីទៅនឹងការស្លាប់របស់បាតុករប្រហែល ១៤០០ នាក់ និងរបួសដល់មនុស្សរហូតដល់ ២៥ ០០០ នាក់។

បាតុកម្មកាលពីឆ្នាំ២០២៤ (រូបភាព៖ Reuters)

យ៉ាងណា បច្ចុប្បន្ន លោកស្រី Hasina កំពុងស្ថិតក្នុងការនិរទេសខ្លួននៅទីក្រុងញូវដែលី ប្រទេសឥណ្ឌានៅឡើយ ចាប់តាំងពីបង្ខំឱ្យចុះចេញពីអំណាចកាលពីឆ្នាំមុន។ លោកស្រី តែងតែបដិសេធរាល់ការចោទប្រកាន់។ លើសពីនេះមេធាវីរបស់លោកស្រីបានស្នើសុំឱ្យអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍ ដោយនិយាយថា ការកាត់ក្តីនេះខ្វះភាពយុត្តិធម៌ និងដំណើរការត្រឹមត្រូវ។

(រូបភាព៖ Reuters)

សូមជម្រាបថា លោកស្រី Hasina បានគ្រប់គ្រងប្រទេសបង់ក្លាដែសអស់រយៈពេលជាងមួយទសវត្សរ៍ ដោយធ្វើឲ្យមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែក៏ប្រឈមមុខនឹងការចោទប្រកាន់ពីរបបផ្តាច់ការ អំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សយ៉ាងទូលំទូលាយផងដែរ។ ការផ្តួលរំលំរដ្ឋាភិបាលលោកស្រីនៅឆ្នាំ២០២៤ ពីសំណាក់ចលនាដឹកនាំដោយនិស្សិតបានបញ្ចប់ការក្តាប់អំណាចយូរអង្វែងរបស់លោកស្រីតែម្ដង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម