Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ពីបញ្ហាមួយ ដែលពិបាកដោះស្រាយនៅ អ៊ុយក្រែន

បានផុស

នៅ

ស្របពេលភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តឆាបឆេះ ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខិតខំស្វះស្វែងដើម្បីបញ្ចប់ការប្រយុទ្ធគ្នានោះ ស្រាប់តែប្រមុខសេតវិមានបានលើកឡើងពីបញ្ហាមួយទៀត ដែលលោកចាត់ទុកថាជាបញ្ហាពិបាកដោះស្រាយ នោះគឺ «អំពើពុករលួយ»។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន លើកឡើងថា អ៊ុយក្រែននៅមានបញ្ហាធំៗជាច្រើន។ ស្ថានភាពអំពើពុករលួយដែលកំពុងបន្តកើតមាន វាមិនមែនជារឿងល្អនោះទេ។

ការអះអាងរបស់លោកត្រាំ កើតឡើង២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Andrey Yermak ដែលជានាយសេនាធិការ​​​របស់​ប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលាលែងពីតំណែង ចំពេលមានការស៊ើបអង្កេតជុំវិញរឿងអាស្រូវពុករលួយ។

លោក Andrey Yermak (រូបថត៖ Reuters)

​​​​​ពាក់ព័ន្ធរឿងនេះ អាជ្ញាធរប្រឆាំ​ង​អំពើពុករលួយ​​អ៊ុយក្រែន បានឆ្មក់​ចូលឆែកឆេរផ្ទះផ្ទះរបស់គាត់ ក្នុងប្រតិបត្តិការកម្ចាត់ការលាងលុយកខ្វក់ ព្រោះមន្ត្រីជាន់ខ្ពស់រូបនេះ មានជាប់ទាក់ទងនឹងគ្រោងការណ៍ អំពើពុករលួយ ១០០ លានដុល្លារ ដែលប្រកាសដោយទីភ្នាក់ងារប្រឆាំងអំពើពុករលួយអ៊ុយក្រែន (NABU) និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេស (SAPO) កាលពីដើមខែវិច្ឆិកា។

គេដាក់ការសង្ស័យថា ក្រុមឧក្រិដ្ឋកម្មមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយផ្ទៃក្នុងលោក ហ្សេលេនស្គី ហើយត្រូវបានដឹកនាំដោយលោក Timur Mindich ដែលជាអតីតដៃគូអាជីវកម្មរបស់មេដឹកនាំអ៊ុយក្រែន។

គេសង្ស័យទៀតថា ក្រុមនេះបានបង្វែរមូលនិធិចេញពីក្រុមហ៊ុនប្រតិបត្តិការថាមពលនុយក្លេអ៊ែររបស់រដ្ឋគឺ Energoatom ដែលពឹងផ្អែកយ៉ាងខ្លាំងលើ ជំនួយពីលោកខាងលិច ហើយរឿងអាស្រូវកាន់តែរាលដាលដោយសារតែ ស្ថានភាពថាមពលរឹតធ្ងន់ធ្ងររបស់អ៊ុយក្រែន នាំឲ្យមានការចោទប្រកាន់ថា ក្រុមនេះបាន កិបកេងមូលនិធិ ដែលត្រូវចំណាយលើការ ការពារទីតាំងផលិតថាមពល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម