Connect with us

ព័ត៌មានអន្ដរជាតិ

ការប្តូរអ្នកដឹកនាំ​រដ្ឋាភិបាល​ថៃ​ក្នុងពេលដ៏ខ្លី ​អាចជា​​កត្តា​​​​​​​​​មិនរៀបរយ​​​នៃ​​ព្រឹត្តិការ​ណ៍​ស៊ីហ្គេមនៅថៃ​​

បានផុស

នៅ

​​ការ​ផ្លាស់​ប្តូរ​​​​ការ​ដឹកនាំ​​រដ្ឋាភិបាល​​ពី​គណបក្ស​ភឿថៃ​ទៅគណបក្ស​​​ភូមិចៃ​ថៃ​​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ អានុទីន ឆានវីរៈគុល នៅ​ក្នុង​ប្រទេស​ថៃ​​​ អាច​ជាមូល​ហេតុ​​ចម្បង​នៃ​ភាព​​​​​​​អន់​ថយ​​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ស៊ីហ្គេម​លើក​ទី​៣៣ ដែល​ប្រទេសថៃ​ធ្វើ​ជាម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ប្រទេស​ថៃ​តែង​បង្ហា​ញ​មោទនភាព​​ជាតិរបស់​ខ្លួន​តាមរយៈព្រឹត្តិការណ៍​ធំ​​ៗ មាន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នេះ​ជា​ដើម ដែល​ថៃ​ធ្លាប់​ធ្វើ​ជាម្ចាស់ផ្ទះ​ចំនួន​​​៦​លើក​កន្លងមកចាប់តាំងពីរឆ្នាំ​​​១៩៥៩ ដែល​រៀបចំ​នៅទីក្រុង​បាងកក​។

​​វិបត្តិ​នយោបាយ​ក្នុង​ប្រទេសថៃ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​​​ថៃ​​កើតចេញ​ពីការ​បោះឆ្នោត​កាល​ខៃឧសភា​ឆ្នាំ​២០២៣ បាន​ប្រឈម​ការ​រុះ​រើ​គណៈរដ្ឋមន្ត្រី​ញឹកញាប់ និងការ​​ផ្លាស់​ប្តូរ​​​​នាយករដ្ឋមន្ត្រី​រហូត​ដល់​ទៅ​៣​រូប​ក្នុងរយៈពេល​មិន​ដល់​៣ឆ្នាំ​​។

​បន្ទាប់​ពីការ​ចូល​កាន់​​តំណែង​ជា​នាយករដ្ឋមន្ត្រី​ប្រទេសថៃ​កាល​ពី​ខែ​កញ្ញា និង​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​របស់រដ្ឋាភិបាល​​​​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល ដែល​ស្ថិតក្រោម​ល​​ក្ខខណ្ឌ​​​​តម្រូវឲ្យរំលាយ​សភា​ត្រឹមរយៈពេល​៤ខែ​នោះ លោក អានុទីន បាន​​​​ឈឺក្បាល​វិលមុខ​តែ​ជាមួយ​ការ​ដោះស្រាយ​​រឿង​​​នយោបាយ​ផ្ទៃក្នុង ជម្លោះ​​​ព្រំដែន​ជាមួយ​កម្ពុជា​ ការ​ចរចា​​ពន្ធ​បដិការ​ជាមួយសហរដ្ឋអាមេរិក​ បញ្ហា​ទឹកជំនន់ដែល​លិច​​​ជាបន្តបន្ទាប់​ និង ការ​វាយ​ប្រហារ​​ផ្នែក​​​បទ​ល្មើស​អន​ឡាញ ដោយ​គ្មាន​ពេលគិត​​គួរ​ដល់​ការ​រៀប​ចំ​ព្រឹត្តិការ​ណ៍​សម្រាប់​លើក​កម្ពស់មុខ​មាត់របស់​ប្រទេសជាតិ​ថៃ​ដែលធ្លាប់តែ​ល្បីល្បាញ​នោះឡើយ​។

​យោង​តាម​ការ​ផ្សាយ​របស់​កាសែត The Nation របស់ថៃ នាយកផ្នែកសិល្បៈ​​​សម្រាប់​ព្រឹត្តិការណ៍​បើក​កីឡាស៊ីហ្គេម​​នៅទីក្រុងបាងកក លោក Ruangrith Suntisuk បានលាតត្រដាងជាសាធារណៈពីការដួលរលំនៃផែនការបើក និង​បិទ​ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ដែលជាគម្រោងដែលលោក និងក្រុមតូចបានចំណាយពេលអភិវឌ្ឍន៍អស់៧ខែ ដោយគ្រាន់តែក្រុមថ្មីចូលកាន់តំណែងនៅពាក់កណ្តាលខែតុលាប៉ុណ្ណោះ។

តាមការ​ចេញ​ផ្សាយ​នោះ លោក​បាន​បង្ហើប​ថា ក្រុម​​របស់​លោក ​បាន​ចូល​បំពេញ​​​តួនាទី​ក្នុង​ខែ​មីនា បើ​ទោះ​បី​ជា​មិន​មាន​បទ​ពិសោធ​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​កន្លង​មក ហើយ​បាន​វិនិយោគ​ថវិកា​ផ្ទាល់​ខ្លួន​ដើម្បី​រៀបចំ​ពិធី​តាំង​​ពី​ដំបូង​​។ ក្នុងរយៈពេលជាច្រើនខែ ពួកគេបានបង្កើតការប្រឌិតដំណាក់កាល បង្ហាញគំនិត និងធានាការយល់ព្រមដំបូង។

​លោក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា ការត្រៀមរៀបចំបានដំណើរការយ៉ាងរលូនតាំងពីដំបូង ប៉ុន្តែត្រឹមខែកក្កដា ឧបសគ្គថវិកា​ក៏កើត​មានឡើង​​ និងបញ្ហាសន្តិសុខបន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនកម្ពុជា-ថៃ បានជំរុញឱ្យមានការសម្រេចផ្លាស់ប្តូរទីតាំងពីកីឡដ្ឋាន Sanam Luang ទៅកីឡដ្ឋាន Rajamangala។

ថ្វីត្បិតតែមានការខ្វះខាតនេះក៏ដោយ ក៏ក្រុមការងារនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវព្រឹត្តិការណ៍ពិសេសមួយ ដោយរៀបចំពិធីឡើងវិញ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ។

ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែកញ្ញាបន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលបញ្ហាទំនាក់ទំនងបានចាប់ផ្តើមលេចឡើង។ ក្រុម​នេះ​ប្រឈម​នឹង​ការ​យឺតយ៉ាវ​ក្នុង​ការ​ទទួល​បាន​ការ​​អនុម័ត ​និង​ពិបាក​ក្នុង​ការ​ទទួល​បាន​ចម្លើយ​ច្បាស់​លាស់​ពី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក អានុទីន​។

កាលពីដើមខែតុលា លោក Ruangrith Suntisuk បានទទួលការហៅទូរស័ព្ទមកលោកថា មានក្រុមកីឡាស៊ីហ្គេមថ្មីបានមកដល់ដើម្បីត្រួតពិនិត្យកីឡដ្ឋាន Rajamangala ហើយពួកគេបានចាប់ផ្តើមកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ដូចគ្នា។ បន្ទាប់ពីរង់ចាំពីរសប្តាហ៍ទៀតដោយគ្មានការបញ្ជាក់ ក្រុមការងារបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការបញ្ឈប់ការងារ ដោយសារតែពួកគេមិនអាចទ្រាំទ្រនឹងភាពមិនច្បាស់លាស់បានទៀតទេ។

តាមរយៈ​ការចុះ​ផ្សាយ​នោះ លោក Ruangrith Suntisuk បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ការ​ខកខាន​ឱកាស​បង្កើត​អ្វី​ដែល​មាន​អត្ថន័យ។ ថ្វីត្បិតតែមានការថយក្រោយក៏ដោយ គាត់នៅតែប្តេជ្ញាចិត្តក្នុងការប្រជែងនឹងប្រព័ន្ធដែលរារាំងការច្នៃប្រឌិត និងវឌ្ឍនភាព ដោយសង្ឃឹមថាបទពិសោធន៍នេះនឹងនាំឱ្យមានការកែលម្អនៅក្នុងគម្រោងជាតិនាពេលអនាគត។

​ប្រទេសបាន​ថ្វើ​ជាម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​​ព្រឹត្តិការណ៍ស៊ីហ្គេ​ម​ចំនួន​​៦​លើក​កន្លងមក គឺ​នៅទីក្រុងបាងកក​ចំនួន​៤លើក គឺ​ក្នុងឆ្នាំ​១៩៥៩, ១៩៦៧, ​១៩៧៥, និង ១៩៨៥ ខណៈឆ្នាំ​​១៩៩៥ ត្រូវ​រៀបចំ​នៅខេត្ត​ឈៀងម៉ៃ និង នៅឆ្នាំ​២០០៧ ត្រូវរៀបចំ​នៅ​ខេត្ត​ Nakhon Ratchasima។ ដោយ​ឡែក​ព្រឹត្តិការណ៍ស៊ីហ្គេម​ឆ្នាំ​​២០២៥ ដែលថៃ​ធ្វើជាម្ចាស់ផ្ទះនេះ​ទៀត ថៃ​គ្រោង​រៀបចំ​នៅទីក្រុង​បាងកក ខេត្តឈុនបុរី និង ខេត្តសុងក្លា​។

ប៉ុន្តែ​ដោយ​ខេត្តសុង​ក្លា​ រង​គ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់​ធ្ងរ ការ​ប្រកួត​នៅទីនោះ​ត្រូវ​ផ្លាស់ប្តូរ​ទៅ​​ក្រុងបាងកក​វិញ​។ ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣៣​ នឹងច្បប់​ផ្តើម​ពីថ្ងៃទី​​៩ខែ​ធ្នូ​រហូតដល់​ថ្ងៃទី​២០ខែ​​ធ្នូ​ ដោយ​ថៃ​នឹង​បញ្ជួន​អត្តពលិក​ (កីឡាករ) ចូលរួម​ជាង​១៥០០​នាក់ ដើម្បីធានាថា ខ្លួន​ឈ្មះមេដៃ​​មាសច្រើន​បំផុត​​ពីព្រឹត្តិការ​ណ៍​ដែលខ្លួន​ធ្វើ​ជាម្ចាស់ផ្ទះនេះ​៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម