Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ ថា ពូទីន មិនចង់ធ្វើសង្គ្រាមជាមួយ​ណាតូ​ទេ ប៉ុន្តែព្យាយាមបំបែកបំបាក់ផ្ទៃក្នុងវិញ

បានផុស

នៅ

កាលពីដើមខែនេះ ប្រមុខណាតូលោក ម៉ាក រូតេ ព្រមានថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ គឺជាគោលដៅទី២របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដែលនឹងវាយប្រហារនាពេលខាងមុខ បន្ទាប់ពីអ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រមុខណាតូលោក ម៉ាក រូតេ (រូបថត៖ Reuters)

យ៉ាងណា ប្រទេសអាល្លឺម៉ង់ មិនយល់ឃើញដូច្នេះឡើយ ដោយរដ្ឋមន្ត្រីការពារជាតិ Boris Pistorius ​បានបញ្ជាក់យ៉ាងច្បាស់ថា ពូទីន មិនចង់ធ្វើសង្គ្រាមជាមួយណាតូឡើយ ប៉ុន្តែពូទីន ព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់ណាតូវិញ។

ឆ្លើយប្រាប់អ្នកកាសែតជុំវិញសម្តីរបស់ប្រមុខណាតូ, លោក Pistorius និយាយក្នុងបទសម្ភាសជាមួយ ​Die Zeit ថា៖ «ខ្ញុំមិនជឿលើសេណារីយ៉ូបែបនេះទេ! បើតាមខ្ញុំស្មាន ពូទីន អត់ចង់ធ្វើសង្គ្រាមធំជាមួយណាតូឡើយ។ គាត់គ្រាន់តែចង់បំផ្លាញផ្ទៃក្នុងរបស់ណាតូប៉ុណ្ណោះ ពោលគឺបំបែកបំបាក់សាមគ្គីរបស់ណាតូនេះឯង។ ម្យ៉ាង ទីក្រុងមូស្គូ ក៏កំពុងមានយុទ្ធសាស្រ្តទាញសហរដ្ឋអាមេរិក ចេញពីអឺរ៉ុបផងដែរ»។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius (រូបថត៖ Reuters)

បើតាមការព្រមានរបស់លោករូតេកាលពីដើមខែនេះ, ប្រសិនបើរុស្ស៊ីទទួលជោគជ័យ ឬមិនអាចរារាំងនៅអ៊ុយក្រែនបានទេនោះ គោលដៅបន្ទាប់របស់លោកពូទីនអាចជាប្រទេសនៅតំបន់បាល់ទិករួមមាន អេស្តូនី ឡាតវី និងលីទុយអានី ដែលសុទ្ធសឹងជាសមាជិកណាតូ និងមានព្រំដែនជាប់រុស្ស៊ី។

លោក រូតេ ជឿថា ពូទីន ចង់ស្តារឥទ្ធិពលរបស់សហភាពសូវៀតឡើងវិញ និងចង់បំបែកបំបាក់សាមគ្គីភាពរបស់ណាតូ។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

ដូច្នេះហើយ ជាការត្រៀមខ្លួន អគ្គលេខាធិការរូបនេះបានជំរុញឲ្យសមាជិកណាតូទាំងអស់ បង្កើនការចំណាយលើវិស័យការពារជាតិ ដោយមិនត្រឹមតែនៅកម្រិត ២% នៃ GDP ប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងត្រូវដំឡើងដល់ ២.៥% ឬ ៣% ឯណោះដើម្បីទប់ទល់នឹងការគំរាមកំហែង។

មិនត្រឹមប៉ុណ្ណឹង ណាតូត្រូវបង្កើនការផលិតគ្រាប់រំសេវ និងបច្ចេកវិទ្យាយោធាឲ្យបានលឿនជាងទីក្រុងមូស្គូ និងបង្កើនវត្តមានទ័ពនៅតាមបណ្តាប្រទេសជាប់ព្រំដែនរុស្ស៊ី ដើម្បីបង្ហាញថា ណាតូត្រៀមខ្លួនជានិច្ចសម្រាប់សង្គ្រាមការពារខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម