Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃបុណ្យណូអែល! ខ្យល់ពុលគ្រោះថ្នាក់ ​គ្រប​ដណ្តប់​សឹង​ពាក់កណ្តាលប្រទេសថៃ

បានផុស

នៅ

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពខ្យល់ពុលនៅថៃ កាន់តែធ្ងន់ធ្ងរទៅៗ ដោយគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែធ្នូ ដែលត្រូវជាថ្ងៃបុណ្យណូអែល, PM2.5 បានគ្របដណ្តប់សឹងពាក់កណ្តាលប្រទេសថៃ ខណៈកន្លែងខ្លះ ឈានដល់កម្រិតពណ៌ក្រហម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស។

ខ្យល់ពុលនៅប្រទេសថៃ (រូបថត៖ Nation)

តាមការផ្សាយរបស់ Bangkok Post ដែលដកស្រង់ទិន្នន័យពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាសនិងភូមិសាស្ត្រព័ត៌មានថៃ (Gistda), ទីក្រុងបាងកកនិងខេត្តថៃចំនួន៣៦ ត្រូវគ្របដណ្តប់ដោយខ្យល់ពុលកម្រិតចន្លោះ ៣៧.៦ដល់៧៨.៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប គិតត្រឹមម៉ោង៧ព្រឹក។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ខេត្ត Samut Sakhon ជាកន្លែងដែលខ្យល់ពុលវាយលុកខ្លាំងជាងគេបំផុ​ត ពោលគឺ PM2.5 បានឈានដល់៧៨.៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។

ងាកទៅមើលកាលពីថ្ងៃពុធ រាជធានីប្រទេសថៃ ក៏រងគ្រោះធ្ងន់ព្រោះតែខ្យល់ពុលដែរ ដោយ PM2.5 បានឈានដល់កម្រិតខ្ពស់ ៥៦មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ខ្យល់ពុលនៅប្រទេសថៃ (រូបថត៖ Bangkok Post)

គិតត្រឹមម៉ោង១រសៀល តំបន់ចំនួន១៨ក្នុងទីក្រុងបាងកក ត្រូវគ្របដណ្តប់ដោយខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់ ដែលប៉ះពាល់ខ្លាំងដល់សុខភាព។

មិនមែនតែបាងកកទេ បើយោងតាមមជ្ឈមណ្ឌលទំនាក់ទំនងគ្រប់គ្រងការបំពុលខ្យល់ នៃនាយកដ្ឋានត្រួតពិនិត្យការបំពុល បានឲ្យដឹងថា នៅរសៀលថ្ងៃពុធដដែលនោះ ខេត្តចំនួន៨ទៀត ក៏ត្រូវខ្យល់ពុលក្នុងកម្រិតគ្រោះថ្នាក់វាយលុកផងដែរ។

ខេត្តទាំងនោះមានដូចជា៖ Nonthaburi, Nakhon Pathom, Samut Sakhon, Samut Prakan, Sukhothai, Saraburi, Ang Thong និង Nong Khai៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម