Connect with us

ព័ត៌មានអន្ដរជាតិ

មេរៀន​ពី​រុស្ស៊ីវាយប្រហារ​អ៊ុយក្រែន បង្ខំ​ស៊ុយ​អែត​​​​វិនិយោគ​លើ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​​

បានផុស

នៅ

រដ្ឋា​ភិបាល​ស៊ុយ​អែត​ដែលបាន​រុញ​ប្រទេសនេះ​​ក្លាយ​ជា​សមាជិក​ណា​​តូ​កាល​​ខែ​មីនា​​ឆ្នាំ​២០២៤ ​​បាន​និយាយ​​កាលពីថ្ងៃអាទិត្យ​​ថា ប្រទេស​ស៊ុយ​អែត​នឹង​ចំណាយ​ប្រាក់ ១.៦ប៊ីលាន​ដុល្លារ លើ​វិស័យ​​ការពារដែន​អាកាស ​ក្នុង​គោល​បំណង​ការពារ​ជា​ចម្បង​ដល់​ប្រជាជន​ស្លូត​ត្រង់​ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ស៊ី​វិល​។

រដ្ឋមន្ត្រី​ការ​ពារជាតិស៊ុយអែត លោក Pal Jonson។ Reuters.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រ៉យ​ទ័របាន​រាយការណ៍​ថា ប្រទេស​ស៊ុយ​អែត ក៏​ដូច​ជាបណ្តាប្រទេស​​នៅ​​អឺរ៉ុប​ភាគ​ច្រើន​ផ្សេងទៀត ​បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​ក្នុង​វិស័យ​ការពារ​ជាតិ​ បន្ទាប់​ពី​ការ​លុក​លុយ​របស់​រុស្ស៊ី​លើ​​ប្រទេស​អ៊ុយ​ក្រែន​កាល​ពី​ខែ​​​​​កុម្ភៈឆ្នាំ​២០២២​​។ តែ​ទោះ​បី​ជា​យ៉ាងណាក៏ដោយ ទឹក​ដី​ដ៏​ធំ​របស់​ប្រទេស​ស៊ុយ​អែត នៅ​តែ​ងាយ​រងពី​​ការ​គំរាម​កំហែង​ពី​លើ​ដែន​អាកាស​។​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស៊ុយអែត លោក Pal Jonson បាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​សន្និ​សីទ​សន្តិ​សុខជាតិ​​មួយ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ុយ​អែត​ថា​៖«បទ​ពិសោធន៍​ពី​សង្រ្គាម​នៅ​អ៊ុយ​ក្រែន​ បង្ហាញ​យ៉ាង​ច្បាស់​ថាតើ​​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​រឹង​មាំ និង​ធន់ ​គឺ​មាន​សារៈ​សំខាន់​ខ្លាំងប៉ុណ្ណា​​?»។

លោក​បាន​លើក​ឡើង​ថា ប្រទេស​ស៊ុយ​អែត​នឹង​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រយៈ​ចម្ងាយ​ខ្លី ដើម្បី​ការពារ​ទីក្រុង ស្ពាន រោង​ចក្រ​ថាមពល​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​អាទិត្យ នាយក​រដ្ឋ​មន្ត្រីស៊ុយ​អែត​ លោក​ Ulf Kristersson បាន​រិះ​គន់រដ្ឋ​បាល​អា​មេ​រិក​ រឿង​​វោហាសាស្ត្រ​គំរាម​កំហែង ​​ប្រឆាំង​នឹងកោះ​ Greenland ដែលស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​នាពេលបច្ចុប្បន្ន​របស់​​ប្រទេស​ដាណឺម៉ាក។

លោក​ បាន​សង្កត់​ធ្ងន់​ថា ​សហ​រដ្ឋ​អាមេរិក​គួរ​តែ​អរគុណ​ប្រទេស​ដាណឺ​ម៉ាក ​សម្រាប់​ការ​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្មោះ​ត្រង់​អស់​រយៈ​ពេល​ដ៏​យូរ​មក​ហើយ​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម