Connect with us

ព័ត៌មានអន្ដរជាតិ

WSJ៖ អាមេរិកចង់ផ្លាស់ប្តូររបបនៅក្នុងប្រទេសគុយបា បន្ទាប់ពីវ៉េណេស៊ុយអេឡា

បានផុស

នៅ

យោងតាមមន្ត្រីសហរដ្ឋអាមេរិក និងរបាយការណ៍នៅក្នុងកាសែត Wall Street Journal រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសគុយបា ហើយសង្ឃឹមថានឹងរៀបចំ​​ឲ្យ​មានការបញ្ចប់ការគ្រប់គ្រងបែបកុម្មុយនិស្ត ឲ្យ​បានត្រឹមដំណាច់ឆ្នាំ២០២៦។

(រូបថត៖ The Hill)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​មន្ត្រី​អាមេរិក​ បាន​លើក​ឡើង​ថា ក្រុង​វ៉ាស៊ីនតោន​កំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកផ្ទៃក្នុង ដែលមានសក្តានុពលនៅក្នុង​ជួរ​រដ្ឋាភិបាលគុយបា ដែលអាចជួយសម្របសម្រួលដល់ការផ្លាស់ប្តូររបប ដោយប្រើប្រាស់យុទ្ធសាស្ត្រស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្រដែល​ប្រើក្នុងប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ កាល​ពី​ដើម​ខែ​មករា។ ថ្នាក់ដឹកនាំកុម្មុយនិស្តដ៏យូរអង្វែងរបស់គុយបា ដែលដឹកនាំដោយប្រធានាធិបតី Miguel Díaz-Canel និងអ្នកនយោបាយជើងចាស់ Raúl Castro ត្រូវបានគេមើលឃើញថាមានភាពរង្គោះរង្គើ ដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីបាត់បង់ការគាំទ្រប្រេងដ៏សំខាន់ពីវ៉េណេស៊ុយអេឡា។

ការវាយតម្លៃផ្នែកចារកម្ម​របស់​អាមេរិកបានពិពណ៌នាថា សេដ្ឋកិច្ចរបស់គុយបាមានភាពផុយស្រួយ ដោយមានការខ្វះខាតទំនិញប្រើប្រាស់ជាមូលដ្ឋានរ៉ាំរ៉ៃ និងការដាច់ចរន្តអគ្គិសនី។ ទីក្រុងវ៉ាស៊ីនតោនក៏បានចាត់វិធានការកាត់ផ្តាច់ការដឹកជញ្ជូនប្រេងពីវ៉េណេស៊ុយអេឡា ដែលកាលពីមុនបានជួយទ្រទ្រង់សេដ្ឋកិច្ចគុយបា​ឲ្យ​នៅគង់វង្ស។

លោក​ត្រាំ បានព្រមានជាសាធារណៈដល់​គុយបាឲ្យ«ធ្វើកិច្ចព្រមព្រៀង​មុនហួសពេល» ដោយលោកបានកំណត់ការដាក់សម្ពាធលើរបបនេះថាជាផ្នែកមួយនៃគោលនយោបាយអាមេរិកឡាទីនដ៏ទូលំទូលាយរបស់លោក។ ក្រុមអ្នករិះគន់បានព្រមានថា ការអនុវត្តយុទ្ធសាស្ត្រតាមបែបវ៉េណេស៊ុយអេឡានៅក្នុងប្រទេសគុយបា ដែលជាកន្លែងគ្មានបក្សប្រឆាំងរៀបចំចាត់តាំង ឬគ្មានហេដ្ឋារចនាសម្ព័ន្ធប្រជាធិបតេយ្យ អាចមានភាពស្មុគស្មាញ និងប្រថុយប្រថានជាង។

មន្ត្រីគុយបាបានជំទាស់​នឹង​ការជ្រៀតជ្រែករបស់​អាមេរិក ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹង ចំពេលមានការកើនឡើងនៃទណ្ឌកម្ម និងការប្រឈមមុខដាក់គ្នាផ្នែកការទូត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម