ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញវីរុសនីប៉ាហ៍ក្នុងសត្វប្រចៀវ ជា «ពូជបង់ក្លាដែស» ដ៏សាហាវនិងមានអត្រាមរណៈខ្ពស់
ថៃបានបញ្ជាក់ពីការរកឃើញវីរុសនីប៉ាហ៍ នៅក្នុងខ្លួនសត្វប្រចៀវស៊ីផ្លែឈើក្នុងប្រទេសរបស់ខ្លួន ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា វីរុសរកឃើញនោះជា «ពូជបង់ក្លាដែស» ដែលកាចសាហាវនិងមានអត្រាមរណៈខ្លាំងចន្លោះពី៤០%-៧៥%។

តាមការផ្សាយរបស់ Bangkok Post, លោក Sophon Iamsirithaworn អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦ថា មិនមានការឆ្លងវីរុសនេះលើមនុស្សទេ ប៉ុន្តែថៃបានរកឃើញ «មេរោគនីប៉ាហ៍» នៅក្នុងខ្លួនសត្វប្រចៀវស៊ីផ្លែឈើ ហើយក្នុងនោះមានមួយចំនួនជា «ពូជបង់ក្លាដែស»។
យ៉ាងណា លោកអះអាងថា ថៃមានកម្រិតដង់ស៊ីតេមេរោគទាបជាងបណ្តាប្រទេសដែលមានការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ ហើយគ្រោះថ្នាក់ដែលធំជាងនេះ គឺមិនមែនការឆ្លងពីសត្វប្រចៀវទេ ប៉ុន្តែគឺមកពីមនុស្សឆ្លងរោគ ដែលធ្វើដំណើរមកពីបណ្តាប្រទេសដែលមានការផ្ទុះឡើងនៃជំងឺនេះ»។

ទន្ទឹមនោះ លោកស្រី Jurai Wongsawat អ្នកនាំពាក្យនៃនាយកដ្ឋានគ្រប់គ្រងជំងឺថៃ និយាយថា មានវីរុសនីប៉ាហ៍ ពូជបង់ក្លាដេសនិងពូជម៉ាឡេស៊ី។ ពូជបង់ក្លាដែស មានគ្រោះថ្នាក់ខ្លាំងជាង ដោយមានអត្រាស្លាប់ខ្ពស់បំផុត និងបង្កឲ្យមានរោគសញ្ញាផ្លូវដង្ហើម។
ការធ្វើតេស្តលើប្រចៀវស៊ីផ្លែឈើនៅក្នុងប្រទេសថៃ បង្ហាញថាមានតែ ១០% ប៉ុណ្ណោះនៃសំណាកដែលមានផ្ទុកវីរុសនីប៉ាហ៍។ ចំណែកឯសត្វប្រចៀវនៅក្នុងប្រទេសឥណ្ឌាវិញ គឺមានផ្ទុករហូតដល់ទៅ ៤០-៥០%។

យោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសនីប៉ាហ៍ ឆ្លងតាមរយៈ៖
- សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុស ហើយចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា នោមនៃសត្វទាំងនេះ ឈាម លាមកឬទឹក។
- ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ។
- មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍
- ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។
ចំពោះរោគសញ្ញារួមមាន៖
- បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឲ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។
- បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។
បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទ ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


