Connect with us

ព័ត៌មានអន្ដរជាតិ

តើថៃ ចាត់វិធានការអ្វីខ្លះ ដើម្បីទប់ស្កាត់វីរុសកាចសាហាវ «នីប៉ាហ៍»?

បានផុស

នៅ

ប្រទេសជាច្រើននៅលើពិភពលោកកំពុងចាត់វិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនីប៉ាហ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មនុស្ស៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺនេះ និងជាង១០០នាក់ទៀត កំពុងធ្វើចត្តាឡីស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ NID)

ក្នុងចំណោមប្រទេសទាំងអស់, ថៃ ក៏ចាត់វិធានការដែរ ដោយថែមទាំងយកវិធីសាស្រ្តសម័យកូវីដ-១៩ ​មកប្រើប្រាស់សាជាថ្មីទៀតផង ដើម្បីបង្ការការឆ្លង ដ្បិតខ្លួនមិនទាន់រកឃើញករណី សូម្បីមួយក៏ដោយ។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦ នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បានប្រកាសថា មន្ត្រីគ្រប់គ្រងជំងឺឆ្លងអន្តរជាតិនៅព្រលានយន្តហោះធំៗទាំងបីដូចជាសុវណ្ណភូមិ ដនមឿង និងភូកេត បានចាប់ផ្តើមបង្កើនការពិនិត្យអ្នកដំណើរដែលចូលមក ជាពិសេសអ្នកដែលធ្វើដំណើរមកពីរដ្ឋ West Bengal នៃប្រទេសឥណ្ឌាតែម្តង។

(រូបថត៖ Bangkok Post)

នីតិវិធីទាំងនោះរួមមាន ការវាស់កម្ដៅនិងការវាយតម្លៃនៅនឹងកន្លែងចំពោះអ្នកដំណើរដែលមានសញ្ញាសង្ស័យ។ ចំពោះអ្នកដំណើរដែលរកឃើញថាមានគ្រុនក្តៅខ្លាំង ឬចេញរោគសញ្ញាពាក់ព័ន្ធវីរុសនីប៉ាហ៍ នឹងត្រូវបញ្ជូនទៅកាន់កន្លែងចត្តាឡីស័ក ដើម្បីពិនិត្យបន្ថែម។

អ្នកដំណើរមកពី West Bengal ក៏នឹងត្រូវផ្តល់ឲ្យនូវ «ប័ណ្ណប្រុងប្រយ័ត្នសុខភាព» ដែលក្នុងនោះ មានរៀបរាប់ពីរោគសញ្ញាត្រូវតាមដាន និងជំហានដែលត្រូវអនុវត្តប្រសិនបើពួកគេមានអារម្មណ៍មិនស្រួលខ្លួនផងដែរ។

(រូបថត៖ Bangkok Post)

អ្នកដំណើរដែលលេចចេញរោគសញ្ញាក្នុងរង្វង់ ២១ ថ្ងៃបន្ទាប់ពីការមកដល់ ត្រូវបានណែនាំឲ្យស្វែងរកការព្យាបាលជាបន្ទាន់ និងត្រូវប្រាប់បុគ្គលិកសុខាភិបាលអំពីប្រវត្តិធ្វើដំណើរ ព្រមទាំងកាលបរិច្ឆេទដែលចាប់ផ្តើមមានរោគសញ្ញា។

ថៃបានបញ្ជាក់ពីការរកឃើញវីរុសនីប៉ាហ៍ នៅក្នុងខ្លួនសត្វប្រចៀវស៊ីផ្លែឈើក្នុងប្រទេសរបស់ខ្លួន ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា វីរុសរកឃើញនោះជា «ពូជបង់ក្លាដែស» ដែលកាចសាហាវនិងមានអត្រាមរណៈខ្លាំងចន្លោះពី៤០%-៧៥%។

យោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសនីប៉ាហ៍ ឆ្លងតាមរយៈ៖

  • សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុស ហើយចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា នោមនៃសត្វទាំងនេះ ឈាម លាមកឬទឹក។ 
  • ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ។
  • មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍
  • ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។

ចំពោះរោគសញ្ញារួមមាន៖

  • បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឲ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។
  • បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី។

បច្ចុប្បន្ននេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ មានតែការព្យាបាលថែទាំគាំទ្រទៅតាមផលវិបាកនៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនិងប្រព័ន្ធប្រសាទ ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម