ព័ត៌មានអន្ដរជាតិ
វៀតណាម ហាមពលរដ្ឋ មិនឲ្យហូបផ្លែឈើ ដែលមានស្នាមសត្វខាំ ដើម្បីទប់ស្កាត់ វីរុសនីប៉ាហ៍
ស្របពេលពិភពលោកកំពុងមានក្តីបារម្ភអំពីការផ្ទុះវីរុសនីប៉ាហ៍ (Nipah) ហើយប្រទេសជាច្រើនបានអនុវត្តវិធានការទប់ស្កាត់រួចទៅហើយនោះ ពេលនេះប្រទេសវៀតណាមនៅក្បែរកម្ពុជា ក៏ដាក់ចេញវិធានការបង្ការផងដែរ ដោយហាមឃាត់ពលរដ្ឋមិនឲ្យហូបផ្លែឈើណាដែលមានស្នាមសត្វខាំឡើយ។

តាមការផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឲ្យពលរដ្ឋកុំហូបផ្លែឈើណាដែលមានស្នាមសត្វប្រចៀវឬបក្សីផ្សេងទៀត ខាំឬចឹកឲ្យសោះ ដើម្បីចៀសវាងការឆ្លងមេរោគនីប៉ាហ៍។
ក្រសួងណែនាំទៀតថា សូមប្រជាពលរដ្ឋអនុវត្តវិធីសាស្រ្តហូបស្អាតផឹកស្អាត ពោលគឺហូបអាហារដែលចម្អិនឆ្អិន និងផឹកទឹកដាំពុះ ក៏ដូចជាចិតសំបកផ្លែឈើមុនពេលទទួលទាន។ ម្យ៉ាង សូមកុំបរិភោគ ឬផឹកទឹកផ្លែឈើដែលមានស្នាមសត្វខាំឬចឹក ហើយចៀសវាងផឹកទឹកត្នោតឬទឹកដូងស្រស់។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលបានណែនាំដល់បណ្តាមូលដ្ឋាន ឲ្យពង្រឹងការឃ្លាំមើលជំងឺនៅតាមច្រកព្រំដែន មូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលវៀតណាម កើតឡើងបន្ទាប់ពី ថៃបញ្ជាក់ពីការរកឃើញវីរុសនេះ នៅក្នុងខ្លួនសត្វប្រចៀវស៊ីផ្លែឈើក្នុងប្រទេសរបស់ខ្លួន ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺថា វីរុសរកឃើញនោះជា «ពូជបង់ក្លាដែស» ដែលកាចសាហាវនិងមានអត្រាមរណៈខ្លាំងចន្លោះពី៤០%-៧៥%។

តាមការផ្សាយរបស់ Bangkok Post, លោក Sophon Iamsirithaworn អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី២៦ខែមករាឆ្នាំ២០២៦ថា មិនមានការឆ្លងវីរុសនេះលើមនុស្សទេ ប៉ុន្តែថៃបានរកឃើញ «មេរោគនីប៉ាហ៍» នៅក្នុងខ្លួនសត្វប្រចៀវស៊ីផ្លែឈើ ហើយក្នុងនោះមានមួយចំនួនជា «ពូជបង់ក្លាដែស»។
យ៉ាងណា លោកអះអាងថា ថៃមានកម្រិតដង់ស៊ីតេមេរោគទាបជាងបណ្តាប្រទេសដែលមានការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ ហើយគ្រោះថ្នាក់ដែលធំជាងនេះ គឺមិនមែនការឆ្លងពីសត្វប្រចៀវទេ ប៉ុន្តែគឺមកពីមនុស្សឆ្លងរោគ ដែលធ្វើដំណើរមកពីបណ្តាប្រទេសដែលមានការផ្ទុះឡើងនៃជំងឺនេះ»។

ទន្ទឹមនោះ លោកស្រី Jurai Wongsawat អ្នកនាំពាក្យនៃនាយកដ្ឋានគ្រប់គ្រងជំងឺថៃ និយាយថា មានវីរុសនីប៉ាហ៍ ពូជបង់ក្លាដេសនិងពូជម៉ាឡេស៊ី។ ពូជបង់ក្លាដែស មានគ្រោះថ្នាក់ខ្លាំងជាង ដោយមានអត្រាស្លាប់ខ្ពស់បំផុត និងបង្កឲ្យមានរោគសញ្ញាផ្លូវដង្ហើម។
ការធ្វើតេស្តលើប្រចៀវស៊ីផ្លែឈើនៅក្នុងប្រទេសថៃ បង្ហាញថាមានតែ ១០% ប៉ុណ្ណោះនៃសំណាកដែលមានផ្ទុកវីរុសនីប៉ាហ៍។ ចំណែកឯសត្វប្រចៀវនៅក្នុងប្រទេសឥណ្ឌាវិញ គឺមានផ្ទុករហូតដល់ទៅ ៤០-៥០%។
វីរុសនីប៉ាហ៍ ត្រូវបានរកឃើញដំបូងនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ១៩៩៩។ លុះមកដល់ឆ្នាំ២០០១ ករណីដំបូងនៃការឆ្លងវីរុសនេះលើមនុស្ស ត្រូវបានកត់ត្រាក្នុងប្រទេសបង់ក្លាដែស ហើយបន្ទាប់មកក៏មានករណីឆ្លងនៅក្នុងប្រទេសឥណ្ឌា។
យោងតាមអង្គការសុខភាពពិភពលោក (WHO) វីរុសនីប៉ាហ៍ បានបង្កការឆ្លងក្នុងចំនួនតិចតួចនៅតាមបណ្តាប្រទេសមួយចំនួន ដោយមិនទាន់មានការផ្ទុះឡើងជាទ្រង់ទ្រាយធំនៅឡើយទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


