Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​​បង្កើន​ចំណាយ​ខ្ពស់​មិនធ្លាប់មាន ​​​​​លើវិស័យ​ការពារ​ជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​​​​

បានផុស

នៅ

​ថ្លែង​​​​អំពី​ថវិកាជាតិ​របស់​ឥណ្ឌា​កាល​ពី​ថ្ងៃ​អាទិត្យ​ រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​​ឥណ្ឌា​​ បាន​​លើក​ឡើង​ថា ​​ប្រទេស​ឥណ្ឌា​នឹង​ចំណាយ​ប្រាក់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​វិស័យ​ការពារជាតិ សម្រាប់​ផែនការ​រថ​ភ្លើង​ល្បឿន​លឿន នាវា​មុជ​ទឹក និង​យន្ត​ហោះ​ចម្បាំង​។​

លោក​ស្រី​ Nirmala Sitharaman ។ រូបភាព៖ Mint
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន Dhaka Tribune, ​រដ្ឋាភិបាល​ក្រុង​ញូវដែលី (New Delhi ) គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​១៣៣​​ប៊ីលាន​ដុល្លារ​ លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​ទឹកប្រាក់​៨៥ប៊ីលាន​​ដុល្លារ​ លើ​វិស័យ​ការពារ​ជាតិ មាន​ចំនួន​កើន​ឡើង​ប្រហែល ៩ និង ១៥​ភាគរយ បើ​ធៀប​នឹង​ថវិកា​ដែល​បាន​ចំណាយ​កាល​ពី​ឆ្នាំមុន​។​

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ លោក​ស្រី​ Nirmala Sitharaman បាន​ប្រាប់​​​កិច្ច​ប្រជុំ​សភា​ថា​ ​មជ្ឈម​ណ្ឌល​ទិន្នន័យ​ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋា​ភិបាល​ ដូច​ជា​ បញ្ញាសិប្បនិមិត្ត (AI) ​ការ​ជីក​យក​រ៉ែ និង​ដំណើរ​ការ​នៃ​ប្រភព​រ៉ែ​កម្រ ផង​ដែរ​។

លោក​ស្រី​បាន​បន្ត​ទៀត​ថា៖ «ការ​ចំណាយ​សាធារណៈ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ជិត​ ២១ប៊ី​លានដុល្លារ ក្នុង​ឆ្នាំ ២០១៤ និង​២០១៥​ ហើយ​ឥឡូវ​នេះ​វា​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​​ជាង​ពេលណា​ៗ​ទាំងអស់​»។

ការ​ចំណាយ​លើវិស័យ​ការពារ​ជាតិ​កើត​ឡើង បន្ទាប់​ពី​មាន​ជម្លោះ​រយៈ​ពេល​បួន​ថ្ងៃ​ជា​មួយ​ប្រទេស​ប៉ា​គីស្ថាន​កាល​ពី​ខែឧសភា​ឆ្នាំ​មុន និង​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​៧០​នាក់ ជា​ពិសេស​ភាគីទាំង​ពីរ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក [Drone] ក៏​ដូច​ជា​កាំ​ជ្រួចមីស៊ីល​ និង​កាំ​ភ្លើង​ធំផង​ដែរ​។

មិន​តែ​ប៉ុណ្ណោះ រដ្ឋ​មន្ត្រី​ការពារជាតិ​ឥណ្ឌា​ លោក​ Rajnath Singh បាន​លើក​ឡើង​ថា​៖«ការ​ចំណាយ​នេះ​ មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ​។ វា​នឹង​ជួយ​​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់ប្រទេសឥណ្ឌា​ រួម​ទាំង​យន្ត​ហោះ​ចម្បាំង យន្ត​ហោះ​គ្មាន​មនុស្ស​បើក ​[Drone] នាវាខ្នាត​ធំ​ នាវា​​មុជ​ទឹក ​និង​ផ្នែក​រឹង​សំខាន់ៗ​ ផ្សេង​ទៀត»។

លោក​បាន​សង្កត់​ធ្ងន់​ថា​៖«វា​​គឺ​​ជា​​ប្រយោជន៍​​របស់ប្រទេស​​​ជាតិ»។

ទីក្រុង​ញូវ​ដែលី​កំពុង​ស្ថិត​ក្នុង​ការ​ចរចាកិច្ចសន្យាការពារជាតិ​ជាមួយ​​​ក្រុមហ៊ុន​​​​ផលិត​​​សម្ភារការពារ​ជាតិ​​​ក្នុងស្រុក និងអន្តរជាតិ រួមមាន ​ប្រទេស​បារាំង សហ​រដ្ឋ​អា​មេរិក និង​អាល្លឺម៉ង់។

ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេលើពិភពលោក​នេះ មើល​ឃើញ​ថា​ ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​ជា​​គន្លឹះ​ក្នុង​ការ​រក្សា​អត្រា​កំណើន​ខ្ពស់​របស់​ខ្លួន​តាមរយៈ​ការ​ជំរុញ​ផលិត​កម្ម​ក្នុង​ស្រុក​ និង​បង្កើត​ការងារ​ថ្មីៗ​​ជា​ច្រើន​ទៀត​។

នាយក​រដ្ឋ​មន្រ្តីឥណ្ឌា លោក​ Narendra Modi បាន​និយាយ​បន្ទាប់បញ្ចេញ​កញ្ចប់​ថវិការ​ថា​៖«ឥណ្ឌា​មិនពេញ​ចិត្ត​នឹង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​នោះ​ទេ។ ប៉ុន្តែ​ ឥណ្ឌា​ចង់​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ទី​បី​របស់​ពិភព​លោក​។ ចំណែក​ថវិកា​នៅ​ឆ្នាំ​នេះ​ បង្ហាញ​ពី​ផែន​ទី​បង្ហាញ​ផ្លូវ​ប្រកប​ដោយ​មហិច្ឆតា ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ផលិត​​ក្នុង​ស្រុក និង​​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​វិញ​»​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម