Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​គំរាមប្រើកម្លាំង​យោធា​ជាថ្មី​លើ​​​អ៊ីរ៉ង់​ក្រោយ​បរាជ័យនៃកិច្ចចរចា​នុយក្លេអ៊ែរ​​

បានផុស

នៅ

សហ​រដ្ឋអាមេរិកចេញ​ការគំរាម​ជា​ថ្មី​​ទៀត​ ដោយ​ប្រើប្រាស់​​កម្លាំង​យោធាប្រឆាំង​នឹង​ទីក្រុង​តេ​អេ​រ៉ង់ ​បន្ទាប់​ពីកិច្ចចរចា​នុយក្លេអ៊ែរជុំទី​ពីរ​គ្មាន​ផ្លែផ្កា​​ ខណៈ​ដែលអ៊ីរ៉ង់និង​រុស្ស៊ី​បាន​ប្រកាស​ពីការ​ធ្វើ​​សម​យុទ្ធ​កង​ទ័ព​ជើង​ទឹក​រួមគ្នា​នៅ​ក្នុង​សមុទ្រ​អូម៉ង់ ដើម្បី​ទប់​ស្កាត់សកម្មភាព​ឯក​តោ​ភាគីណា​មួយ​នៅ​ក្នុង​តំបន់​។​ នេះ​បើយោងតាម​ Al Jazeera ចុះផ្សាយថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នក​នាំពាក្យសេតវិមាន លោកស្រី Karoline Leavitt. The conversation.

យោងតាម​អ្នក​នាំពាក្យសេតវិមាន អ្នកនាង​​ Karoline Leavitt បាន​និយាយ​​នៅ​​ថ្ងៃ​ពុធ​ថា៖«សង្ឃឹម​ថាអ៊ីរ៉ង់​នឹង​មាន​ភាព​វៃឆ្លាត​ក្នុងការធ្វើកិច្ចព្រមព្រៀង​ជា​មួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ» បន្ទាប់ពី​លោកត្រាំ​​តាម​ឃ្លាំ​មើល​​កិច្ចចរ​ចា​មួយ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស​ ដោយ​ខ្លួន​ឯង​និង​បានបញ្ចប់​ដោយ​មិន​មាន​អ្វី​ជា​សាច់​ការ​ច្រើន​​។

អ្នកនាង​​ Leavitt បានប្រាប់អ្នកយកព័ត៌មានថា​៖ «ខណៈ​ដែល​មានដំណើរ​ការ​ខ្លះ​ត្រូវ​បានធ្វើឡើងនៅថ្ងៃអង្គារ ប៉ុន្តែយើង​នៅ​តែ​​បន្ត​តាម​ដាន​ពី​ភាព​ខុសប្លែក​លើ​បញ្ហា(នៃកិច្ចចរចា)​មួយ​​ចំនួនទៀត»។

ចំណែក​ លោក ដូណាល់ ត្រាំ​ បាន​បញ្ជាក់ឲ្យ​មាន​ការ​ដាក់ពង្រាយ​នាវាផ្ទុកយន្ត​ហោះ​​ចំនួន​​ពីរ​គ្រឿង និង​កងទ័ពរាប់ពាន់នាក់ទៅកាន់​តំបន់​ឈូង​ស​មុទ្រ​នៅ​មជ្ឈិម​បូព៌ា​។

លោក​បានសរសេរនៅលើបណ្តាញ​សង្គម​ Truth Social របស់​ខ្លួន​ថា៖ «ប្រសិន​បើ​អ៊ីរ៉ង់សម្រេចចិត្ត​មិនព្រម​​ធ្វើកិច្ចព្រមព្រៀងទេ សហរដ្ឋអាមេរិក​អាច​នឹង​ប្រើ​ប្រាស់​មូល​ដ្ឋានទ័ព​អាកាស​មហាសមុទ្រ​ឥណ្ឌា​នៅ​កោះ​ Chagos ដើម្បី​លុបបំបាត់ការវាយប្រហារដែល​អាច​កើត​មាន​ដោយ​របប​មិន​ស្ថិត​ស្ថេរ ​និង​គ្រោះ​ថ្នាក់​ខ្លាំងនេះ​»។

យ៉ាងណាមិញ កិច្ចខិត​ខំប្រឹងប្រែងចរចា​ពីមុនបានបរាជ័យកាល​ពី​ឆ្នាំ​មុន នៅ​ពេល​ដែល​អ៊ីស្រាអែល​បានបើក​ការវាយប្រហារលើអ៊ីរ៉ង់ បង្ក​ឱ្យ​មាន​សង្គ្រាម​រយៈពេល ១២ថ្ងៃ ហើយ​ទីក្រុងវ៉ាស៊ីនតោន​បាន​ចូល​រួម​ដោយ​ទម្លាក់​គ្រាប់​បែក​លើទីតាំង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ចំនួនបី​ នៅតំបន់ ​Fordow, Natanz និង Isfahan។

លោក ដូណាល់​ ត្រាំ​ បាន​ចេញការគំរាមកំហែងជាថ្មី​នៃសកម្មភាព​យោធាក្នុង​ខែ​មករា បន្ទាប់​ពី​ការ​បង្ក្រាប​ដ៏​ខ្លាំង​របស់​អ៊ីរ៉ង់​លើ​ក្រុម​បាតុ​ករ​ប្រឆាំង​នឹងរដ្ឋា​ភិបាល​។

យ៉ាងណា​ ទីក្រុងតេអេរ៉ង់បានឆ្លើយតប​ដោយ​គំរាម​កំហែង​បិទ​ច្រក​សមុទ្រ​ Hormuz  ជា​ផ្លូវ​ទឹក​នាំចេញប្រេង​ដ៏សំខាន់​សម្រាប់​ប្រេង​ក្នុង​​ឈូង​សមុទ្រ​ ព្រម​ទាំង​​ព្រមានថា​​អាចវាយប្រហារ​មូលដ្ឋាន​យោធាអាមេរិក​នៅ​ក្នុង​តំបន់​ផង​ដែរ​។

ការផ្លាស់ប្តូរនេះ​ ក្រុម​សិទ្ធិ​មនុស្ស​មើល​ឃើញ​ថា បាន​បង្កើន​ឱ្យ​មាន​ការ​ភ័យខ្លាច​នៃ​សង្គ្រាម​ក្នុង​តំបន់​ គ្រប់ភាគី​គប្បី​ជំរុញ​ឱ្យមាន​កិច្ច​ខិត​ខំប្រឹង​ប្រែងលើ​​ផ្នែក​ការទូត​របស់​​រដ្ឋ​​នៃ​ឈូងសមុទ្រ រួមទាំង​អូម៉ង់ កាតា និង​អារ៉ាប៊ី​សា​អូឌីត ដើម្បី​ទប់ស្កាត់ការកើនឡើង​នៃភាពតាន​តឹង​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម