Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ គំរាមឡើងថ្លៃប្រេងដល់ ២០០ដុល្លារ/បារ៉ែល បើអ្នកជិតខាង មិនព្រមជួយគ្នាបញ្ឈប់លោក ត្រាំ

បានផុស

នៅ

ស្របពេលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ស្រាប់ទៅហើយនោះដោយសារតែសង្គ្រាមមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ Hormuz ស្រាប់តែឥឡូវ ប្រទេសអ៊ីរ៉ង់បានគំរាមថែមទៀតថា ខ្លួននឹងធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងខ្ពស់ដល់កម្រិតកំណត់ត្រា ២០០ដុល្លារក្នុងមួយបារ៉ែល បើបណ្តាប្រទេសជិតខាង មិនព្រមជួយគ្នាបញ្ឈប់សកម្មភាពរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទេនោះ។

សារព័ត៌មាន RT របស់រុស្ស៊ីនៅថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ បានដកស្រង់សម្តីអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ លោក Ebrahim Zolfaghari ដែលព្រមានថា៖ «យើងសង្ឃឹមថា រដ្ឋាភិបាលនៃបណ្តាប្រទេសមូស្លីម នឹងស្រុះដៃគ្នាចេញការព្រមានដល់សហរដ្ឋអាមេរិកនិងរបប Zionist ប្រឆាំងសកម្មភាពដ៏កំសាក ដែលធ្វើបាបមនុស្ស ដូច្នេះអណ្តាតភ្លើងនៃសង្គ្រាម មិនឆេះរាលទៀតទេ ប៉ុន្តែបើអ្នកចង់ឲ្យតម្លៃប្រេងហក់ឡើងដល់ ២០០ដុល្លារក្នុងមួយបារ៉ែល អ៊ីចឹងបន្តធ្វើរឿងបែបហ្នឹងទៀតចុះ»។

ការព្រមាននេះកើតឡើងស្របពេល បញ្ជាការដ្ឋានយោធាកំពូលអ៊ីរ៉ង់ ក៏ចេញឱសានវាទរួចហើយថា ​នឹងវាយប្រហារលើរោងចក្រប្រេងទូទាំងតំបន់ ដើម្បីសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែល។

លោក Ebrahim Zolfaghari (រូប៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់)

តាម​ការ​ផ្សាយ​របស់សារព័ត៌មាន Yeni Safak នៅ​ថ្ងៃដដែលនេះ អ៊ីរ៉ង់បញ្ជាក់ច្បាស់ៗថា បើការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងក្នុងទីក្រុងតេហេរ៉ង់នៅតែបន្ត នោះតម្លៃប្រេងពិភពលោកនឹងហក់ឡើងខ្ពស់ជាង ២០០ដុល្លារក្នុងមួយបារ៉ែលជាក់ជាមិនខាន។

ការព្រមាននេះទៀតសោត ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារបស់អាមេរិក-អ៊ីស្រាអែល ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៨​កុម្ភៈ បានបណ្ដាល​ឲ្យ​មានអ្នកស្លាប់ជាង ១ ២០០​នាក់ រួមទាំងមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ផងដែរ និងមានអ្នករងរបួសជាង ១០ ០០០​នាក់។

ជាការឆ្លើយតបយ៉ាងចាស់ដៃ អ៊ីរ៉ង់បានបាញ់ស្រោចមីស៊ីល និងប្រើដ្រូនអត្តឃាតវាយប្រហារលើអ៊ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលផ្តល់ទីតាំង​ឲ្យ​មូលដ្ឋានទ័ពអាមេរិក។

អ្វីដែលធ្វើ​ឲ្យ​ពិភពលោកកាន់តែព្រួយបារម្ភបំផុតនោះគឺ ការសម្រេចចិត្តរបស់អ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុត ដោយមានប្រេងប្រមាណ ២០លានបារ៉ែលឆ្លងកាត់ជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម