Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយបក​អភិបាល​ក្រុង​ញ៉ូវ​យ៉ក ​ដែល​​​គំរាម​ចាប់​ នាយករដ្ឋមន្ត្រី​ ណេតាន់​យ៉ាហ៊ូ តាម​​ដី​កា ICC

បានផុស

នៅ

ក្រោយ​ អភិបាលទី​ក្រុងញូវ​យ៉ក លោក Zohran Mamdani ដែល​ជា​​អ្នក​គោរព​សាសនា​ឥស្លាម បាន​ថ្លែងថា ខ្លួន​​កំពុងស្វែង​រកលទ្ធភាពតាម​ផ្លូវ​ច្បាប់ ដើម្បី​ចាប់ខ្លួន​​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ស្រប​តាម​​ដីកា​របស់​​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរជាតិ (ICC) ពេលមេដឹកនាំរូប​នេះ​​ធ្វើដំណើរមកកាន់ទីក្រុងញូយ៉ក​នា​ពេល​ខាង​មុខ ស្រាប់​តែ ​ការិយាល័យ​របស់​នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ​ថ្ងៃទី១៩ ខែកក្កដាបាន​​ចេញ​សារ​ថ្កោលទោស​ចំពោះអភិបាលក្រុងញូវយ៉ក លោក Mamdani យ៉ាង​ចាស់​ដៃ​។ នេះ​បើ​យោង​​តាម​​ការ​ចុះ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ទី២០​ ខែ​កក្កដា ឆ្នាំ​២០២៦ ។

​អភិបាលទី​ក្រុងញូវ​យ៉ក លោក Zohran Mamdani និង​មេដឹក​នាំ​អ៊ីស្រាអែល​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​របស់​ លោក ណេតាន់​យ៉ាហ៊ូ​ បាន​លើក​ឡើង​នៅ​​លើ​បណ្តាញ​សង្គម​ X ថា៖ « លោក Mamdani គួរតែផ្តោតលើការជួសជុល​​ ផ្នែក​ខូច​ខាត​ដែល​គោលនយោបាយរបស់លោក​បានបង្កឡើង​ នៅទីក្រុង​ញូវយ៉ក​។ ដូច​អតី​ត​អគ្គព្រះរដ្ឋ​អាជ្ញានៃតុលាការ ICC លោក Karim Khan ដែរ លោក Mamdani ហាក់​ដូចជា​ឈឺ​ឆ្អាល​​ក្នុងការ​​បង្វែរការចាប់អារម្មណ៍របស់​សាធារណជន​ពីភាពល្ងង់ខ្លៅ​របស់ខ្លួន​ វាយប្រហារមេដឹក​នាំនៃរដ្ឋជ្វីហ្វ និងលទ្ធិប្រជាធិបតេយ្យ​តែ​មួយគត់ នៅមជ្ឈិមបូព៌ា​»។

ក្នុងបទសម្ភាសន៍មួយ​ បាន​ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា លោក Mamdani បាន​និយាយថា លោកកំពុងពិគ្រោះ​ជាមួយក្រុមអ្នកច្បាប់របស់​ទីក្រុងញូវយ៉ក​អំពីវិសាលភាពនៃអំណាចរបស់​អភិបាលក្រុង ​ក្នុងការ​ដឹក​នាំ​ប៉ូលិសឱ្យ​ឃុំខ្លួនមេដឹកនាំបរទេស​ម្នាក់ ដោយសំដៅលើ លោក ណេតាន់​យ៉ាហ៊ូ​ ។

លោក Mamdani ប្រាប់កាសែត The New York Times ថា៖ « ខ្ញុំជឿថា​ លោក​ ណេតាន់​យ៉ាហ៊ូ​ ជាកម្មសិទ្ធិ​របស់ទីក្រុង​ឡាអេ។ គាត់​ជាឧក្រិដ្ឋជនសង្គ្រាម​ ដែលត្រូវបានចោទប្រកាន់​ដោយតុលាការ​ ICC ។ អ្វីក៏ដោយ​ដែលច្បាប់អនុញ្ញាត​ឱ្យខ្ញុំធ្វើ​នៅក្នុងទី​ក្រុងញូវយ៉ក នោះ​ហើយជាអ្វីដែល​យើងនឹងធ្វើ»។

យ៉ាង​ណា ការិយាល័យ​របស់​​ លោក ណេតាន់​យ៉ាហ៊ូ​ បាន​​វាយបក​វិញ​​នៅ​ថ្ងៃទី១៩ ខែកក្កដា ប្រឆាំងនឹង​ ​លោក Mamdani និង​តុលាការ ICC ផង​ដែរ​ ។

ការិយាល័យ​អ៊ីស្រាអែល​បន្ត​ថា​៖ « តុលាការ ICC ប្រៀប​ដូច​ជាសត្វ ​kangaroo  ​ដែលគ្មាន​អំណាច​ផ្លូវ​ច្បាប់​លើជនជាតិអាមេរិក ឬអ៊ីស្រាអែល​​។ ដីកាចាប់ខ្លួនក្លែងក្លាយរបស់ខ្លួន​ប្រឆាំង​នឹងនាយករដ្ឋមន្ត្រី ណេតាន់​យ៉ាហ៊ូ​ ត្រូវបានដាក់​ចេញ​ដោយអតីតព្រះរាជអាជ្ញា ICC ដ៏អាម៉ាស់​ម្នាក់ ​គឺ​ លោក Karim Khan ។ ដីកាចាប់ខ្លួននេះ​ត្រូវបានចេញត្រឹមតែប៉ុន្មានថ្ងៃ​ មុនពេលការចោទ​ប្រកាន់ពីបទប្រព្រឹត្តខុសផ្លូវភេទ​ត្រូវបានធ្វើឡើងប្រឆាំង​នឹង​ លោក Khan ។ វាជាការប៉ុនប៉ងច្បាស់​លាស់របស់​ លោក Khan ដើម្បីបង្វែរការ​ចាប់អារម្មណ៍របស់​សាធារណជន»។

មិន​តែ​ប៉ុណ្ណោះ កន្លងមក លោក Mamdani បាន​សន្យាថានឹងបញ្ជូនប៉ូលិស​ញូវយ៉កទៅអនុវត្ត ដីកា​ចាប់ខ្លួនប្រឆាំង​នឹងមេដឹកនាំ​ ដែលតុលាការ ICC ចង់បាន រួមទាំង លោក ណេតាន់​យ៉ាហ៊ូ​ និង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លា​ឌី​មៀរ ពូទី​ន ផងដែរ​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម