Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី​ ប្រើសម្តី​ប្រមាថ​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ប្រធានាធិបតី​បារាំង

បានផុស

នៅ

ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ​បាន​ឆ្លើយ​តប​ដោយ​ពាក្យ​ជេរ​ប្រមាថ ពេល​​មន្ត្រី​បារាំង​​លើក​ឡើង​ពី​លទ្ធភាព​នៃការចូលរួម​របស់​អឺរ៉ុប​ក្នុងការចរចាដែល​​មាន​គោលបំណងបញ្ចប់​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​ដែល​មានរយៈពេល​ជាង​៤ឆ្នាំ​​នេះ​​។

យោង​តាម​កាសែត Financial Times ​ផ្សាយ​នៅ​ថ្ងៃទី១៥ ខែមីនា ទីប្រឹក្សាជាន់​ខ្ពស់​ពីរ​រូប​របស់​ប្រធានា​ធិបតីបារាំង លោក​ អេម៉ានូអែល ម៉ាក្រុង​ (Emmanuel Macron) បាន​​ធ្វើដំណើរទៅកាន់​ទីក្រុងមូស្គូ​កាល​ពីខែកុម្ភៈ ដើម្បី​ពិភាក្សា​ពី​ការ​ដាក់​បញ្ចូល​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ក្នុងក្របខ័ណ្ឌ​ចរចា​នា​ពេល​អនាគត​ទាក់​ទង​នឹងសង្គ្រាម។​

អ្នក​នាំពាក្យ​វិមានក្រឹមឡាំង លោក Dmitry Peskov និង​លោក Yuri Ushakov។ រូបភាព៖ Getty Images
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេលជួបជាមួយលោក Ushakov ជំនួយ​ការ​របស់​មេដឹកនាំរុស្ស៊ី អ្នក​​តំណាង​បារាំង​ បាន​អះអាងថា រដ្ឋ​អឺរ៉ុប​គួរតែមានកៅអីមួយ​នៅ​តុ​ចរចាសន្តិភាព​ ​ព្រោះ​សង្គ្រាមនេះប៉ះពាល់ដោយផ្ទាល់​ដល់សន្តិសុខអឺរ៉ុប​។

អ្នក​ការទូតជាន់ខ្ពស់អឺរ៉ុប​ម្នាក់ប្រាប់​សារព័ត៌មាន​ FT ថា ការ​ឆ្លើយ​តប​របស់​ លោក Ushakov គឺ«ត្រង់ពេក»​។

​​លោក Ushakov ឆ្លើយ​តប​ថា​៖«សូមអភ័យទោស! ប៉ុន្តែតាមពិត​គឺ​អត់ទេ! យើង​មិន​មាន ​(កៅអី​ចរចា) ទេ! ចូរទៅ​ឋាននរក​ទៅ»។

ការ​លើក​ឡើង​នេះ​​បង្ហាញថា វិមាន​ក្រឹមឡាំង បាន​បដិសេធសំណើនេះ​ទាំងស្រុង ហើយ​មិនបាន​បង្ហាញ​ពីឆន្ទៈ​ក្នុង​ការ​ពង្រីក​ការចរចា​ ដើម្បី​រួម​បញ្ចូលប្រទេសនៅ​អឺរ៉ុប​ឡើយ។

ចំណែក​អ្នក​នាំពាក្យ​វិមានក្រឹមឡាំង លោក Dmitry Peskov ផ្តល់បទ​សម្ភាសន៍​ទៅកាន់សារព័ត៌មាន​ FT ថា​ រដ្ឋាភិបាល​អឺរ៉ុប​បច្ចុប្បន្ន​មិន​បាន​រួមចំណែក​ដល់កិច្ចខិតខំប្រឹងប្រែង ឱ្យ​មានគោលបំណង​បញ្ចប់​សង្គ្រាមនោះទេ។

លោក Peskov និយាយថា​៖ «ពេល​តំណាងមកពីប្រទេសបារាំង​មក​ដល់ គាត់​មិនបាននាំមកនូវសញ្ញាវិជ្ជមាន​ណាមួយឡើយ។ ដូច្នេះ​គាត់​មិនបាន​ឮ​នូវ​​អ្វីវិជ្ជមានជាការឆ្លើយតបទេ។ ជា​អកុសល ជនជាតិ​អឺរ៉ុប​កំពុង​ចំណាយកិច្ចខិតខំប្រឹងប្រែងទាំងអស់​​របស់ពួកគេ​ ព្យាយាម​បញ្ចុះ​បញ្ចូល​ជនជាតិអ៊ុយក្រែន​ឱ្យបន្តសង្គ្រាម​។ យើង​ជឿជាក់ថាជនជាតិ​អឺរ៉ុបកំពុង​ធ្វើខុសពីទស្សនៈនៃអនាគតរបស់ពួកគេ»។

យោងតាមកាសែត FT កិច្ចប្រជុំនេះបានកើតឡើងពេលរដ្ឋាភិបាលអឺរ៉ុបព្យាយាមធានាថា ​ដំណើរការការទូតទាក់ទងនឹង​​សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែននឹង​​រួមបញ្ចូលរដ្ឋ​សហភាពអឺរ៉ុបដែល​បាន​ផ្តល់ការគាំទ្រ​ផ្នែកនយោបាយ យោធា និងសេដ្ឋកិច្ច​ដល់ទីក្រុងកៀវ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី​ឆ្នាំ​២០២២ ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម