Connect with us

ព័ត៌មានអន្ដរជាតិ

លោក Anutin៖ រដ្ឋាភិបាលថ្មីរបស់ថៃនឹងលេចរូបរាងនៅសប្តាហ៍ក្រោយ

បានផុស

នៅ

នាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រកាសកាលពីថ្ងៃទី២៨ខែមីនាថា រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃនឹងលេចរូបរាងឡើងនៅសប្តាហ៍ក្រោយ ដោយបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីគ្រោងនឹងថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាទទួលស្គាល់នៅថ្ងៃទី៣០ខែមីនា។

លោក Anutin (រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ បន្ទាប់ពីនោះ រដ្ឋាភិបាលនឹងប្រញាប់ប្រញាល់ដាក់ចេញសេចក្តីថ្លែងការណ៍នយោបាយទៅកាន់សភាចន្លោះថ្ងៃទី៧ដល់ទី៩ខែមេសា ដែលគោលនយោបាយទាំងនោះនឹងផ្ដោតសំខាន់លើការសម្រេចតាមសន្យាបោះឆ្នោតរបស់គណបក្ស Bhumjaithai រួមទាំងកម្មវិធីឧបត្ថម្ភធនសម្រាប់អ្នកប្រើប្រាស់ផងដែរ។

លោក Anutin បានសុំទោសជាសាធារណៈចំពោះភាពវឹកវរនៃការគ្រប់គ្រងតម្លៃប្រេងក្នុងពាក់កណ្តាលខែមីនា។ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្ត រដ្ឋាភិបាលបានបញ្ឈប់ការកំណត់តម្លៃប្រេង ប៉ុន្តែគ្រោងនឹងកាត់បន្ថយពន្ធលើប្រេង និងប្រើប្រាស់មូលនិធិឧបត្ថម្ភធនប្រេងដើម្បីកាត់បន្ថយផលប៉ះពាល់។ រដ្ឋមន្ត្រីក្រសួងថាមពល លោក Auttapol Rerkpiboon បា​ន​ឲ្យដឹងថា បច្ចុប្បន្នប្រទេសថៃមានប្រេងបម្រុងសម្រាប់ប្រើប្រាស់បានចំនួន​១០៧ថ្ងៃ ហើយនឹងមានការដឹកជញ្ជូនបន្ថែមទៀតនៅខែមេសា និងឧសភា ទោះបីជាមូលនិធិប្រេងកំពុងខ្វះខាតប្រមាណ៣៨​ពាន់​លានបាតក៏ដោយ។

លើសពីនេះ រដ្ឋមន្ត្រីការបរទេស លោក Sihasak Phuangketkeow បានបញ្ជាក់ថា ថៃបានទាក់ទងទៅប្រទេសប្រេស៊ីល នីហ្សេរីយ៉ា កាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ ដើម្បីធានាការផ្គត់ផ្គង់ប្រេង ហើយប្រទេសទាំងនោះបានត្រៀមខ្លួនសហការ។ ចំពោះសុវត្ថិភាពផ្លូវទឹក ថៃបានសម្របសម្រួលជាមួយអ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាពដល់នាវាថៃដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលក្នុងនោះមាននាវាថៃមួយគ្រឿងបានឆ្លងកាត់ដោយជោគជ័យរួចហើយ។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មកំពុងតាមដានតម្លៃទំនិញ និងសេវាកម្មយ៉ាងដិតដល់ ដើម្បីបង្ការការឡើងថ្លៃហួសហេតុ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម