Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ូហ្គង់ដា បិទព្រំដែនជាមួយ កុងហ្គោ ព្រោះការឆ្លងរាលដាលជំងឺអេបូឡា អាក្រក់ខ្លាំងទៅៗ

បានផុស

នៅ

ដោយសារតែស្ថានភាពជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាន់តែអាក្រក់ទៅៗ ឈានដល់កម្រិតធ្ងន់ធ្ងរបំផុតនោះ ពេលនេះប្រទេសអ៊ូហ្គង់ដា បានសម្រេចបិទព្រំដែនរបស់ខ្លួន ជាអ្នកជិតខាងនេះហើយ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល។

(រូប៖ Reuters)

តាមការផ្សាយរបស់ Gulf News កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរអ៊ូហ្គង់ដា បានចេញបញ្ជាឲ្យបិទព្រំដែន ជាមួយកុងហ្គោ ភ្លាមៗជាកំហិត បន្ទាប់ពីប្រទេសខ្លួន កត់ត្រាករណីឆ្លងនាំចូល ហើយអ្នកធ្វើតេស្តវិជ្ជមានជំងឺអេបូឡា ចេះតែកើនច្រើនទៅៗ សូម្បីគ្រូពេទ្យក៏ឆ្លងដែរ។

យ៉ាងណា អ្វីដែលគួរឲ្យខ្លាចបំផុត គឺមេរោគអេបូឡាពូជថ្មីដ៏កម្រ ឈ្មោះ Bundibugyo ដែលមានភាពសាហាវ ជាមួយអត្រាសម្លាប់មនុស្សខ្ពស់ ខណៈអ៊ូហ្គង់ដា ក៏មានអ្នកឆ្លងពូជកម្រនេះ ៧ករណីហើយដែរ។

(រូប៖ Reuters)

វិធានការរបស់អ៊ូហ្គង់ដា កើតឡើងចំពេល អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នថា ការឆ្លងរាលដាលជំងឺអេបូឡា នៅ កុងហ្គោ គ្រប់គ្រងលែងបានហើយ។

ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយក្រុមមន្ត្រីមកពីបណ្តាញសហភាពអាហ្វ្រិក ដែលផ្សាយដោយសារព័ត៌មាន DW កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ថ្លែងថា ការផ្ទុះអេបូឡា នៅកុងហ្គោ និងអ៊ូហ្គង់ដា កំពុង រាលដាលលឿនជាងសមត្ថភាព ដែលក្រុមឆ្លើយតបបន្ទាន់ អាចទប់ស្កាត់បាន ទៅទៀត។

(រូប៖ Reuters)

ក្នុងអំឡុងពេលនោះ លោក Ghebreyesus ព្រមានថា ដោយសារតែ ភាពយឺតយ៉ាវ មិនអាចរកឃើញករណីឆ្លងឲ្យបានទាន់ពេល ជាហេតុធ្វើឲ្យអាជ្ញាធរសុខាភិបាល នៅដេញតាមពីក្រោយសភាពការណ៍ដែលវិវឌ្ឍឆ្ពោះទៅរកភាពអាក្រក់ ហើយជំងឺរាតត្បាតនេះ កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកសភាពកាន់តែអាក្រក់ខ្លាំង ទម្រាំវាធូរស្រាលមកវិញ។

គិតត្រឹមពេលនេះ មនុស្សសង្ស័យស្លាប់ ដោយសារជំងឺអេបូឡា នៅកុងហ្គោ បានកើនដល់ ២២០នាក់ហើយ និងឆ្លងជាង ៩០០ករណី ខណៈក្នុងចំណោមការឆ្លងភាគច្រើន គឺនៅខេត្ត Ituri៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម