Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនកុងហ្គោ ប្រមូលផ្តុំគ្នា ប្រារព្ធពិធីបុណ្យសាសនា ទាំងកំពុងផ្ទុះជំងឺ អេបូឡា ខ្លាំង

បានផុស

នៅ

ទោះជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងផ្ទុះឆ្លងរាលដាល ក្នុងកម្រិតយ៉ាងធ្ងន់ធ្ងរបំផុតក៏ដោយ ក៏ប្រជាជនប្រទេសនេះ មិនខ្លាចដែរ ដោយមនុស្សរាប់រយនាក់ នៅតំបន់ផ្សេងៗ បានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យសាសនាឥស្លាម Eid al-Adha។

(រូប៖ Reuters)

តាមការផ្សាយរបស់ Africa News កាលពីថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦, នៅតំបន់ Bunia អ្នកប្រតិប័ទសាសនាឥស្លាម ខ្ទង់រយនាក់ បានជួបជុំគ្នាធ្វើពិធីថ្វាយបង្គំ ពេលព្រឹក ទាំងមិនអនុវត្តតាមវិធានការបង្ការជំងឺ អេបូឡា។

ទោះមានការប្រកូកប្រកាស និងអំពាវនាវម្តងហើយម្តងទៀត ឲ្យរក្សាអនាម័យ និងគោរពតាមវិធានការទប់ស្កាត់ការឆ្លងរាលដាល, មនុស្សភាគច្រើនដែលចូលរួម ត្រូវគេមើលឃើញថា គឺមិនមានពាក់ម៉ាស ហើយក៏មិនបានរក្សាគម្លាតដែរ ដែលសកម្មភាពទាំងនេះ បង្កជាក្តីបារម្ភថ្មីបន្ថែមទៀត ពីសំណាក់អាជ្ញាធរសុខាភិបាល ជុំវិញការឆ្លងរាលដាល កាន់តែធ្ងន់ធ្ងរលើសដើម។

(រូប៖ Reuters)

រឿងនេះកើតឡើង ក្រោយពេលអង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នថា ការឆ្លងរាលដាលជំងឺអេបូឡា នៅ កុងហ្គោ គ្រប់គ្រងលែងបានហើយ។

ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយក្រុមមន្ត្រីមកពីបណ្តាញសហភាពអាហ្វ្រិក ដែលផ្សាយដោយសារព័ត៌មាន DW កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ថ្លែងថា ការផ្ទុះអេបូឡា នៅកុងហ្គោ និងអ៊ូហ្គង់ដា កំពុង រាលដាលលឿនជាងសមត្ថភាព ដែលក្រុមឆ្លើយតបបន្ទាន់ អាចទប់ស្កាត់បាន ទៅទៀត។

(រូប៖ Reuters)

គិតត្រឹមថ្ងៃពុធ ករណីមនុស្សសង្ស័យឆ្លងជំងឺអេបូឡា នៅកុងហ្គោ បានកើនលើស ១ ០០០នាក់ហើយ និងស្លាប់ មានចំនួន ១២១នាក់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកុងហ្គោ ផ្សាយដោយ Anadolu, មនុស្សសង្ស័យឆ្លង បានកើនដល់ ១ ០៧៧នាក់ ហើយអ្វីដែលបារម្ភខ្លាំងគឺថា ជំងឺអេបូឡា បានវាយលុកតំបន់សុខាភិបាល ១៣កន្លែង នៅទូទាំងខេត្តចំនួន៣ ដូចជា Ituri, North Kivu និង South Kivu។

អ្វីដែលកាន់តែបារម្ភខ្លាំងមួយកម្រិតទៀតនោះ គឺ បច្ចុប្បន្ន មនុស្សប្រហែល ៣ ៦០០នាក់ បានប៉ះពាល់ជាមួយអ្នកជំងឺ នាំឲ្យគេសន្និដ្ឋានថា តួលេខឆ្លង នឹងហក់ឡើងខ្ពស់ជាក់ជាមិនខានឡើយ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម