Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រឈមការវាយប្រហារបន្ថែមទៀត បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅទីក្រុង កាប៊ុល

បានផុស

នៅ

កងទ័ពអាមេរិកដែលកំពុងជួយជម្លៀសជនជាតិអាហ្វហ្គានីស្ថាន ដើម្បីគេចចេញពីការគ្រប់គ្រងរបស់ក្រុមតាលីបង់ កំពុងប្រឈមនឹងការវាយប្រហារបន្ថែមទៀតនៅថ្ងៃសុក្រនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមភេរវករសម្ព័ន្ធ ISIS បើកការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខ្លោងទ្វារ អាកាសយានដ្ឋានក្រុងកាប៊ុល ដែលមានមនុស្សកកកុញដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៦០ នាក់និងកងទ័ពអាមេរិក ១៣ នាក់។

វីដេអូដែលថតដោយអ្នកកាសែតអាហ្វហ្គានីស្ថាន បានបង្ហាញពីសាកសពរាប់សិបនាក់ នៅរាយប៉ាយជុំវិញប្រឡាយមួយ នៅជាយព្រលានយន្តហោះ។ សាក្សីបាននិយាយថា មានការផ្ទុះច្រើនលើកនិងការបាញ់កាំភ្លើងនៅទីនោះ។

សម្ព័ន្ធក្រុមរដ្ឋឥស្លាម ISKP (ISIS-K) ក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់របស់ខ្លួន បានកំណត់គោលដៅលើអ្នកបកប្រែនិងអ្នកដែលសហការជាមួយកងទ័ពអាមេរិក។

ប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាសងសឹកចំពោះការវាយប្រហារនៅទីក្រុងកាប៊ុល។ លោកនិយាយថា “យើងនឹងតាមរកអ្នកហើយឲ្យអ្នកសងវិញ ចំពោះអ្វីដែលអ្នកបានធ្វើ។ ខ្ញុំនឹងការពារផលប្រយោជន៍របស់យើង ចំពោះប្រជាជនរបស់យើងដោយគ្រប់វិធានការតាមបញ្ជារបស់ខ្ញុំ”។

កងទ័ពអាមេរិកចំនួន ១៣ នាក់ដែលស្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ គឺជាការបាត់បង់ដ៏អាក្រក់បំផុតក្នុងរយៈពេលត្រឹមមួយថ្ងៃ សម្រាប់កងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានចាប់តាំងពីការវាយប្រហារខែសីហាឆ្នាំ ២០១១ ទៅលើឧទ្ធម្ភាគចក្រ Chinook ដែលបានសម្លាប់យោធាចំនួន ៣០ នាក់។

ប្រធានាធិបតីអាមេរិកលោក Joe Biden

លោកឧត្តមសេនីយ៍ Frank McKenzie ប្រធានបញ្ជាការកណ្តាលអាមេរិកបាននិយាយថា មេបញ្ជាការអាមេរិកកំពុងប្រុងជើងការខ្ពស់ ចំពោះការវាយប្រហារដែលអាចកើតមានឡើងបន្ថែមទៀត។

លោកនិយាយថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីត្រៀមខ្លួន”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ មកស្គាល់ឲ្យច្បាស់ពីក្រុមដែលបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះទីក្រុង កាប៊ុល តើពួកគេជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម