ព័ត៌មានអន្ដរជាតិ
ផ្ទុះបាតុកម្មក្នុងប្រទេសមួយនៅ អឺរ៉ុប ប្រឆាំងការផ្ដល់ជំនួយយោធាឲ្យ អ៊ុយក្រែន
មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវនៅក្នុងទីក្រុង Prague កាលពីថ្ងៃសៅរ៍ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែក ពាក់ព័ន្ធនឹងអតិផរណាឡើងខ្ពស់ ជាពិសេសទាមទារឲ្យបញ្ចប់ការគាំទ្រផ្នែកយោធារបស់ប្រទេសសម្រាប់អ៊ុយក្រែន ។

សាធារណរដ្ឋឆែកបាននិងកំពុងប្រយុទ្ធប្រឆាំងកម្រិតអតិផរណាឡើងខ្ពស់ជាកំណត់ត្រាមិនធ្លាប់មានក្នុងរយៈពេល ១ ឆ្នាំ ដោយសារតែការកើនឡើងនៃតម្លៃថាមពល ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន ខណៈនៅក្នុងខែកុម្ភៈ អតិផរណាប្រចាំឆ្នាំនៅក្នុងសហភាពអឺរ៉ុប និងរដ្ឋជាសមាជិកអង្គការណាតូដែលមានប្រជាជន ១០.៥ លាននាក់មួយនេះ បានឈានដល់ ១៦.៧ ភាគរយ ។
លោក Jindrich Rajchl មេដឹកនាំគណបក្ស PRO និងជាអ្នករៀបចំបាតុកម្មបានប្រាប់ហ្វូងមនុស្សនៅកណ្តាលទីលាន Wenceslas Square ថា “យើងបានប្រមូលផ្តុំគ្នានៅទីនេះ ដើម្បីប្រកាន់ជំហរប្រឆាំងនឹងភាពក្រីក្រ ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់សាធារណរដ្ឋឆែក” ។

ក្នុងនោះក្រុមអ្នកតវ៉ាបានអំពាវនាវឲ្យរដ្ឋាភិបាលស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala លាលែងពីតំណែង ស្របពេលដែលលោក Rajchl បានលើកឡើងថា ក្រុមបាតុករចង់បានមេដឹកនាំដែលយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ពលរដ្ឋឆែកជាមុនសិន ជាជាងគិតដល់ប្រទេសដទៃ ។
ទន្ទឹមនោះ អ្នករិះគន់បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Fiala ថា បានយកចិត្តទុកដាក់ដល់អ៊ុយក្រែនខ្លាំងជាងពលរដ្ឋខ្លួនឯងទៅទៀត ជាពិសេសការផ្ដល់ជំនួយផ្នែកយោធា និងមនុស្សធម៌យ៉ាងច្រើនទៅឲ្យប្រទេសដែលកំពុងហែកហួរដោយសង្រ្គាម ចាប់តាំងពីប្រតិបត្តិការសឹករបស់រុស្ស៊ីបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។

ស្របពេលជាមួយគ្នានេះ ក្រុមអ្នកតវ៉ាក៏បានរិះគន់ដល់អង្គការណាតូផងដែរ ដោយពួកគេបានស្រែកឮៗដាក់ឧបករណ៍បំពងសំឡេងឲ្យហ្វូងមនុស្សហែកទង់ជាតិអ៊ុយក្រែនចេញអគារសារមន្ទីរជាតិនៅលើកំពូលនៃទីលាន Wenceslas Square ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ខណៈក៏មិនទាន់មានសញ្ញាថមថយណាមួយនៅឡើយផងដែរ ស្របពេលដែលបណ្ដាប្រទេសលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក នៅតែបន្តផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ France 24
ចុចអាន ៖ អ៊ុយក្រែន សុំឲ្យ អាមេរិក ជួយអាប់ដេតប្រព័ន្ធខែលការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


