ព័ត៌មានអន្ដរជាតិ
ឥណ្ឌានិងកាណាដា តឹងសរសៃ.ក ដាក់គ្នា ពាក់ព័ន្ធការស្លាប់ មេដឹកនាំចលនាបំបែកខ្លួន
រដ្ឋាភិបាលទីក្រុងញូវដែលីនៅថ្ងៃអង្គារទី១៩ខែកញ្ញា បានច្រានចោលការចោទប្រកាន់មិនសមហេតុផល របស់រដ្ឋាភិបាលកាណាដាដែលថា ភ្នាក់ងារឥណ្ឌា មានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំចលនាបំបែកខ្លួន Khalistan លោក Hardeep Singh Nijjar ដែលជាពលរដ្ឋកាណាដា។

លោក Nijjar ដែលជាអ្នកគាំទ្រប្តូរផ្តាច់ចំពោះចលនា Khalistan ស្វែងរកឯករាជ្យនៅក្នុងតំបន់ Punjab នៃប្រទេសឥណ្ឌា ត្រូវបានគេបាញ់កាលពីថ្ងៃទី១៨ខែមិថុនា នៅខាងក្រៅមជ្ឈមណ្ឌលវប្បធម៌ Sikh ក្នុងទីក្រុង Surrey នៃខេត្ត British Columbia។
ការបដិសេធនេះកើតឡើង បន្ទាប់ពីរដ្ឋាភិបាលកាណាដា សម្រេចបណ្តេញអ្នកការទូតជាន់ខ្ពស់ឥណ្ឌាម្នាក់កាលពីថ្ងៃចន្ទ ខណៈទីក្រុងអូតាវ៉ាកំពុងស៊ើបអង្កេតលើអ្វីដែលលោកនាយករដ្ឋមន្ត្រី Justin Trudeau ចាត់ទុកជារឿងគួរឲ្យជឿជាក់ដែលថា រដ្ឋាភិបាលឥណ្ឌាអាចមានទំនាក់ទំនងជាមួយការសម្លាប់សកម្មជន Khalistani។
លោក Trudeau បានថ្លែងសុន្ទរកថាបន្ទាន់មួយទៅកាន់សមាជិកសភា នៅរសៀលថ្ងៃចន្ទទី១៨ខែកញ្ញា ដោយជូនដំណឹងដល់ពួកគេថា ភ្នាក់ងារសន្តិសុខកាណាដា បាននិងកំពុងបន្តពិនិត្យការចោទប្រកាន់ដ៏គួរឲ្យជឿជាក់ នៃទំនាក់ទំនងរវាងភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌា និងការសម្លាប់លោក Nijjar នៅលើទឹកដីកាណាដា។

ទោះបីជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប ក្រសួងការបរទេសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍មួយថា “ការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងអំពើហិង្សាណាមួយនៅប្រទេសកាណាដា គឺជារឿងមិនសមហេតុផលទាល់តែសោះ និងមានរឿងនៅពីក្រោយខ្នង។ ការចោទប្រកាន់មិនច្បាស់លាស់បែបនេះ គ្រាន់តែជាការព្យាយាមបង្វែរចំណាប់អារម្មណ៍ពីក្រុមភេរវករ Khalistani និងពួកជ្រុលនិយម ដែលត្រូវបានផ្តល់ជម្រកនៅក្នុងប្រទេសកាណាដា និងបន្តគំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសឥណ្ឌាប៉ុណ្ណោះ។ ភាពអសកម្មរបស់រដ្ឋាភិបាលកាណាដាលើបញ្ហានេះ គឺជាក្តីព្រួយបារម្ភជាយូរមកហើយ”។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសបណ្តេញប្រមុខចារកម្មឥណ្ឌា នៅក្នុងប្រទេសកាណាដា ដោយសារតែការចោទប្រកាន់ថា ឥណ្ឌាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ ។ លោកស្រីនិយាយថា “ប្រសិនបើរឿងនេះពិតមែននោះ វានឹងក្លាយជាការរំលោភលើអធិបតេយ្យរបស់យើង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កាណាដា គំរាមពិន័យហាងផ្គត់ផ្គង់គ្រឿងទេសណា ដែលលក់ថ្លៃជ្រុល មិនគិតដល់ប្រជាជន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


