ព័ត៌មានអន្ដរជាតិ
កាសែតអាមេរិក WSJ ៖ អ៊ីស្រាអែល ចាប់ផ្ដើមបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស
កាសែតដ៏ល្បីល្បាញរបស់អាមេរិក Wall Street Journal (WSJ) បានចុះផ្សាយកាលពីអង្គារថា យោធាអ៊ីស្រាអែលបានចាប់ផ្តើមបូមទឹកសមុទ្រចូលពន្លិចបរិវេណផ្លូវរូងក្រោមដីដ៏ធំរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា ។

ដោយដកស្រង់សម្តីពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក, កាសែត WSJ បានរាយការណ៍ថា យុទ្ធសាស្ត្រដាក់ម៉ាស៊ីនបូមទឹកពន្លិចផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់កងម្លាំងអ៊ីស្រាអែល ក្នុងការបំផ្លាញ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដី ក៏ដូចជាកន្លែងលាក់ខ្លួនផ្សេងទៀតដែលប្រើប្រាស់ដោយប្រតិបត្តិកររបស់ក្រុមប្រដាប់អាវុធមួយនេះ ។
អត្ថបទនោះបានរ៉ាយរ៉ាប់ទៀតថា ប្រព័ន្ធផ្លូវរូងក្រោមដីត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស ដើម្បីរក្សាទុកសព្វាវុធផ្សេងៗដូចជា គ្រាប់រ៉ុកកែត និងគ្រាប់បែកដៃ ហើយទីតាំងទាំងនោះក៏អាចជាកន្លែងចេញបញ្ជាប្រយុទ្ធ និងគ្រប់គ្រងកម្លាំងទ័ពរបស់ពួកគេផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីអាមេរិកក៏បានបង្ហើបផងដែរថា យុទ្ធនាការបូមទឹកពន្លិចប្រព័ន្ធផ្លូវរូងក្រោមដីដែលមានប្រវែងប្រមាណ ៤៨០ គីឡូម៉ែត្រទំនងជាសម្រេចជោគជ័យត្រឹមរយៈពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតយក្សចំនួន ៧ គ្រឿងដែលសុទ្ធសឹងតែមានសមត្ថភាពបូមទឹករាប់ពាន់ម៉ែត្រគូបក្នុងរយៈពេល ១ ម៉ោង ។
ទោះយ៉ាងណា កន្លងមកផែនការនេះក៏មានការជំទាស់ និងមានក្ដីកង្វល់មួយចំនួនពីសំណាក់មន្ត្រីអាមេរិកផងដែរ ព្រោះថា គម្រោងការនេះអាចប៉ះពាល់ ក៏ដូចជាបង្កការខូចខាតដែលអាចកើតមានទៅដល់អាងស្តុកទឹក និងស្រទាប់ដីរបស់តំបន់ហ្គាហ្សា ជាពិសេសការប្រើប្រាស់ទឹកសមុទ្រអាចបង្កគ្រោះថ្នាក់ទៅដល់ការផ្គត់ផ្គង់ទឹកសាបទៅដល់តំបន់មួយនេះ ។
ម្យ៉ាងទៀត វាក៏អាចបង្កសោកនាដកម្មទៅដល់ចំណាប់ខ្មាំងក្នុងកម្រិតណាមួយផងដែរ ដោយសារតែកន្លងមកអ៊ីស្រាអែលធ្លាប់បានលើកឡើងហើយថា ក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំងប្រមាណ ២៤០ នាក់យកទៅដាក់ឃុំខ្លួននៅក្នុងកន្លែងផ្សេងៗជាច្រើន រួមទាំងផ្លូវរូងក្រោមដីផងដែរ បើទោះបីជាអាមេរិកជឿជាក់ថា មិនមានចំណាប់ខ្មាំងនៅក្នុងបណ្ដាញផ្លូវទាំងនោះក៏ដោយ ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ខណៈសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយពេលដែលការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ។
រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាសបានបន្តអូសបន្លាយពេលជាង ២ ខែមកហើយ ដោយក្នុងនោះក៏មានទាហានអ៊ីស្រាអែលជាង ១០០ នាក់បានបាត់បង់ជីវិតផងដែរ ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ១៨,៤០០ នាក់ត្រូវបានសម្លាប់ និង ៥០,១០០ នាក់រងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ចម្លើយសារភាពរបស់សមាជិកក្រុមហាម៉ាស ដែលលើកទង់ ស សុំចុះចាញ់ អ៊ីស្រាអែល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន