Connect with us

ព័ត៌មានអន្ដរជាតិ

ពិភពលោក កំពុងតាមដានកិច្ចប្រជុំបក្សកាន់អំណាច កូរ៉េខាងជើង

បានផុស

នៅ

នៅថ្ងៃពុធទី២៧ ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំចុងឆ្នាំរបស់គណបក្សកាន់អំណាចដែលមានការចូលរួមពីសំណាក់មេដឹកនាំគីម ជុងអ៊ុន ហើយគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងអនុម័ត ខណៈពិភពលោក ជាពិសេសប្រទេសលោកខាងលិច កំពុងតាមដានមើលយ៉ាងដិតដល់ជាទីបំផុត។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម បានប្រើប្រាស់កិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េនេះ ធ្វើជាវេទិកាមួយដើម្បីគូសបញ្ជាក់អំពីគោលនយោបាយក្នុងវិស័យនានាដូចជាសន្តិសុខ ការទូត និងសេដ្ឋកិច្ចជាដើម ហើយកិច្ចប្រជុំឆ្នាំនេះ កើតឡើងក្នុងឆ្នាំដែលទីក្រុងព្យុងយ៉ាង បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ទទួលជោគជ័យ និងកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ទំនើបបំផុតរបស់ខ្លួនផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក គីម បានកំណត់ថា ២០២៣ជាឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ និងជាសារៈសំខាន់ដ៏ធំធេង។ ទីក្រុងព្យុងយ៉ាង ទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងសម្រេចបានជោគជ័យលើគ្រប់វិស័យ សម្រាប់ការកសាងសង្គមនិយម និងពង្រឹងអំណាចជាតិ។

លោកក៏និយាយដែរថា សព្វាវុធយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងព្យុងយ៉ាង រួមទាំងផ្កាយរណបចារកម្មរបស់ខ្លួន បាននាំកូរ៉េខាងជើង ឡើងឋានៈជាអំណាចយោធាដោយឥតញញើតអ្នកណាទាំងអស់។

(រូបថត៖ KCNA)

តាមការចុះផ្សាយរបស់ KCNA, កិច្ចប្រជុំនេះនឹងលើកយកចំណុចគោលចំនួន៦មកពិភាក្សា រួមទាំងការពិនិត្យឡើងវិញអំពីការអនុវត្តគោលនយោបាយជាតិរបស់កូរ៉េខាងជើង ក្នុងអំឡុងឆ្នាំនេះ ក៏ដូចជាការសម្លឹងឆ្ពោះទៅមុខលើថវិកាជាតិនិងទិសដៅនៃការតស៊ូសម្រាប់ឆ្នាំ ២០២៤ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះកើតឡើង បន្ទាប់ពីលោក គីម បានព្រមានកាលពីសប្តាហ៍មុនថា ទីក្រុងព្យុងយ៉ាងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការវាយប្រហារនុយក្លេអ៊ែរឡើយ ប្រសិនបើមានអ្នកមកបង្កហេតុលើខ្លួន ខណៈប្រទេសនេះក៏ទើបតែសាកល្បងមីស៊ីល ICBM ទំនើបបំផុតប្រើឥន្ធនៈរឹងឈ្មោះ Hwasong-18 ជាលើកទីបីក្នុងឆ្នាំ ២០២៣ ផងដែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក គីម ជុងអ៊ុន ថា កូរ៉េខាងជើង មិនញញើតនឹងចុចប៊ូតុងនុយក្លេអ៊ែរ ឡើយ បើមានការបង្កហេតុពីសត្រូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម