ព័ត៌មានអន្ដរជាតិ
លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង់ចិត្តបង់កាយ ក៏ដូចជាផ្ញើព្រេងវាសនាប្រទេសជាតិនិងផ្ដល់សេចក្ដីទុកចិត្តទាំងស្រុងទៅលើលោក Oleksandr Syrsky ប្រមុខកងកម្លាំងប្រដាប់វុធដែលទើបតែងតាំងថ្មីថានឹងអាចជួយស្ដារមុខមាត់ស្ថានភាពសមរភូមិជួរមុខរបស់អ៊ុយក្រែនវិញបាន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៩ ខែកុម្ភៈកន្លងទៅ ។

ការអះអាងរបស់លោក Zelensky កើតមានឡើង បន្ទាប់ពីមេទ័ពកំពូលលោក Syrsky បានធ្វើការកត់សម្គាល់ជាសាធារណៈលើកដំបូង ចាប់តាំងឡើងកាន់តំណែងថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនត្រូវតែចេះសម្របខ្លួន និងរិះរកវិធីច្នៃប្រឌិតថ្មីក្នុងការច្បាំងដើម្បីឲ្យសម្រេចឲ្យបាននូវជ័យជម្នះលើភ្លើងសង្គ្រាមលុកលុយរបស់រុស្ស៊ី ។
លោកវរសេនីយ៍ឯក Syrsky បានសរសេរក្នុងបណ្ដាញ Telegram ថា “មានតែយន្តហោះគ្មានមនុស្សបើក និងគ្រឿងអេឡិចត្រូនិកដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះនឹងរុញឲ្យអ៊ុយក្រែនទទួលទង់ជ័យ ហើយលោកក៏បានណែនាំដល់អគ្គសេនាធិការអ៊ុយក្រែនឲ្យរៀបជើងព្រុលថ្មី ក៏ដូចជាដាក់ចេញយុទ្ធសាស្ត្រការពារជាជម្រើសទី១ សិន” ។
យុទ្ធសាស្ត្រនេះគឺធ្លាប់ជោគជ័យម្ដងរួចមកហើយ អំឡុងលោក Syrsky កាន់ការជាមេបញ្ជាការជើងគោកក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី ដោយនៅពេលនោះលោកមានភារកិច្ចដឹកនាំកងកម្លាំងអ៊ុយក្រែនចូលទៅក្នុងតំបន់នៃទីក្រុងកៀវ និងការវាយលុកនៅភាគខាងជើង ដែលក្រោយមក ទ័ពរុស្ស៊ីស្ម័គ្រចិត្តដកថយស្របតាមសំណើដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនាឆ្នាំដំបូងនៃសង្គ្រាម ។

លោក Syrsky បានឡើងក្ដោបក្ដាប់អំណាចជាមេទ័ពកំពូលអ៊ុយក្រែនជំនួសលោក Valeriy Zaluzhnyi កាលពីថ្ងៃទី៨ ខែកុម្ភៈ ស្របពេលដែលោក Zaluzhnyi ប៉ះទង្គិចពាក្យសម្ដីជាមួយលោក Zelensky ជុំវិញបញ្ហាកើតឡើងជាច្រើន បន្ទាប់ពីបាក់ទ័ពក្នុងការវាយដណ្ដើមយកទឹកដីភាគច្រើនដែលក្ដោបក្ដាប់ដោយរុស្ស៊ីក្នុងប្រតិបត្តិការវាយបកកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក៏ដូចជាបញ្ហាប្រឈមនៅក្នុងការផ្គត់ផ្គង់ជំនួយយោធាពីបងធំសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ខ្លួន ។
នៅខែកញ្ញាឆ្នាំដដែលនោះ ក្រោយកងកម្លាំងរុស្ស៊ី ដកថយពីតំបន់ Kharkov ដើម្បីទៅពង្រឹងកម្លាំងនៅកន្លែងផ្សេងតាមបណ្តោយខ្សែត្រៀមជួរមុខ លោក Syrsky បានបញ្ជាកងកម្លាំងអ៊ុយក្រែនម្តងទៀត ដោយនាំទ័ពចូលតំបន់ Soledar និង Bakhmut ភាគខាងកើត ប៉ុន្តែនៅពេលនោះលោករងការរិះគន់យ៉ាងចាស់ដៃ ដោយសារមានអ្នកចម្បាំងរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត មុនពេលកងកម្លាំងរបស់ទីក្រុងកៀវបានដកខ្លួនចេញក្នុងខែឧសភា ឆ្នាំ ២០២៣ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ