Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូននាវាយោធា ជាមួយទ័ព១០០០នាក់ទៅហ្គាហ្សា ដើម្បីសង់ផែ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃអាទិត្យទី១០ខែមីនា, នាវា​យោធា​អាមេរិក​មួយ​គ្រឿង ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់តំបន់​មជ្ឈិមបូព៌ា ដោយ​ដឹក​សម្ភារនានា​ដើម្បី​សាងសង់​ផែ​បណ្ដោះ​អាសន្ន​នៅ​ឆ្នេរ​សមុទ្រហ្គាហ្សា។

នាវាគាំទ្រឈ្មោះ General Frank S Besson (រូបថត៖ Wiki)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវាគាំទ្រឈ្មោះ General Frank S Besson បានចេញដំណើរពីមូលដ្ឋានយោធាក្នុងរដ្ឋ Virginia កាលពីថ្ងៃសៅរ៍ ហើយរឿងនេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកនឹងសង់ផែបណ្តែតទឹកដើម្បីជួយទទួលជំនួយទៅកាន់តំបន់ហ្គាហ្សាតាមសមុទ្រ។

តាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ ការសាងសង់ផែ ដោយមានជំនួយពីទាហាន១០០០នាក់ អាចចំណាយពេលដល់ទៅ៦០ថ្ងៃឯណោះ។

(រូបថត៖ បញ្ជាការកណ្តាលអាមេរិក)

ស្របពេលជាមួយគ្នានោះដែរ អង្គការសហប្រជាជាតិព្រមានថា គ្រោះទុរ្ភិក្សនៅតំបន់ហ្គាហ្សាស្ទ្រីប ប្រហែលចៀសមិនរួចឡើយ ខណៈកុមារកំពុងស្រែកឃ្លានសឹងតែដាច់ពោះស្លាប់ទៅហើយ។

តាមពិតទៅ ដំបូងឡើយសហរដ្ឋអាមេរិកនិងហ្ស៊កដានី បានទម្លាក់ជំនួយពីអាកាសទេ ពោលគឺកាលពីថ្ងៃអាទិត្យ ភាគីទាំងពីរបានទម្លាក់ស្បៀងតាមឆ័ត្រយោងចំនួន១១ ៥០០ដែលរួមមានអង្ករ ម្សៅ ប៉ាស្តា និងអាហារកំប៉ុង ប៉ុន្តែមើលឃើញថា ការ​ផ្តល់​ជំនួយ​តាម​ផ្លូវគោក និងអាកាស​ពិតជាលំបាកនិង​គ្រោះថ្នាក់។

តួយ៉ាង កម្មវិធីស្បៀងអាហារពិភពលោក ត្រូវផ្អាកការដឹកជញ្ជូនជើងគោក បន្ទាប់ពីក្បួនរថយន្តរបស់ខ្លួន រងការបាញ់ប្រហារ និងការលួចប្លន់ ហើយកាលពីថ្ងៃសុក្រ មានសេចក្តីរាយការណ៍ថា មនុស្ស៥នាក់ ត្រូវបានសម្លាប់ដោយសារកញ្ចប់ជំនួយធ្លាក់ចំ ព្រោះឆ័ត្រយោងទម្លាក់មកខុសបច្ចេកទេស។

(រូបថត៖ Youtube)

សូមរម្លឹកឡើងវិញបន្តិច យោធាអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាសនិងជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាសលុកលុយចូលដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយក្នុងនោះ មនុស្សប្រហែល១២០០នាក់ត្រូវបានសម្លាប់ និង២៥៣នាក់ផ្សេងទៀត ត្រូវចាប់ជាចំណាប់ខ្មាំង។

ដោយឡែក ក្រសួង​សុខាភិបាលប៉ាឡេស្ទីន​ដែល​គ្រប់គ្រង​ដោយ​ក្រុម ហាម៉ាស អះអាង​ថា មនុស្ស​ជាង ៣០ ៩០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​តំបន់ ហ្គាហ្សា ចាប់​តាំង​ពី​ពេល​នោះ​មក។

មិនត្រឹមប៉ុណ្ណឹង ជម្លោះនេះ បង្កើតជាវិបត្តិមនុស្សធម៌កាន់តែខ្លាំងឡើងៗ ហើយអង្គការសហប្រជាជាតិព្រមានថា មនុស្សយ៉ាងតិច៥៧៦ ០០០នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ពោលគឺស្មើនឹងមួយភាគបួននៃពលរដ្ឋសរុប កំពុងប្រឈមមុខនឹងគ្រោះមហន្តរាយដល់កម្រិតអសន្តិសុខស្បៀងអាហារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ដាក់ផែនការផ្ដល់ជំនួយមនុស្សធម៌មួយច្រកទៀតឲ្យពលរដ្ឋនៅ ហ្គាហ្សា បន្ថែមលើការទម្លាក់ពីអាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម