ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ កើតជម្លោះផ្ទៃក្នុង រឿងយកនុយក្លេអ៊ែរអាមេរិក មកដាក់លើដីខ្លួន កៀករុស្ស៊ី
តាមសេចក្តីរាយការណ៍របស់ Reuters កាលពីថ្ងៃចន្ទទី២២ខែមេសា ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអង្គការណាតូ គឺប៉ូឡូញ កំពុងកើតជម្លោះផ្ទៃក្នុងមើលមុខគ្នាមិនចំ រឿងដាក់អាវុធនុយក្លេអ៊ែរអាមេរិក លើទឹកដីរបស់ខ្លួននៅជាប់មាត់ទ្វាររុស្ស៊ី ដោយនាយករដ្ឋមន្ត្រី Donald Tusk បានចេញមុខជំទាស់ ហើយសុំការពន្យល់ឲ្យបានច្បាស់ពីលោកប្រធានាធិបតី Andrzej Duda ចំពោះរឿងនេះ។

លោក Tusk គឺជាមេដឹកនាំគណបក្ស Civic Platform ដែលជាដៃគូជាន់ខ្ពស់នៅក្នុងសម្ព័ន្ធកំពុងកាន់អំណាចបច្ចុប្បន្ន។ សម្ព័ន្ធនេះបានឡើងកាន់អំណាចកាលពីខែធ្នូឆ្នាំមុន ដោយផ្តួលគណបក្សច្បាប់និងយុត្តិធម៌ (PiS) របស់លោក Duda ហើយចាប់តាំងពីពេលនោះមក អ្នកទាំងពីរតែងតែខ្វែងគំនិតគ្នាជានិច្ចលើបញ្ហាគោលនយោបាយ។
ក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Fakt លោក Duda បានលើកឡើងពីកិច្ចពិភាក្សាដែលកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន ចំពោះការចូលរួមរបស់ទីក្រុងវ៉ាសូវី ក្នុងកម្មវិធីចែករំលែកនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

ដោយសារតែរឿងនេះហើយ ទើបលោក Tusk ចេញមុខនិយាយថា “ខ្ញុំនឹងទៅជួបលោកប្រធានាធិបតី ព្រោះខ្ញុំចង់ដឹងអំពីចេតនារបស់គាត់។ ត្បិតប្រទេសប៉ូឡូញ ចង់បានអាវុធនិងរៀបចំឲ្យបានល្អតាមដែលអាចធ្វើបានក៏ពិត តែខ្ញុំក៏ចង់ឲ្យគំនិតផ្តួចផ្តើមណាមួយ ត្រូវរៀបចំឲ្យបានល្អដោយមានអ្នកទទួលខុសត្រូវដែរ។ យ៉ាងណា គំនិតដាក់បរមាណូរបស់អាមេរិកលើទឹកដីប៉ូឡូញគឺធំពេកហើយ វាធ្ងន់ធ្ងរណាស់”។
សូមបញ្ជាក់ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានគ្រាប់បែកទំនាញ ត្រូវបានដាក់ពង្រាយក្នុងប្រទេសជាសមាជិកអង្គការណាតូចំនួនប្រាំគឺ បែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួកគី។

យ៉ាងណា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសប៉ូឡូញ តែងជួបឧបសគ្គមិនអាចចូលរួមជាមួយក្លិបនេះបាន ប៉ុន្តែប្រសិនបើទីក្រុងវ៉ាសូវីនិងវ៉ាស៊ីនតោន ពិតជាសម្រេចបានគោលដៅនេះមែន នោះវានឹងនាំឲ្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់អង្គការណាតូ មកស្ថិតនៅលើព្រំដែននៃតំបន់ Kaliningrad របស់រុស្ស៊ី ក៏ដូចជាបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ទីក្រុងមូស្គូដែរ។
ឆ្លើយតបចំពោះរឿងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់ RT ថា រុស្ស៊ីនឹងចាត់វិធានការតបតចាំបាច់ទាំងអស់ ដើម្បីធានាសន្តិសុខរបស់ខ្លួន ខណៈអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏ព្រមានដែរថា សព្វាវុធណាមួយនៅក្នុងប្រទេសប៉ូឡូញ នឹងត្រូវចាត់ទុកជាគោលដៅស្របច្បាប់ បើជម្លោះយោធាដោយផ្ទាល់ជាមួយណាតូ ផ្ទុះឡើងមែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ូឡូញ ចាប់ខ្លួនបុរសម្នាក់ ដែលគេចាត់មក ឲ្យធ្វើឃាតលោក Zelensky
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


