ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ព្រមានថា គំនិតលោក Macron អាចបញ្ឆេះសង្គ្រាមលោកលើកទី ៣
រដ្ឋមន្ត្រីការបរទេសហុងគ្រីដែលជាសមាជិកអង្គការណាតូ លោក Peter Szijjarto បានស្តីបន្ទោសចំពោះការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron ពាក់ព័ន្ធរឿងបញ្ជូនទ័ពទៅកាន់អ៊ុយក្រែន ដោយព្រមានថា ទង្វើបែបនេះ នឹងបង្កឲ្យមានសង្គ្រាមលោកលើកទី៣ជាក់ជាមិនខានឡើយ។

នៅពេលត្រូវបានស្នើឲ្យវែកញែកអំពីហានិភ័យពាក់ព័ន្ធគំនិតលោក Macron ដាក់ពង្រាយកងទ័ពបារាំង ទៅគាំទ្រទីក្រុងកៀវ, លោក Szijjarto បានថ្កោលទោស ហើយថ្លែងទៅទូរទស្សន៍បារាំង LCI កាលពីថ្ងៃសុក្រទី៣ខែឧសភាថា ការលើកឡើងរបស់មេដឹកនាំបារាំង នឹងរួមចំណែកធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងៗ។
លោក Szijjarto ប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើសមាជិកណាតូណាមួយ បញ្ជូនទ័ពជើងគោកទៅ វានឹងក្លាយជាការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូនិងរុស្ស៊ី ហើយវានឹងក្លាយជាសង្គ្រាមលោកលើកទីបី ជាក់ជាមិនខានឡើយ។ អ្នកការទូតកំពូលហុងគ្រីរូបនេះ ក៏រិះគន់គំនិតរបស់លោក Macron ដែលថា អាវុធនុយក្លេអ៊ែររបស់បារាំង អាចការពារអឺរ៉ុបបានផងដែរ។

លោកព្រមានថា “បើពេលមានសន្តិភាព វាមិនអីទេ ប៉ុន្តែក្នុងសម័យសង្រ្គាម សេចក្តីថ្លែងការណ៍បែបនេះ អាចត្រូវបានបកស្រាយខុស ហើយបង្កផលវិបាកធ្ងន់ធ្ងរ។ ប្រសិនបើស្ថានការណ៍កញ្ជ្រោលធ្លាយដល់សង្រ្គាមនុយក្លេអ៊ែរជាសកលមែន មនុស្សគ្រប់គ្នានឹងចប់”។
ការព្រមាននេះ គឺកើតឡើងក្រោយពេលលោក Macron ផ្តល់បទសម្ភាសដល់សារព័ត៌មាន The Economist ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២ខែឧសភា ដែលលោកបានលើកឡើងថា ទីក្រុងប៉ារីស អាចបញ្ជូនទ័ព បើរុស្ស៊ី វាយបំបែកខ្សែត្រៀមជួរមុខ ប៉ុន្តែយ៉ាងណា សំណើនេះក៏តម្រូវឲ្យមានការជួយពីសំណាក់ទីក្រុងកៀវផងដែរ។

សូមបញ្ជាក់ នេះមិនមែនជាលើកទីមួយទេ ដែលមានសមាជិកអង្គការណាតូ ចេញមុខគំរាមផ្ទុះសង្គ្រាមលោកលើកទី៣ ជុំវិញការបញ្ជូនទ័ពទៅអ៊ុយក្រែន។ កាលពីខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani និយាយថា ការដាក់ពង្រាយកងទ័ពណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក ទៅសមរភូមិក្នុងប្រទេសអ៊ុយក្រែន អាចបណ្តាលឲ្យមានជម្លោះទ្រង់ទ្រាយធំជាសកល រហូតឈានដល់សង្គ្រាមលោកលើកទី៣តែម្តង។
ក្នុងអំឡុងបទសម្ភាសខាងក្រៅកម្មវិធី LetExpo នៅទីក្រុង Verona លោក Tajani បានបញ្ជាក់ច្បាស់ៗ ប្រឆាំងនឹងគំនិតដាក់ពង្រាយកងទ័ពណាតូនៅក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថា “ខ្ញុំគិតថា ណាតូ មិនគួរចូលអ៊ុយក្រែនទេ វានឹងក្លាយជាកំហុសមួយ។ យើងត្រូវជួយអ៊ុយក្រែនការពារខ្លួន ប៉ុន្តែការចូលទៅទីនោះដើម្បីធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី មានន័យថា ប្រថុយប្រថានបង្កសង្រ្គាមលោកលើកទីបី ពេកហើយ”។

ស្របពេលជាមួយគ្នានោះ លោក Tajani ក៏បានច្រានចោលនូវលទ្ធភាពបញ្ជូនកងទ័ពអ៊ីតាលី ទៅអ៊ុយក្រែនដែរ។
យ៉ាងណា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ។
វិមានក្រឹមឡាំងក៏ធ្លាប់ព្រមានដែរថា ប្រសិនបើលោកខាងលិច បញ្ជូនទ័ពទៅអ៊ុយក្រែនមែន ពួកគេច្បាស់ជាប្រថុយ បង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់មិនអាចចៀសបានរវាងណាតូ និងរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើណាតូ បញ្ជូនទ័ពទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


