Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម ៧ ថ្ងៃ ទឹកជំនន់នៅភាគខាងត្បូង ប្រេស៊ីល ឆក់យកជីវិតមនុស្ស ៧៥ នាក់

បានផុស

នៅ

ទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីលបានឆក់យកមនុស្សយ៉ាងហោចណាស់ ៧៥ នាក់ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ ខណៈមនុស្ស ១០៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP កាលពីថ្ងៃទី​៥ ខែឧសភាកន្លងទៅ ។

យ៉ាងហោចណាស់មនុស្ស ១៥៥ នាក់បានរងរបួស ខណៈដែលការខូចខាត ដោយសារទឹកជំនន់បានបង្ខំមនុស្សជាង ៨៨,០០០ នាក់ជម្លៀសចេញពីផ្ទះរបស់ពួកគេ ហើយមានប្រហែល ១៦,០០០ នាក់បានជ្រកកោននៅក្នុងសាលារៀន កន្លែងហាត់ប្រាណ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត ។

ទឹកជំនន់នេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ រួមទាំងការបាក់ដី ជន់លិចផ្លូវ បាក់ស្ពាន ដាច់ចរន្តអគ្គិសនី ទឹកស្អាត និងសេវាទូរស័ព្ទជាដើម ដោយមនុស្សជាង ៨០០,០០០ នាក់គ្មានការផ្គត់ផ្គង់ទឹកស្អាតនោះទេ ។ ទន្ទឹមនោះប្រធានាធិបតីប្រេស៊ីលលោក Luiz Lula da Silva ក៏បានចុះទៅពិនិត្យទីក្រុង Rio Grande do Sul ផងដែរ ខណៈទឹកជំនន់នាពេលនេះគឺវាយប្រហារយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកឡើយ ។

គួរបញ្ជាក់ថា នៅទូទាំងអាមេរិកខាងត្បូងបានរងផលប៉ះពាល់ដោយបាតុភូត El Nino ជាព្រឹត្តិការណ៍ធម្មជាតិមួយបណ្ដាលឲ្យផ្ទៃទឹកឡើងកំដៅនៅក្នុងតំបន់អេក្វាទ័រប៉ាស៊ីហ្វិក ខណៈនៅប្រទេសប្រេស៊ីល បាតុភូត El Nino បានបង្កឲ្យមានគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រនៅភាគខាងជើង និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម