ព័ត៌មានអន្ដរជាតិ
តើនរណាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ បើលោក សេដ្ឋា អស់តំណែង?
បច្ចុប្បន្នប្រទេសថៃកំពុងស្ថិតក្នុងភាពចលាចលផ្នែកនយោបាយ ជាពិសេសពាក់ព័ន្ធនឹងការរង្គោះរង្គើតំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន អាចប្រឈមនឹងអស់កៅអីមួយនេះ ក្រោយរឿងតែងតាំងរដ្ឋមន្ត្រីទៅឲ្យអតីតមេធាវីដែលជាប់ក្ដីក្ដាំព្រហ្មទណ្ឌ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ។

សមាជិកព្រឹទ្ធសភាចំនួន ៤០ រូបបានដាក់ញត្តិទៅតុលាការឲ្យដកតំណែងលោក សេដ្ឋា ដោយសារតែបានបំពានរដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានតែងតាំងលោក Pichit Chuenban ធ្វើជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីកាលពីខែមុន ព្រោះអតីតមេធាវីរូបនេះខ្វះសុចរិតភាព និងបទដ្ឋានសីលធម៌ដែលតម្រូវដោយរដ្ឋធម្មនុញ្ញ ជាពិសេសលោកជាប់ពាក់ព័ន្ធទោសព្រហ្មទណ្ឌ ។
ក្នុងនោះចៅក្រមតុលាការធម្មនុញ្ញចំនួន ៦ រូប ក្នុងចំណោមចៅក្រមទាំង ៩ រូបបានបោះឆ្នោតគាំទ្រ ក៏ដូចជាទទួលយកញត្តិពីសមាជិកព្រឹទ្ធសភាទាំង ៤០ រូប ដោយលើកហេតុផលថា លោក Pichit ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីឆ្នាំ ២០០៨ ពីបទមិនគោរពតុលាការ ក្រោយមានការចោទប្រកាន់ថា បានប៉ុនប៉ងសូកប៉ាន់មន្ត្រីតុលាការចំនួន ២ លានបាត (៥៥,២១៨ ដុល្លារ) ដោយលាក់លុយនៅក្នុងថង់គ្រឿងទេសមួយ ខណៈអាជ្ញាប័ណ្ណច្បាប់របស់លោកក៏ត្រូវបានក្រុមប្រឹក្សាមេធាវីនៃប្រទេសថៃព្យួររយៈពេល ៥ ឆ្នាំផងដែរ បន្ទាប់ពីមានករណីនេះ ។

ទន្ទឹមនោះ ប្រសិនបើលោក សេដ្ឋា ត្រូវដកចេញពីតំណែងមែននោះ រដ្ឋធម្មនុញ្ញថៃបានចែងហើយថា សភាត្រូវបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីពីបេក្ខជននាយករដ្ឋមន្ត្រីដែលស្នើឡើងក្នុងការបោះឆ្នោតលើកចុងក្រោយដោយគណបក្សនយោបាយដែលមានសមាជិកសភាយ៉ាងតិច ២៥ រូប ហើយអ្នកឈ្នះត្រូវតែទទួលបានសំឡេងច្រើនជាងពាក់កណ្តាលពីសភាជាន់ទាប ឬ ២៥០ សំឡេងក្នុងចំណោមសមាជិកសភាចំនួន ៥០០ រូប ។
ស្របពេលជាមួយគ្នានេះ ផ្អែកលើបេក្ខជននាយករដ្ឋមន្ត្រីដែលស្នើឡើងក្នុងការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០២៣ និងមានសមាជិកសភាគ្រប់ ២៥ រូបអាចមាន ៥ គណបក្សនយោបាយដូចជា៖

១. គណបក្សភឿថៃ ដែលមានអាសនៈសមាជិកសភាចំនួន ១៤១ បានស្នើបេក្ខភាពនាយករដ្ឋមន្ត្រីចំនួន ៣ រូបគឺលោក សេដ្ឋា, លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា និងលោក Chaikasem Nitisiri ។ លោកស្រី ផេថងថាន ដែលជាកូនស្រីរបស់ស្ថាបនិកបក្សភឿថៃ និងជាអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន អាចមានឱកាសច្រើនជាងលោក Chaikasem ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានយុទ្ធសាស្ត្រនយោបាយរបស់បក្សភឿថៃ ។
២. គណបក្សចលនាឆ្ពោះទៅមុខ (MF) ដែលមានអាសនៈសមាជិកសភាចំនួន ១៥១ រូបបានស្នើតែលោក Pita Limjaroenrat ប៉ុណ្ណោះជាបេក្ខជននាយករដ្ឋមន្ត្រី ។ ស្របពេលបច្ចុប្បន្នបក្សនេះស្ទើរតែផុតដង្ហើមទៅទៀត ជុំវិញគោលនយោបាយធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ដូច្នេះឱកាសនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនោះ គឺតិចតួចស្ដួចស្ដើងមែនទែន ។
៣. គណបក្សភូមិចៃថៃ ដែលមាន ៧១ អាសនៈបានដាក់មេដឹកនាំរបស់ខ្លួនគឺលោក Anutin Charnvirakul ជាបេក្ខជននាយករដ្ឋមន្ត្រី ។ លោក Anutin អាចនឹងមានទឹកមាត់លេបក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣១ របស់ថៃ ប្រសិនបើគណបក្សរបស់លោកទទួលបានសំឡេងភាគច្រើនក្នុងរដ្ឋាភិបាលចម្រុះ ។
៤. គណបក្សប៉ាឡាំង ប្រ៉ាឆារដ្ឋ ដែលមានអាសនៈសមាជិកសភាចំនួន ៤០ បានស្នើមេដឹកនាំរបស់ខ្លួនគឺលោកឧត្តមសេនីយ៍ Prawit Wongsuwan ជាបេក្ខជននាយករដ្ឋមន្ត្រី ។ លោកត្រូវបានគេជឿថាជាអ្នកនៅពីក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ខណៈឱកាសរបស់លោក Prawit ក្នុងការក្លាយជានាយករដ្ឋមន្ត្រីគឺពិបាកនឹងគួរឲ្យជឿណាស់ ។
៥. គណបក្សរួបរួមជាតិថៃ ដែលមានអាសនៈសមាជិកសភាចំនួន ៣៦ បានស្នើអតីតនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងលោក Pirapan Salirathavibhaga ជាបេក្ខជននាយករដ្ឋមន្ត្រី ។ យ៉ាងណាក៏ដោយ លោក ប្រាយុទ្ធ មិនមានសិទ្ធិទទួលបានតំណែងនេះទៀតនោះទេ ខណៈពេលនេះលោកជាទីប្រឹក្សាឲ្យក្រុមហ៊ុនឯកជនមួយកន្លែង ។
គួរបញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយពាក់ព័ន្ធនឹងរឿងរ៉ាវដកតំណែងរបស់អតីតឧកញ៉ាសេដ្ឋីអចលនទ្រព្យរូបនេះដែរ តុលាការសុំឲ្យមានការពន្យល់ជាលាយលក្ខណ៍អក្សរពីលោក សេដ្ឋា នៅថ្ងៃទី៧ ខែមិថុនា ហើយតុលាការក៏នឹងពិចារណាលើសំណុំរឿងនេះរយៈពេល ២ ទៅ ៣ ខែ មុននឹងចេញសាលក្រមសម្រេចជាផ្លូវការផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin នឹងបំពេញទស្សនកិច្ចនៅ កម្ពុជា នាដើមខែក្រោយ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


